ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ សំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​អ្ន​ក​ជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ខូវីត​១៩​​ នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន
នាយកដ្ឋានព័ត៌មាន(៣)
42
1525 សម្តេចពិជ័យសេនា ទៀ បាញ់ សំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​អ្ន​ក​ជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ខូវីត​១៩​​ នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​អ្ន​ក​ជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ខូវីត​១៩​​ នៃ​កង​ទ័ព​រំ​ដោះ​ប្រជាជន​ចិន​ ដែល​ត្រូវ​បាន​មក​កាន់​ប្រទេស​កម្ពុជា​។​

     តាមរបាយការណ៍របស់ វរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធាន​ក្រុម​គ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំង​ជំងឺ​ខូវីត​១៩ ​បាន​ជម្រាបជូនថា៖ យោងតាមស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺខូវីត១៩​ ​នៅកម្ពុជា​ និង​យោងតាមសំណូមពរ​របស់​អនុព័ន្ធ​យោធាចិ​ន​ប្រចាំ​កម្ពុជា​ ក្រសួង​ការ​ពារ​ប្រទេស​ចិន​ បាន​ចាត់​តាំង​ក្រុម​ការ​ងារ​៤​រូប​ រួម​ជា​មួយ​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​មក​កម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញ​បេសក​កម្មនៅ​ក្រៅ​ប្រទេស​។​ គ្រូពេទ្យ​ទាំង​៤​រូប​នេះ ​រួមមាន ​សាស្ត្រាចារ្យ ៣​រូប​ សាស្ត្រា​ចារ្យ​រង​ ១រូប​ មាន​ជំនាញជំងឺ​ឆ្ល​ង សម្លាប់​មេរោគ រក​មេរោគ ​បង្ការ និងមានភារកិច្ច​ស្រាវជ្រាវហ្វឹកហ្វឺន​បច្ចេកទេស ហើយ​ក្នុងពេល​ដំណើរការក្រុម​ការងា​រនេះ​ បានរៀបចំ​ផែន​ការ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ឧបករ​ណ៍ សម្ភារៈ និងមធ្យោបាយ​គ្រប់​ប្រភេទ ​ត​ភ្ជាប់​ពី​ជួរ​មុខ​ដល់​ជួរ​ក្រោយ​។​ ទន្ទឹ​មនេះ ​លោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ក៏បា​ន​បញ្ជាក់​បន្ថែម​ថា​៖  ចំពោះ​វិធាន​ការ​​ដែល​ត្រូវបង្ហាត់​បង្រៀន​ក្រុម​គ្រូពេទ្យ​បង្គោល​ ក្នុង​កងយោធពល​ខេមរភូមិន្ទ​ នៅ​ថ្ងៃទី២៧​ ខែមីនា ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ ​រួមមាន ទី១៖​ គ្រប់​គ្រ​ងអ្នកឆ្លងវីរុសខូវីត​១៩​ ឲ្យមានវិធីសាស្ត្រ​ល្អ​ ដាក់​ដោយ​ឡែក ​ស្វែង​រក​អ្ន​ក​ប្រា​ស្រ័យ​ទំនាក់​ទំនង​ ដើម្បីធ្វើការវិនិច្ឆ័យ​បន្ត​​។ ​ទី២៖​ កាត់​ផ្តាច់​ការ​ចម្ល​ងបន្ត ​កុំឲ្យ​មាន​ការ​កើនឡើង​ ការពារផ្ទាល់​ខ្លួន​តាម​រយៈ​ពាក់​ម៉ាស​ និង​ថែរក្សា​អនាម័យ​ជាប់​ជា​ប្រចាំ ​និង​ទី៣៖​ មាន​វិធានកា​រ​ការ​ពារមន្ត្រី​ជួរ​មុខ​ នោះ​គឺ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឆ្លង​វីរុស​ខូវិត១៩​​ តា​ម​រយៈប្រើប្រាស់​ឧបករណ៍​ សម្ភារៈ​ និង​មធ្យោ​បាយ​គ្រប់​ប្រភេទ​តាម​លក្ខណៈ​បច្ចេក​ទេស​។​

     នៅក្នុង​ពិធី​សំណេះសំ​ណាល​នេះ ​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ន​នេះ ​ជំងឺខូវីត​១៩​កំពុងរី​ករាល​ដាលពាស​ពេញពិភពលោក ប៉ុន្តែ​ក​ងទ័​ព​ប្រទេសទាំ​ងពីរកម្ពុជា-ចិន បាន​រួម​ចិត្ត​តែ​មួយ ​គៀក​ស្មាគ្ នាដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​លំបាក​មួយ​នេះ​នៅ​កម្ពុជា ​ពី​ព្រោះ​រដ្ឋាភិបាល ប្រជាជន​ និង​កង​ទ័ព​ចិន​ មិន​អាច​បំភ្លេចបានឡើយ នៅ​ពេល​ដែល​កម្ពុជា​ជួប​ការ​លំបាក​នៅ​ការរីករាល​ដាល​ជំងឺ​ខូវិត​១៩​នេះ​ ដូច​នេះ​យើង​ត្រូវ​ស្រលាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ នា​ពេល​កន្ល​ងមក​ នៅ​ពេល​ប្រទេស​ចិន​ ជួបការលំបាក​ដោយ​សារកា​ររីក​រាល​ដាល​ជំងឺ​ខូវីត​១៩​នេះ​ រាជរដ្ឋាភិបាល​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​ជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹង​ជូនដ​ល់​មិត្ត​ចិន​ រហូតមកដល់ពេលនេះ ​កា​រប្រយុទ្ធប្រឆាំងជំងឺខូវីត១៩ នៅប្រទេសចិនទទួលលទ្ធផល​គួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹង​មក​ជួយ​ដោះ​ស្រាយ​ជា​មួយ​មិត្ត​កម្ពុជា​វិញ​ តាមរយៈការជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំងជំ​ងឺខូវីត១៩​ មួយចំនួន​ធំ​ និ​ង​បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ព មកជួយផងដែរ។ លោកបា​ន​រំឮកប​ន្ថែមថា៖ កាល​ពីថ្ងៃ​ទី២៣​ ខែ​មីនា ​ឆ្នាំ​២០២០​ រដ្ឋាភិបាលចិនបាន​បញ្ចូនក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ៧រូប​ រួមជា​មួយ​ឧបករណ៍ សម្ភារៈពេទ្យ​មួយ​ចំនួន​ បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺខូវីត១៩​ដំបូង ​ដែលប្រទេសចិន​ បាន​បញ្ជូន​ចេញទៅ​​បេសកក​ម្ម​ នៅតំបន់​អាស៊ី​អាគ្នេយ៍​ «អាស៊ាន»។ នៅថ្ងៃទី​២៤​ ខែ​មីនា ​ឆ្នាំ​២០២០​ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ​ នៃ​កង​ទ័ព​រំដោះ​ប្រជាជនចិន​ចំនួន​៤រូប ​ដឹកនាំ​ដោយ​ លោកវរសេនីយ៍​ឯក​ពិសេស​ ជាង​ ជែ​ ហ្វូ​ (Jiang Jia fu) ដែល​ជា​ក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាព​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ខ្ពស់​ បាន​បំពេញ​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដង​ ដូច​ជា​ ចូល​រួម​បេសកកម្ម​រក្សាសន្តិភាពរបស់​អង្គការ​សហប្រជាជាតិ ​បាន​មក​ដ​ល់ប្រទេស​កម្ពុជា​វិញ​ដែរ​។​ ក្រុម​នេះបា​ន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវនៅនឹងកន្លែង​ផ្ទាល់​ ដែល​មា​នការ​ឆ្លង​កាត់​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ក្នុងប្រទេសចិន​អស់​ជា​ច្រើន​លើក​មក​ហើយ​។​ លោក​បាន​បញ្ជាក់​បន្ថែ​មថា​៖ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិ​តសភា​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​យោធាចិ​ន​ ដែល​ជាស្ថាប័នមួយបានបង្កើត​វ៉ាក់​សាំង​ការពារ​ជំងឺ​អេបូឡា​ដំបូង​បង្អស់​នៅ​លើ​ពិភព​លោក​ ទទួលបានជោគជ័យ​។ នាពេលថ្មីៗនេះ ក៏បានបង្កើត​វ៉ាក់សាំង​ការពា​រជំងឺ​ខូវិត​១៩​ ប្រក​បដោយ​ជោគ​ជ័យ​ បច្ចុប្បន្ន​វ៉ា​ក់​សាំង​នេះ​បាន​ដាក់​ចូល​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ផង​ដែរ​។

     នៅក្នុងពិធីសំណេះសំណាល សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា​ភិ​បាល​ ប្រជាជន​ កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន ដែលមានសន្តាន​ចិត្ត​ដ៏ល្អប្រពៃ បញ្ជូនក្រុមគ្រូពេទ្យចិន មកចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​កា​ររីករាលដាល​ជំងឺខូវីត១៩​ នៅកម្ពុជានាពេលនេះ។ ការងារនេះ បានផ្តួចផ្តើមឡើងក្រោមកិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​​មួយ​មិត្ត​ចិន​ មិត្តដែកថែក មិត្តអមតៈ ដែលជាផ្លែផ្កាកើតចេញពីទំនាក់ទំនងជាប្រពៃណី ​ចំណង​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ស៊ី​ជម្រៅ​ និង​យុទ្ធសាស្ត្រ​គ្រប់ជ្រោយ ក្រោមការដឹកនាំអគ្គមគ្គុទេស​ក៏​ការ​ទូត​ដ៏ឆ្នើម​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមា​និត​ចិន​។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ វត្តមានក្រុមគ្រូពេទ្យកងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កម្ពុជា​នា​ពេល​នេះ ​បានលើកទឹកចិត្តដល់​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា​ខិត​ខំ​សិក្សា ​ដក​ស្រង់​ចែក​រំលែក​បទ​ពិសោធន៍ ​សំដៅ​លើក​កម្ពស់​សមត្ថភាព​ក្រុម​គ្រូ​ពេទ្យ​កម្ពុ​ជា ដើម្បី​បង្ការ​ ទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺ​ខូវីត​១៩​ជួយ​សង្គ្រោះ​អាយុជីវិត​ដ​ល់ប្រជាជ​នក​ម្ពុជា។ សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះ លោក វ៉ាង វិនធាន (Wang Wen Tian) ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោកវរសេនីយ៍ឯក លី ជីង ហ្វឹង ប្រធាន​​ការិយាល័យ​អនុព័ន្ធ​​យោធា​ចិន​ប្រចាំ​កម្ពុជា​ ដែលបានជួយ​សម្រប​សម្រួល​ការ​ងារ​គ្រប់​បែប​យ៉ាង​ ក្នុង​ការ​បញ្ជូនក្រុមគ្រូពេទ្យ​ចិន​មក​កម្ពុជា​នា​ពេល​នេះ ​តាម​សំណើ​របស់​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​ជា​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចេញ​ដំណើរ​លើក​ដំបូងស​ម្រាប់​ជួយ​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភព​លោក​ ដូច​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សូម​ចង​ចាំ​ជា​និច្ចទុក​ក្នុង​ប្រវត្តិសាស្ត្រ​សាមគ្គី​ភាព​ជាតិ​ រវាង​កង​ទ័​ពប្រទេសទាំ​ង​ពីរ​កម្ពុជា​-​ចិន ​តាម​ពាក្យស្លោកពោលថា៖ «មិត្តល្អស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

    សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា៖ ដោយមានការ​ជួយ​គាំទ្រ​ឧបត្ថម្ភ​ទាំង​ការ​ហ្វឹក​ហ្វឺន​ លើក​កម្ពស់​ជំនាញ​បច្ចេ​កទេស ​ការ​ផ្គត់ផ្គង់​សម្ភា​រៈបរិក្ខា​ពេទ្យ​ និង​ដោយមានកិច្ចសហការ​យ៉ាង​ជិត​ស្នីទ្ធ​ពី​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នា​ពេល​នេះ ​ក្រុម​គ្រូពេទ្យកម្ពុជា ​នឹង​ទទួល​បាន​បទ​ពិសោធន៍​សម្រាប់​បង្ការ​ ការ​ពារ ​ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ ខូវីត១៩នៅកម្ពុជានា​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន​ឡើយ។ ទន្ទឹមនេះ ​សម្តេច​ពិជ័​យសេ​នា បានផ្តល់អនុសាសន៍​ដល់​ថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​សុខាភិបាល​ និង​មន្ទីរពេទ្យព្រះកេតុមាលា​បន្តយក​ចិត្ត​ទុកដាក់លើ​ការ​ងារ​មួយ​ចំនួន ​ដូច​តទៅ​ ៖

     * សហការឲ្យបានជិតស្នីទ្ធបំផុតជាមួយក្រុមគ្រូពេទ្យចិន ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុ​មាលា​ និង​សម្របសម្រួលសេវា​ការងារគ្រប់បែបយ៉ាង ដើម្បីធានានិរន្តរភាពការងារប្រចាំថ្ងៃឲ្យបានល្អ និងមានប្រសិទ្ធភាព។

     * គ្រប់គ្រងគ្រូពេទ្យបង្គោ​ល​ដែល​មាន​ភារកិច្ចមកចូលរួមរៀនសូត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ គោរពវិន័យ ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ​ពី​ក្រុមគ្រូពេទ្យចិន ដែលមកបង្ហាត់បង្រៀន សម្រាប់យកទៅអនុវត្តការងារ ដើម្បីបង្ការ ទប់ស្កាត់ ការរីក​រាល​ដាល​ជំងឺ​កូវីដ១៩ ​ជូនប្រជាជន ឲ្យមានប្រសិទ្ធភាព។

    * បន្តធ្វើការផ្សព្វផ្សាយ ឲ្យកាន់ តែសកម្មថែមទៀតដល់ក្រុមគ្រូពេទ្យកងទ័ពទាំងអស់ក្នុងកងយោធ​ពល​ខេមរ​​ភូមិន្ទ ត្រូវអនុវត្តវិធានការអនាម័យ គឺ “អនាម័យស្អាត ហូបស្អាត រស់នៅស្អាតនាំមកនូវសុខភាពល្អ” ដោយ​ចាប់​ផ្តើមអនាម័យពីយើងម្នាក់ៗជាគំរូ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក្រុមគ្រូពេទ្យយើង មន្ទីរពេទ្យយើង កងទ័ពយើង ប្រទេសយើង ឲ្យបានស្អាត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ