ព័ត៌មាន

សម្តេ​ច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បូក​​សរុប​លទ្ធ​ផល​ការ​ងារ​​ឆ្នាំ​២០១៩​ ទិស​ដៅ​២០២០​ របស់​អគ្គនាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ចារកិច្ច ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
82
1439 សម្តេ​ច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បូក​​សរុប​លទ្ធ​ផល​ការ​ងារ​​ឆ្នាំ​២០១៩​ ទិស​ដៅ​២០២០​ របស់​អគ្គនាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ចារកិច្ច ​ក្រសួង​ការ​ពារ​ជាតិ​

     វា​គឺ​ជា​កា​រ​លំបាក ​និង​ស្មុគ្រ​ស្មាញ​បំផុត​ចំពោះការស្រាវជ្រាវ ដើម្បីប្រយុទ្ធប្រឆាំង​​នឹ​ង​ព័ត៌មាន​ ​ក្នុង​យុគ្គ​សម័យ​ឌីជីថល​បច្ចុប្បន្ន គឺដោយសារយើងខ្វះធនធានមនុស្ស និងឧបករណ៏​ទំនើបទាន់​សម័យក្នុង​ការតាម​ដាន​​សកម្មភាព​​ទាំងឡាយណា ដែល​ធ្វើការ​ប្រឆាំងមកលើរាជរដ្ឋាភិបាលក៏​ដូច​ប្រទេស​ជាតិ​។ 

     ខាង​លើ​គឺ​ជាប្រសាសន៏របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែល​បាន​លើក​ឡើង​ក្នុង​ឱកាស​ដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូក​សរុប​លទ្ធផលការងារឆ្នាំ ២០១៩​ និង​លើកទិសដៅសំរាប់អនុវត្តបន្តឆ្នាំ២០២០ ព្រមទាំងសម្ពោធដាក់ឲ្យប្រើប្រាស់​​នូវ​សាលសន្និសិទ្ធ របស់អគ្គនាយក​ដ្ឋាន​ស្រាវជ្រាវ និងចារកិច្ច ក្រសួង​ការ​ពារ​ជាតិ ​កាលពី​​រសៀលថ្ងៃ​ទី០៥​ ខែ​កុម្ភៈ ឆ្នាំ​២០២០។ ក្នុងឱកាស​នោះ​សម្តេច​ក៏​បានថ្លែង​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​រាល់​ស្នា​ដៃ ចំពោះការខិតខំ ប្រឹងប្រែង​បំពេញ​ការ​ងារ​ជា​ប្រវត្តិ​សាស្រ្ត​ ក្នុង​ភារ​កិច្ច​ បំរើជាតិ, កសាងអង្គភាព, ហ្វឹកហ្វឺនកំលាំងព្រមទាំង​បានចូលរួម​ជា​មួយរាជរដ្ឋាភិបាល​ ក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនរបស់នាយ និង​ពលទាហាន​យើង​ នៅ​ទី​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ម​ក។ សំខាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបំរើការ​ងារ​នេះ​ បានកំណត់នូវទស្សនៈសតិអារម្មណ៏របស់ខ.ភ.ម ឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល និងគោរពបាននូវច្បាប់ បទវិន័យ និងបទបញ្ជារបស់​កងទ័ព​បានល្អទៀតផង។ សម្តេច​បាន​បន្តទៀតថា៖ ភារកិច្ចចំបងរបស់កងយោធពលខេមរភូមិន្ទ​ គឺការ​បន្តរក្សា​ និងពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងការពារដា​ច់​ខាត​ឯករាជ្យអធិបតេយ្យភាព​បូរណភាពទឹកដី  និងពង្រឹងពង្រីកទំនាក់ទំនង អន្តរជាតិ ជាពិសេសជា​មួយ​ប្រទេសជិតខាងល្អ​។ សម្តេចបានបញ្ជាក់ថា៖ ចំពោះការងារនយោបាយសន្តិសុខ​ដែល​ជាចំណុច​រសើប​​កន្លង​មក​ គឺយើងបានចូលរួម នឹងយកចិត្តទុកដាក់យ៉ាងសកម្ម​ក្នុងជួរកងទ័ព ទៅលើការចាត់​វិធានការ​​ច្បាប់​ ចំពោះឧបាយ​កល ​និង​សកម្មភាព​ទាំង​ឡាយ​របស់​អមិត្ត ដែលប៉ុនប៉ងនាំ​មកនូវ​បដិវត្តពណ៌ ​ដើម្បី​ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​។ ​បញ្ហា​នេះ​គឺ​ជា​រឿងចាំបាច់ត្រូវការធ្វើការ​ទប់​ស្កាត់​ ឲ្យ​បាន​ដាច់​ខាត ហើយកិច្ចការទាំងនេះគឺខ.ភ.ម យើងបានចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្ត​នូវ​វិធាន​ការ​ច្បាប់នា​នា ​ប្រកប​​ដោយ​ជោគ​ជ័យ​។ 

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ 


      សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តាំផ្ញើរដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច ត្រូវបន្តចូលរួមថែរក្សាពង្រឹង​សន្តិសុខ ​សុវត្ថិភាព​ របៀប​រៀបរយសណ្តាប់ធ្នាប់សាធារណៈ ធ្វើការតាមដានប្រមូលផ្តុំព័ត៌​មាន​គ្រប់​គ្រង​ សភាព​ការណ៍ ​សន្តិសុខ ដើម្បី​ធ្វើការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបានទាន់ពេលវេលានូវរាល់បទល្មើស ភាពអនាធិបតេយ្យ​​ផ្សេងៗ​ ​ក៏ដូចជាការអនុវត្តន៍បទបញ្ជា និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កនូវភាព​សប្បាយរីករាយ និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជម្រុញលើក​កម្ពស់ការងារ​ហ្វឹក​ហ្វឺន​​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ផ្សេងៗ​ និងបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បំផុតលើការងារ​សតិអារម្មណ៍ និងអប់រំ​ចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ជម្រុញពង្រឹងការងារ​បង្កបង្កើន​ផលរបស់​បណ្តា​កង​ឯក​ភាព​ ឲ្យខិតខំបង្កើនទិន្នផល ដើម្បីបំពេញការហូបចុក លើក​កម្ពស់ជីវភាពរស់​នៅរបស់កងទ័ព ​និងគិត​គូ​ពីសុខមាលភាពរបស់កងទ័ពឲ្យបានល្អ។ ការចូលរួមអនុវត្តនូវប្រពៃណីល្អ និងគោរពលក្ខន្ដិកៈរបស់ខ្លួនជាខ.ភ.ម​ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត និងត្រូវចេះថែរក្សាសម្ភារៈយោធបិក្ខាគ្រឿង​​បំពាក់​​ពិសេស​ចូលរួមអនុវត្ត​ឲ្យ​បន្ត​ជោគ​ជ័យ​នូវ​រាល់​អនុសាសន៍​របស់​ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា​កម្មវិធី​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិបាល ​ក្នុង​ការ​កែ​ទម្រង់ ​ខ.ភ.ម និងពង្រឹងប្រៀបការពារជាតិ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ