ព័ត៌មាន

កម្ម​វិ​ធី​ផ្តល់​នូវ​សម្ភារៈ​មនុស្ស​ធម៌​ រវាង​កង​ទ័ព​រំដោះប្រជាជន​ចិ​ន ដើម្បីជួយដល់រាជរដ្ឋា​ភិបាល​កម្ពុជា​ ប្រយុទ្ធប្រឆាំង​ នៃ​ការរីករាលដាលនូវជំងឺខូវិត-១៩
នាយកដ្ឋានព័ត៌មាន(៣)
72
1519 កម្ម​វិ​ធី​ផ្តល់​នូវ​សម្ភារៈ​មនុស្ស​ធម៌​ រវាង​កង​ទ័ព​រំដោះប្រជាជន​ចិ​ន ដើម្បីជួយដល់រាជរដ្ឋា​ភិបាល​កម្ពុជា​ ប្រយុទ្ធប្រឆាំង​ នៃ​ការរីករាលដាលនូវជំងឺខូវិត-១៩

    ចិន​​នឹង​បញ្ជូន​ក្រុមគ្រូពេទ្យជំនាញ​របស់ខ្លួន​មក​កាន់​កម្ពុជា​ ដើម្បីជួយកម្ពុជាប្រឆាំង​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​។ វរសេនីយ៍​ឯក​ពិសេស​ របស់​កងទ័ពរំដោះប្រជាជនចិន លោក ចាង ធីរិន បានអះអាងថា៖ រដ្ឋាភិ បាល​ចិន​ នឹង​រៀប​ចំ​បញ្ជូនក្រុមគ្រូពេទ្យជំនាញ​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បីជួយដល់រាជរដ្ឋា​ភិបាល​កម្ពុជា​ ប្រយុទ្ធប្រឆាំង​ នៃ​ការរីករាលដាលនូវជំងឺខូវិត-១៩ នាពេលឆាប់ៗខាងមុខនេះ ខណៈដែលជំងឺកាចសាហាវ​មួយ​នេះ​ កំពុងបន្តកើនឡើងនៅប្រទេសកម្ពុជានោះ។

     ថ្លែងនៅក្នុងកម្មវិ​ធីផ្តល់​នូវ​សម្ភារៈ​មនុស្ស​ធម៌​ រវាង​កង​ទ័ព​រំដោះប្រជាជន​ចិ​ន ដែល​បាន​មក​ចូល​រួម​ធ្វើ​សមយុទ្ធនាគ​មាស​ជា​មួយ​កម្ពុជា​ លើ​របៀប​វរៈ​ប្រយុទ្ធប្រឆាំងភេរវកម្ម នៅទីលានហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត ​នាថ្ងៃទី​២១​ ខែ​មីនា​ ឆ្នាំ២០២០ កន្លងទៅនេះ លោក​វរសេនីយ៍ឯ​ក​ពិសេស​ ចាង​ ធា​រិន​ បាន​លើក​ឡើងថា​៖ «ក្នុ​ង​ពេលឆាប់ៗនេះ រដ្ឋាភិបាលចិននឹង​រៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យ​ជំនាញពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា​ ប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ហើយការមកជួយរបស់​ក្រុម​គ្រូពេទ្យនេះ បានបង្ហាញពីទឹកចិត្តរបស់ចិន ចំពោះមិត្ត យល់ចិត្តកម្ពុជា ដែលជាមិត្តដែកថែបរបស់​ចិន​យ៉ាង​ពិត​ប្រាកដ ​និង​ពិតជាសហគមន៍​ជោគ​វាសនា​រួម​ ដែលដកដង្ហើមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នាយ៉ាង​ពិត​ប្រាកដ​នោះ»​។​ លោកចាង ធារិន បា​ន​បន្តទៀត​ថា​៖ ខណៈដែលសម​យុទ្ធរួមគ្នា​រវា​ង​កង​យោធពល​ខេមរភូមិន្ទ ​និង​កងទ័ពរំដោះប្រជាជនចិន កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកលើ​របៀប​វរៈ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នេះ​ ភាគី​ទាំង​ពី​រក៏បានធ្វើ​កិច្ចការងារ​មនុស្សធម៌​ព្រម​​គ្នា​ផ​ងដែរ​ ដែលសកម្មភាព​នេះប​ង្ហាញ​ថា​ កងទ័ពកម្ពុជា ​និងក​ងទ័ពចិន​កាន់​តែជិតស្និត​គ្នា​យ៉ាង​ខ្លាំង​។​ មន្រ្តីយោធាចិនរូប​នេះ​បាន​បញ្ជាក់ប​ន្ថែម​ថា​៖ «បើទោះ​បី​ពិភព​លោក​បច្ចុប្បន្ន​កំពុងមានវិធាន​ការ​ទៅនឹ​ង​ជំងឺ​រលាក​សួត​ បង្ក​ដោយ​វីរុស​កូរ៉ូណា ​ឬ​ខូវិត​១៩​ ប្រភេទ​ថ្មី​នេះ​យ៉ាង​ណាក្តី​ ក៏ការងារមនុស្ស​ធម៌​ នៃ​សម​យុទ្ធនាគ​មាស​កម្ពុជា-ចិន ​នៅតែបន្តធ្វើ​តាម​ការ​គ្រោង​ទុក​ ដោយ​កា​រងា​រ​សប្បុរស​ធម៌​ គឺ​ជាកិច្ចការ​ដ៍​មាន​សារៈសំខាន់ ​ដែល​យើង​ទាំង​អស់​គ្នាត្រូវរួមគ្នា​ធ្វើ ​ដើម្បី​ផ្តល់នូវ​ក្តី​ស្រឡាញ់ ​ជំនឿទំនុក​ចិត្ត​ និងភាព​កក់​ក្តៅ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​»​​។​ យ៉ាង​ណាក៏​ដោយ​ លោក​វរសេនីយ៍​ឯក​ពិសេស​ ចាង ​ធីរិន​ បានវាយតម្លៃខ្ពស់​ចំពោះ​កម្ពុជា​ ដែលជាមិត្តស្មោះត្រង់​រប​​ស់ចិន​ហើយ​ថា​៖ តាមរយៈដំណើរទស្សនកិច្ចរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​ជាការបង្ហាញ​ពី​ការ​គាំទ្រ ​និង​ការផ្តល់នូវ​ទំនុក​ចិត្តខ្ពស់​របស់​កម្ពុជា​ ក្នុង​ពេល​ដែល​ប្រទេស​ចិន​កំពុងតែ​កើត​មាន​នូវវីរុស​កូរ៉ូណាថ្មី​នេះ​។​

      ថ្លែង​នៅក្នុងសកម្មភាពមនុស្សធម៌​ រវាងកងទ័ព​កម្ពុជា​ និងកងទ័​ពរំដោះ​ប្រជាជន​ចិន​នា​គ្រា​នោះ​ដែរ​ ប្រធាន​ក្រុម​ការងារ​សម​យុទ្ធនាគ​មាស​ ២០២០​ ឯកឧត្តម ​ឧត្ដម​សេនីយ៍​ទោ ​ប៉ែន​ សុក្រឹត​វិទ្យា​ បា​ន​លើក​ឡើង​ថា​៖ ការអនុវត្តកិច្ចការ​មនុស្សធម៌​នេះ​ គឺស្របតាម​កិច្ចសហប្រតិបត្តិការ​ រវាង​កងទ័ពប្រទេសទាំងពីរ ក៏ដូចជាស្រប​តាម​ប្រធាន​បទ​សមយុទ្ធ​នាគ​មាស​២០២០​ ក្នុងខ្លឹមសារ (រួមគ្នាប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌)។ ឯកឧត្តម​ ឧត្ដម​សេនីយ៍​ទោ ​ប៉ែន ​សុក្រឹត​វិទ្យា​ បាន​បន្ថែម​ថា​៖ ទោះស្ថិតក្នុងដំណាក់កាល​ នៃកា​ររីករាល​ដាល​ជំងឺ​កូវីដ-១៩​​ក៏ដោយ​ ក៏ការធ្វើសមយុទ្ធ និងការងារមនុស្សធម៌​ នៅតែប្រព្រឹត្តទៅ​តាម​ការ​កំណត់​ ប៉ុន្តែ​កម្មវិធីនេះ​យើង​គ្រាន់​តែអញ្ជើញតំណាងប្រជាពលរដ្ឋចូលរួមប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ែន សុក្រឹតវិទ្យា ជំនួស​មុខ​ឲ្យថ្នាក់​ដឹកនាំ​កង​យោធពលខេមរ​ភូមិន្ទ​ សូមថ្លែង​អរគុណ​ចំពោះមិ​ត្តចិន​ ដែលបានជួយបង្ហាត់បង្រៀន​ពី​របៀប​ការពារជំងឺកូវីដ-១៩ និងការនាំយក​អំណោយជាសម្ភារផ្សេងៗ​ជា​រៀង​រាល់​ឆ្នាំ​ មក​ផ្តល់​ជូន​ប្រជាពល​រដ្ឋកម្ពុជា​។ សម្ភារៈដែលត្រូវផ្តល់ជូននាពេលនោះ រួមមាន សម្ភារៈសិក្សា​ សម្ភារៈកីឡា ​និង​សម្ភារៈបរិក្ខារពេទ្យ​ ដើម្បីជួយជ្រោមជ្រែងដល់គ្រឹៈស្ថានសិក្សា និង​មណ្ឌលសុខភាព​ដែល​នៅ​ជិត​នោះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ