ព័ត៌មាន

ឯកឧត្តម​​ នាង​ ផាត​ ជួប​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​សិង្ហបុរី​
នាយកដ្ឋានព័ត៌មាន(៣)
88
1408 ឯកឧត្តម​​ នាង​ ផាត​ ជួប​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​សឹង្ហបូរី​

    នៅក្នុង​ជំនួប​សំដែងការគួរសមរបស់ ឯ.ឧ ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជំនួសមុខអោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​សំដែ​ង​ការ​ស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ ដែលបានមកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ក្នុងការបង្កើនចំ​ណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស​ និង​កង​ទ័ព​ទាំង​២ ជា​ពិសេស​រវាង​កង​ទ័ព​ជើង​គោក​កម្ពុជា និងកងទ័ពជើងគោកសិង្ហបុរី។

     ឯ.ឧ​ រដ្ឋលេខាធិការ បានបន្តទៀតថា៖ រវាងប្រទេសយើងទាំង២ គឺមានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការ​ល្អប្រសើរណាស់ ដោយប្រទេសសិង្ហបុរីតែងតែជួយផ្តល់នូវទស្សនៈនយោបាយជាច្រើន ដល់កម្ពុជាផងដែរ។ ឯ.ឧ សង្ឃឹមថា៖ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិ រវាងកងទ័ពកម្ពុជា និងកងទ័ពសិង្ហបុរី ពិសេសរវាង​កង​ទ័ពជើងគោក​ នៃប្រទេសទាំង២ គឺកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីសហការ ក្នុងការពង្រឹងស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់របស់យើង។

     ឆ្លើយតបក្នុងឱកាសនោះ ឯ.ឧ ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ​ មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហបុរី បានថ្លែង​អំណរគុណ​ដល់ ឯ.ឧ នាង ផាត ដែលឆ្លៀតឱកាសដ៏មមាញឹក អនុញ្ញាត្តិឲ្យប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ។ ឯ.ឧ បានបញ្ជាក់ថា៖ ប្រទេសកម្ពុជាជាមិត្តដ៏ល្អរបស់ប្រទេសសិង្ហបុរី ដែលបានទទួលស្គាល់មុន​គេ​បន្ទាប់​ពី​ប្រទេសសសិង្ហបុរី​ បានប្រកាសឯករាជ្យរបស់ខ្លួន។ ឯ.ឧ​បានបញ្ជាក់ថា៖ នេះក៏ជាលើកទី១ ដែល ឯ.ឧ បានមក​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯ.ឧ​បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមក​តាមរយៈដំណើរ​ទស្សនកិច្ចរបស់ ឯ.ឧ ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ច​នៅ​ប្រទេសសិង្ហបុរី បានធ្វើអោយកងទ័ពជើងគោក នៃប្រទេស​យើងទាំង២ កាន់តែបានបង្កើនកិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នាទ្វេរឡើថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ