ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អញ្ជើញ​បើក​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០២​០ របស់​បញ្ជាការ​កង​ទ័ព​ជើង​ទឹ​ក
នាយកដ្ឋានព័ត៌មាន(៣)
152
1409 នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អញ្ជើញ​បើក​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០២​០ របស់​បញ្ជាការ​កង​ទ័ព​ជើង​ទឹ​ក

    នៅ​ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកង​យោធ​ពល​ខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅបញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាកសន្តិសុខលសមុទ្រ


    ក្នុងមតិស្វាគមន៍របស់ ឯកឧត្តម នាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាកសន្តិសុខលសមុទ្រ និង របាយការបូកសរុបលទ្ធផលការងារ ដែលអានដោយ ឯកឧត្តម ឧត្ដមនារីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក​ បានបញ្ជាក់អោយដឹងថា៖ កងទ័ពជើងទឹក បានចាត់តាំងធ្វើសិក្ខាសាលានេះឡើង ដើម្បីត្រួតពិនិត្យនូវរាល់សកម្មភាពការងារ និងបណ្តាសមិទ្ធផលដែលសម្រេចបាន ទាំងចំណុចខ្លាំង និងបញ្ហាប្រឈមនានា ដោយធ្វើការប្រៀបធៀបលទ្ធផលដែលសម្រេចបាន នឹងផែនការ ការងារដែលបានដាក់ចេញសំដៅរួមគ្នា លើកឡើងនូវគោលការណ៍ និងវិធានការសម្រាប់អនុវត្តនាពេលខាងមុខបន្តទៀត។ ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ កងទ័ពជើងទឹកបានយកចិត្តទុកដាក់ ប្រមូលផ្ដុំដឹកនាំអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងនោះភារកិច្ចកិច្ចការពារបូរណភាពទឹកដី។ កងទ័ពជើងទឹកក៏បានពង្រឹងប្រៀបការពារដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានជាប់ជាប្រចាំ។ ជាមួយនោះ បានចាត់តាំងកម្លាំង និងមធ្យោបាយចេញ​ធ្វើ​សកម្មភាព ទប់ស្កាត់ និងបង្រ្កាបបទល្មើសរក្សាសន្តិសុខ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ព្រម​ទាំង​ចេញល្បាតរួមគ្នានៅតំបន់ទឹកប្រវត្តិសាស្ត្រ ជាមួយកងទ័ពជើងទឹកប្រទេសជិតខាងផងដែរ។

 ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកង​យោធ​ពល​ខេមរភូមិន្ទ


    មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​កង​ទ័ពជើងទឹក ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានសម្រេចភារកិច្ចគួរជាទីមោទនៈ ទាំងកិច្ចការ​ពារ​បូរណភាពទឹកដី ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការហ្វឹកហ្វឺន និងថែទាំជួសជុលសម្ភារៈគ្រឿង​បំពាក់។ ឯកឧត្តម បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​មាន​សភាពប្រែប្រួល ស្មុគស្មាញ ដែលទាមទារឲ្យនាយនាវី ពលនាវិក ទាំងអស់ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន​ និងតាមដានជាប់ជាប្រចាំ ក្នុងនោះបង្រ្កាបឲ្យបានដាច់ខាត នូវរាល់ឧបាយកល នៃចលនាបដិវត្តន៍​ពណ៌ ​ដែលមានគោលបំណងផ្តួលរំលំរាជ​រដ្ឋាភិបាលស្របច្បាប់។ ទន្ទឹមនោះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានសំណូម​ពរ​ដល់ថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង និង ពលនាវឹកកងទ័ពជើងទឹកទាំងអស់ ត្រូវយកចិត្តទុក​ដាក់​ពិនិត្យ​ការ​កំណត់​ទិស​ដៅ​ភារកិច្ចសម្រាប់ពេលខាងមុខ ​នូវអ្វីដែលជាការចាំបាច់ ដើម្បីប្រមូលផ្ដុំធ្វើការ​ដោះ​ស្រាយ បង្កើនប្រសិទ្ធភាពការងារនៅតាមកងឯកភាព មុននឹងធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ