ព័ត៌មាន

ឯកឧត្តម​ វ៉ា​ មុនី​ ដឹក​នាំ​និស្សិត​​វគ្គបរិញ្ញាបត្រ​ជាន់​ខ្ព​ស់ វិទ្យា​សាស្ត្រ​យោធា​ជំនាន់​ទី​៦ ​ចុះ​ទី​លាន​ជាក់​ស្ដែង​ នៅ​ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
60
1435 ឯកឧត្តម​ វ៉ា​ មុនី​ ដឹក​នាំ​និស្សិត​​វគ្គបរិញ្ញាបត្រ​ជាន់​ខ្ព​ស់ វិទ្យា​សាស្ត្រ​យោធា​ជំនាន់​ទី​៦ ​ចុះ​ទី​លាន​ជាក់​ស្ដែង​ នៅ​ខេត្ត​កំពង់​ស្ពឺ​

     បន្ទាប់ពីបានហ្វឹកហ្វឺនរៀនសូត្រនូវទ្រឹស្ដីអស់រយៈពេល១ឆ្នាំកន្លងមក នាយទាហាននិស្សិតវគ្គបរិញ្ញា​បត្រជាន់​ខ្ព​ស់ វិទ្យា​សាស្ត្រ​យោធា ​ជំនាន់ទី​៦ ​ឆ្នាំសិក្សា​ ២០១៩-២០​២០​ ប្រមាណ​៧៧នាក់ មកពីតាមបណ្តា​អង្គភាព ​នៅ​ទូ​ទាំង​ខ.ភ.ម​ ដឹកនាំដោយ ឯ.ឧ ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាល័យរង សាកលវិទ្យាល័យការពារជាតិ ​និងជានាយក​មជ្ឈមណ្ឌល​ក្រោយឧត្តមសិក្សា តំណាងនាយឧត្តមសេនីយ៍ បណ្ឌិត ជា តារា បានចេញទៅសិក្សា​អនុវត្តជាក់ស្ដែងនៅលើទីលាន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ​នេះ។

     ការចេញសិក្សាអនុវត្តជាក់​ស្ដែងនៅលើទីលាន ​ក្នុង​ភូមិសាស្ត្រACO ស្ថិតក្នុងស្រុកភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ គឺបាន​ធ្វើឡើង បន្ទាប់ពីនិស្សិត វគ្គបរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រយោធា ជំនាន់ទី៦ បានសិក្សារយៈពេល១ឆ្នាំ ឆ្នាំ២០១៩ និងឈានចូលឆ្នាំទី២ ក្នុងឆ្នាំ២០២០ នៅលើមុខវិជ្ជាស៊ើបការណ៍ជាក់ស្តែង ក្នុងការសេចក្តីសម្រេចចិត្ត​ប្រយុទ្ធ ​ថ្នាក់កងពលតូចវាយលុកខ្មាំង​ត្រៀម​ការពារ​ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀបនៅ​​លើភូមិសាស្ត្រ​ជាក់​ស្តែង​ជា​មួយនឹ​ង​គំនូស​ផែន​ទី​ ដែល​និស្សិតបានគូស​នៅ​ក្នុង​ថ្នាក់រៀនរួចមកហើយ, ហើយដើម្បីធ្វើឲ្យនិស្សិត វគ្គបរិញ្ញា​បត្រ​ជាន់​ខ្ពស់​ វិទ្យាសាស្ត្រយោធា ជំនាន់ទី៦ នៃមជ្ឈមណ្ឌលក្រោយឧត្ដមសិក្សា សាកលវិទ្យាល័យការពារជាតិ ទាំងអស់ ​ទទួលបាននូវចំណេះដឹងបន្ថែម នូវការប្រើប្រាស់ផែនទី យុទ្ធវិធីវាយកម្ទេចខ្មាំងសត្រូវ ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្រច្បាប់ និងសុខសន្តិភាព ប្រជាជាតិកម្ពុជា។

     ក្នុងឱកាសនោះ ក្នុងនាមនាយឧត្តមសេនីយ៍ បណ្ឌិត ជា តារា, ឯ.ឧ ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាល័យរង សាកលវិទ្យាល័យការពារជាតិ និងជានាយកមជ្ឈមណ្ឌលក្រោយឧត្តមសិក្សា បានផ្ដាំផ្ញើរដល់និស្សិតទាំងអស់ ត្រូវខិតខំយកមេរៀនសំខាន់ៗ និងទ្រឹស្ដីទាំងប៉ុន្មានដែលបានសិក្សាក្នុងថ្នាក់​ ទៅផ្សាភ្ជាប់គ្នានឹងការអនុវត្តជាក់ស្ដែងនៅលើទីលាន ក៏ដូចជានៅក្នុងភូមិសាស្រ្តជាក់ស្ដែងដែលអង្គភាពរបស់ខ្លួនកំពុងតែប្រតិបត្តិការដែរ។ នៅលើទីលាននេះ បានធ្វើឲ្យនិស្សិត សម្រេចដោយជោគជ័យ ក្នុងដំណាក់កាលទី១ ក្នុងលំហាត់មេរៀនការស៊ើបការណ៍ ការប្រៀបធៀបនៅក្នុងផែនទីទៅក្នុងភូមិសាស្រ្តជាក់ស្តែង និងការធ្វើសេចក្តីសម្រេចចិត្តប្រយុទ្ធ​។

     គិតចាប់តាំងពី២០០៩ មកដល់ឆ្នាំ២០១៨ មជ្ឈមណ្ឌលក្រោយឧត្ដមសិក្សា នៃសាលវិទ្យាល័យការពារជាតិ បានធ្វើការបណ្តុះបណ្តាលដល់និស្សិត ដែលជានាយទាហាន នៃ ខ.ភ.ម ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រយោធា បានប្រមាណជិត ៤០០នាក់រួចមកហើយ ហើយបានចេញទៅបំពេញការងារនៅតាមបណ្តាកងឯកភាពនានា ​ទូទាំង ខ.ភ.ម សុទ្ធ​តែ​​មានសមត្ថភាពពេញលេញ ក្នុងការធ្វើជាសេនាធិការដល់មេបញ្ជាការរបស់ខ្លួនផងដែរ។ វគ្គនេះ បានផ្តោតសំខាន់ទៅលើយុទ្ធនាការ និងយុទ្ធសាស្ត្រ ជាមួយគ្នានេះក៏មានសន្តិសុខជាតិ អន្តរជាតិ វិភាគអំពីបញ្ហាសន្តិសុខព្រំដែន បដិវត្តពណ៌ និងCyber Security ជាដើម ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ