ព័ត៌មាន

ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​ជួប​ពល​ទាហាន​ថ្មី​ កង​ពល​ធំអន្តរាគមន៍​លេខ​២​
នាយកដ្ឋានព័ត៌មាន(៣)
39
1517 ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​ជួប​ពល​ទាហាន​ថ្មី​ កង​ពល​ធំអន្តរាគមន៍​លេខ​២​

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកងឯកភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ២ (ខេត្តសៀមរាប) និងនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ (ខេត្តបាត់ដំបង), ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។  

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត. បានថ្លែងនូវកោតសរសើរសិក្ខាកាមពលទាហានថ្មី ដែលបានខិតខំហ្វឹកហ្វឺន ហើយតស៊ូលត់ដំមកដល់ពេលនេះ បន្ទាប់ពីការផ្ទេរជីវភាពពីជនស៊ីវិល ចូលមករស់នៅក្នុងជីវិតជាកងទ័ព។ នេះក៏ដោយសារយើងម្នាក់ៗមានឆន្ទៈស្ម័គ្រចិត្តមោះមុត បូកផ្សំនឹងការលើកទឹកចិត្តរបស់ក្រុមគ្រួសារញាតិមិត្ត ហើយក៏បញ្ជាក់បានអំពីការយល់ដឹងអំពីតម្លៃនៃឱកាសដែលទទួលបាន ក៏ដូចជាភាពជោគជ័យទៅមុខមួយជំហានទៀត ដែលជាមោទនភាពរបស់ឳពុកម្តាយ ព្រោះថាជាឱកាសដែលបានមកដោយមិនងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ការជ្រើសរើសសំរិតសម្រាំងវាយតម្លៃរបស់គណៈកម្មការ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន។ ឯកឧត្តម. បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពជើងគោក តែងបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនកងទ័ព ដោយពីមួយជំនាន់ទៅមួយជំនាន់ តែងបានខិតខំពង្រឹងការងារធានាផ្គត់ផ្គង់ឱ្យបានកាន់តែល្អប្រសើរ ហើយចំពោះមុខនេះ កំពុងជំរុញធ្វើយ៉ាងណាឱ្យពលទាហានថ្មី ដែលមានស្មារតី និងឆន្ទៈនៅក្នុងការបជាតិមាតុភូមិ ទទួលបាននូវការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញគ្រប់គ្រាន់ និងការផ្គត់ផ្គង់ធានាគ្រប់គ្រាន់។ ដូច្នេះ សូមពលទាហានថ្មីទាំងអស់ត្រូវខិតខំបង្កើនស្មារតីតស៊ូហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងទឹកចិត្តឱ្យកាន់តែរឹងមាំ ឱ្យស័ក្តិសមនឹងការបង្កលក្ខណៈលើកទឹកចិត្តឧបត្ថម្ភទំនុកបម្រុងរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា៖ ពលទាហានថ្មីជាបច្ចុប្បន្ននៃកងទ័ព ហើយក៏ជាអនាគតនៃកងទ័ព។ ដូច្នេះ វគ្គហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ ទោះបីមានរយៈពេលខ្លី ប៉ុន្តែគឺជាវគ្គមូលដ្ឋាននៃការលត់ដំកាយសម្បទា និងការពង្រឹងស្មារតីតស៊ូអំណត់ព្យាយាម ព្រោះយើងម្នាក់ៗ មានលទ្ធភាពបំពេញការងារច្រើនគ្រប់ជំពូក ប៉ុន្តែត្រូវមានកត្តាជំរុញពីខាងក្រៅ ដើម្បីបង្កើតទម្លាប់បំបាត់ការសង្ស័យខ្លួនឯង, ធ្វើឱ្យចិត្តក្លាហានជឿទុកចិត្តខ្លួនឯង និងជឿថាយើងធ្វើបាន ក៏ដូចជារបៀបរបបបំពេញការងាររបស់កងទ័ព ដែលតម្រូវឱ្យចេះធ្វើការរួមគ្នាជាសមូហភាព, សហការគ្នា, បង្កើតមិត្តភាព សាមគ្គីភាព, ចេះជួយយកអាសារគ្នា, ចេះទទួលខុសត្រូវទាំងជាលក្ខណៈបុគ្គល និងជាក្រុម, ម្ចាស់ការគោរពច្បាប់វិន័យក្រឹត្យក្រម, មានឋានានុក្រមការងារច្បាស់លាស់ បូកជាមួយនឹងចំណេះដឹងផ្នែកយុទ្ធវិធី ដើម្បីបម្រើតម្រូវការផ្នែកសមត្ថភាព របស់ពលទាហានថ្មីនៅក្នុងការបំពេញការងារក្នុងគ្រប់កាលៈទេសៈ ឈានទៅសម្រេចភារកិច្ចរួម។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើរឱ្យយកចិត្តទុកដាក់លើគ្រប់ភារកិច្ចដែលត្រូវបំពេញក្នុងរយៈពេលហ្វឹកហ្វឺននេះ ដើម្បីទទួលបានជោគជ័យ ដោយត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ទាំងវិន័យសាលា, វិន័យប្រចាំវគ្គ និងដំបូន្មានរបស់យោធារ្យ ជាពិសេសការណែនាំអំពីបទដ្ឋានផ្សេងៗនៅទីលើលាន និងសម្រាប់ការហាត់កាយសម្បទា ដើម្បីធានាសុវត្ថិភាព ហើយក៏ត្រូវយកឱកាសបង្កើតចំណងមិត្តភាព, សាមគ្គីភាព និងអនុស្សាវរីយ៍ឱ្យបានរឹងមាំយូរអង្វែង ក្នុងនាមជាកងទ័ពតែមួយ នៅក្រោយពេលបញ្ចប់វគ្គ ហើយទទួលបានការចាត់តាំងទៅបម្រើការងារនៅតាមបណ្តាអង្គភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ