ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​ រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​​​(ADMM​​Retreat​)​ នៅ​​ទី​​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
108
1459 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​ រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​(ADMMRetreat) នៅ​ទី​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម​

     ឆ្លើយតបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀត​ណាម ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ​​២០២០​ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ អប​តំណើរ​ដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេច​ពិ​ជ័យ​សេនា រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ និង​​​​​ជាអគ្គនាយក អគ្គនាយក​ដ្ឋាននយោបាយ និង​កិច្ចការបរទេស​ ក្រសួងការពារជាតិ បាន​អញ្ជើញ​ចូល​រួម​ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​នៅទីក្រុងហាណូយ ​សាធារណ​រ​ដ្ឋ​​សង្គម​​និយម​​វៀត​ណាម​។ ​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស ​វៀត​ណាម ​និង​ជា​ប្រធាន ​នៃកិច្ចប្រជុំចង្អៀត​រដ្ឋមន្ត្រីការពារជាតិ​​អាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្រីការពារជាតិ​ជា​សមាជិក​ប្រទេ​ស​អាស៊ាន ​​ចូ​ល​រួម​ផងដែរ។

      ក្នុងឱកាសនោះ​បន្ទាប់ពី​ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ប្រទេស​វៀត​ណាម​ បានថ្លែងបើក​កិច្ចប្រជុំរួច​មក​ កិច្ចប្រជុំបានធ្វើការពិភាក្សា ដោយធ្វើការ​វាយតម្លៃ​លើ​កិច្ច​​ប្រជុំ​​រដ្ឋមន្ត្រី​​ការ​ពារ​​ជា​តិអាស៊ាន ​និង​ផែនការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៩ ព្រមទាំង​បានធ្វើការ​​ពិភាក្សា​​អំពីស្ថានការណ៍​ពិភព​លោក ​និង​​តំបន់​ផង​ដែរ​។

      ថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀត​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​​អាស៊ាន​ (ADMM​Retreat) នៅទី​ក្រុង​ហា​ណូយ ​ប្រទេស​វៀត​ណាម ​នា​ឱកាស​នោះ​ដែ​រ សម្តេច​​ពិ​ជ័យ​​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋម​​ន្រ្តី​​​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា៖​ បញ្ហា​គម្រាម​កំហែង​ដល់សន្តិសុខក្នុងតំបន់​របស់យើង គឺនៅតែមាន។ តំបន់អាស៊ានកំពុង​តែ​​ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញឡើងពីបញ្ហាសន្តិសុខមិនមែនប្រពៃណី។ តំបន់អាស៊ី​អា​គ្នេយ៍ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជារឿយៗ ពីបញ្ហគ្រោះធម្មជាតិ ដូចជាព្យុះ គ្រោះទឹកជំនន់ និងរលកយក្សស៊ូណាមិ។ បញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន បានបង្កឱ្យមាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅលើ​សន្តិសុខ ​នៃ​បណ្តាប្រទេសក្នុងតំបន់ ជាពិសេស បញ្ហាបម្រែបម្រួលអាកាសធាតុ ​គឺ​ជាបញ្ហាសន្តិសុខសកលរបស់មនុស្សជាតិ ដែល​បាន​បង្កការ​គម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងមិនធ្លាប់មាន​ពី​មុន​លើ​សន្តិភាព​ និង​សន្តិសុខសកល​។​ ស្របពេលដែលតំបន់យើងកំពុងផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងការ​គម្រាម​កំ​ហែង​ មិនមែនប្រពៃណីទាំងនេះ ថ្មីៗនេះ​ពិភពលោក​ក៏​កំពុង​តែ​ពើប​ប្រទះ​នឹង​ការ​ផ្ទុះ​ឡើង ​នៃ​ជម្ងឺ​រលាក​សួត​ប្រភេទ​ថ្មី ​ដែលមានប្រភពចេញពីប្រទេសចិន ហើយបានរីកសាយភាយដល់ប្រទេសជាង២០​។​ ការ​រីក​សាយ​ភាយ​ នៃវីរុសនេះបានបង្កឱ្យមានការរក្សាអ្នកជម្ងឺឱ្យនៅដាច់ពីគេក្នុងទ្រង់ទ្រាយធំ ភាពភ័យខ្លាចជាសាធារណៈ​ ការប្រកាន់ពូជសាសន៍ និងការកាត់បន្ថយនូវសកម្មភាពសេដ្ឋកិច្ចផ្សេងៗ​។​ 

      សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានបញ្ចាក់ថា៖​ រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​ប្រក​បដោយ​គតិ​បណ្ឌិត​របស់​ សម្តេ​ច​តេ​ជោ ​បាន​សម្រេចចិត្តទទួលនាវា​ទេសចរណ៍ Westerdam ដែលមានផ្ទុកអ្នកដំណើរចំនួន ២២០០​នាក់​ ហើយនឹងទទួលការថែរក្សា​ ដើម្បីរៀបចំទៅតាមស្ថានភាពជាក់ស្តែង​ អោយ​ត្រលប់​ទៅ​កាន់​ប្រទេសរបស់​ខ្លួន​វិញ​។​ ករណី​ទទួល​នេះ​ជា​ការ​ប្រឈមផ​ង ​និង​ជា​ការ​សម្រេចចិត្ត​ ដែលប្រកបដោយ​ការ​លំបាក​ផង​ ប៉ុន្តែក្នុង​ភាព​ជា​មនុស្សធម៌ ​សីលធម៌ ​និង​ក្នុង​ក្របខ័ណ្ឌ​ នៃការបង្ហាញនូវទឹកចិត្តចូល​រួមចំ​ណែក​នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​ស្មុគ្រ​ស្មាញបែប​ថ្មី​នេះ​ ទោះជា​បី​ជា​មាន​ការប្រឈមបែបនេះក្តី​ នេះ​ក៏​ជាការបញ្ជាក់ថា​៖ ទោះកម្ពុជាតូច​មែន​ តែ​មាន​បេះដូង​ទូលំទូលាយ ​ដោយមិនប្រកាន់ពូជសាសន៍ និងមិនរើសអើង​ក្នុង​ស្ថាន​ភាព​ ដែល​មនុស្ស​ជាតិ​មាន​ទុក្ខ​លំបាក​វេទនា​។​​ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានថ្លែងទៀតថា៖ មកដល់ពេលនេះ បើទោះបី​ជាមានអ្នកជម្ងឺ​​ យើង​ក៏​នៅ​តែ​ជួយ​ថែ​រក្សា​ និងព្យាបាល ហើយនៅតែមានឆន្ទៈក្នុងការដោះស្រាយ​បញ្ហា​នេះ​ជាប់​រហូត​ ទោះបី​មាន​ការ​លំបាក​ និង​ស្មុគស្មាញ​យ៉ាង​ណាក្ដី​។ សម្តេច​ពិ​ជ័យ​​សេនា​ បាន​​បញ្ជាក់​ទៀត​ថា​៖​  កម្ពុជា​ក៏​សូម​អំពាវនាវ​ និ​ង​សូម​អោយ​មាន​ការ​ចូល​រួម​ ដើម្បីរួម​ចំ​ណែកជា​មួយ​ការ​ជួយ​ជ្រោម​ជ្រែង​នេះ​ផង​ដែរ​  ដែល​នឹង​កាន់​តែ​ជួយ​បង្កើនទំនុកចិត្ត និងការចូលរួមពីគ្រប់សមាសភាព គ្រប់យន្តការ និងប្រភពផ្សេងៗដែលអាច​ធ្វើ​ទៅ​បាន​។ សម្តេចពិជ័យសេនា បានសំដែងនូវជំនឿជឿជាក់ថា៖ យើងនឹងអាចបន្តសកម្មភាព ជាក់ស្ដែង​ ចែក​រំលែកព័ត៌មាន ចែករំលែកការអនុវត្ត​ ដែលមានប្រសិទ្ធភាពបំផុត ក៏ដូចជាសាកល្បង​សមត្ថភាព និង​ធន​ធាន​របស់​យើង​ ដើម្បីគ្រប់គ្រងការផ្ទុះ នៃជម្ងឺឆ្លងនេះ ហើយជួយឱ្យសហគមន៍របស់យើងកាន់តែមានភាព​ស្វិ​តស្វាញ​ ក្នុងការប្រឈមនឹងលក្ខខណ្ឌមិន​អំណោយផលទាំងនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ