ព័ត៌មាន

នាយ​ឧត្ត​មសេនីយ៍ ​វង្ស​ ពិសេន ​ដឹក​នាំ​ប្រតិភូ​អគ្គបញ្ជាកា​រ ជូនពរ​ឆ្នាំថ្មី​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
142
1406 នាយ​ឧត្ត​មសេនីយ៍ ​វង្ស​ ពិសេន ​ដឹក​នាំ​ប្រតិភូ​អគ្គបញ្ជាកា​រ ជូនពរ​ឆ្នាំថ្មី​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​

     ក្នុង​ឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតឈានមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលល្ងាចថ្ងៃទី១៧ ខែមករា កន្លងទៅនេះ បានដឹកនាំប្រតិ​ភូ​ទៅ​ជូនពរឆ្នាំថ្មី ជូនចំពោះ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិត​ចិន​ ប្រចាំនៅកម្ពុជា។

     មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី រវាង កម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងរយៈពេលមួយឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានខិតខំលើកកម្ពស់ឈានដល់កម្រិតកំពូល។ ឯកឧត្តម បានថ្លែងអំណរគុណដល់សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ដែលកន្លងមកបានជួយ​ឧបត្ថម្ភ​ដល់កងយោធពលខេមរភូមិន្ទ ​ធ្វើឲ្យកងទ័ពកម្ពុជា មានការ​វិវត្តន៏​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។ ឯកឧត្តម អគ្គមេបញ្ជាការ បានជូនពរដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន និង​ក្រុមគ្រួសារ ព្រមទាំងសហការី សូមជួបតែភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងសូមឲ្យមានសុខភាពល្អ មានសុភមង្គល ជាពិសេសសូមឲ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរស្ថិតស្ថេរជាអមតៈ។

     ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណ​ដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេល​វេលា​ដ៏​មាន​តម្លៃ​មក​ជូន​ពរ​ឆ្នាំ​ថ្មី​នា​ឱកាស​នេះ។​ ឯកឧត្តម បានរម្លឹកឡើងវិញ ពីដំណើរបំពេញទស្សនកិច្ចផ្លូវ​ការ​របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិត​ចិន​ កាលពីខែមេសា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៏ដ៏សំខាន់ នៃកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធ​ដល់​វិស័យយោធារវាង​ប្រទេសទាំងពីរ ឯកឧត្តមអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង​នា​ពេល​កន្លង​មក​ ហើយឯកឧត្តម បានប្រសិទ្ធពរសូមឲ្យចំណងសាមគ្គីភាព មិត្តភាពដែលមានស្រាប់ កាន់តែត្រូវបានពង្រឹងពង្រីកទ្វេរដងថែមទៀត សមស្របនឹងស្ថានការណ៏ដែលកំពុងឈានដល់ការរីកចម្រើនក្នុងដំណាក់​កាល​ថ្មី ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ