ព័ត៌មាន

មេ​ទ័ព​កម្ពុជា​ធ្វើ​ទស្ស​ន​កិច្ច​ជា​លើក​ដំបូង ​នៅ​ប្រទេស​មី​យ៉ាន​ម៉ា ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​កាល​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង កម្ពុជា​-​មីយ៉ាន់ម៉ា​
នាយកដ្ឋានព័ត៌មាន(៣)
58
1398 មេ​ទ័ព​កម្ពុជា​ធ្វើ​ទស្ស​ន​កិច្ច​ជា​លើក​ដំបូង ​នៅ​ប្រទេស​មី​យ៉ាន​ម៉ា ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​កាល​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង កម្ពុជា​-​មីយ៉ាន់ម៉ា​

     នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០​ បាន​ដឹក​នាំ​គណៈប្រតិភូ​ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបពិភាក្សាការងារជាមួយ នាយឧត្តម​សេនីយ៍ ​ផុត​លេខ​ Min Aung Hlaing អគ្គមេបញ្ជាការ នៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅ​ឯទី​ក្រុង​ណៃ​ពិ​ដោរ​។​

     ក្នុង​កិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ ចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង​កក់​ក្តៅ​របស់ នាយឧត្តមសេនីយ៍ ផុតលេខ Min Aung Hlaingនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែង​ថា​៖ ឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៥​ នៃទំនាក់ទំនងការទូតរវាងប្រទេស​ កម្ពុជា-មីយ៉ាន់ម៉ា​។ដោយ​យោង​តាម​គោល​បំណ​ង​របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ចង់​ឱ្យ​មាន​ការ​រៀប​ចំ​ប្រារព្ធ​ពិធី​រំលឹក​ខួបលើ​ក​ទី៦៥​នេះ ​ឱ្យបានពិសេស ហេតុដូច្នេះហើយ ដើម្បីជាសក្ខីភាពក្នុង​ការពង្រឹងទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិកា​រ រវាង​ប្រទេស​ទាំង​ពីរ​ លោក​ក៏​បាន​ដឹកនាំប្រតិភូ​មក​ទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ានា​ពេល​នេះ​។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តទៀតថា៖ ក្នុងដំណើរទស្សនកិច្ចនេះ លោកមានគោល​បំណង​ចង់​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកងទ័ព​ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំដោយ​ក្នុង​នោះ​លោក​ស្នើ​ឱ្យ​មាន​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ ការ​រួម​គ្នា​បង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្ត​បន្ថែម​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស។

     ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ផុតលេខ Min Aung Hlaing បានថ្លែងថា៖ នេះជាប្រវត្តិសាស្ត្រក្នុងរយៈកាល​៦៥ឆ្នាំនេះ ដែលនេះជាលើកទីមួយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកទស្សនកិច្ចនៅ​ប្រទេស​មីយ៉ានម៉ា​។ នាយឧត្តសេនីយ៍ Min Aung Hlaing បន្តទៀតថា៖ លោកឯកភាពនូវអ្វីដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងលើកិច្ចសហប្រតិបត្តិការ នៃកងទ័ពទាំងពីរ។

     នា​ថ្ងៃ​ជា​មួយ​គ្នា​នោះដែរ​ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបន្តចូលជួបសម្តែ​ង​ការ​គួរ​សម​ចំពោះ ​លោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសមីយ៉ាន់ម៉ា។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា​ ចំពោះលោកស្រី អោង សាន ស៊ូជី។ នាយឧត្តមសេនីយ៍បា​ន​បញ្ជាក់ថា៖ ដើម្បីឆ្លើយតបតាមគោលគំនិត​របស់​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​អំពី​ខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-មីយ៉ាន់ម៉ា លោកក៏​បាន​បង្កើត​ព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​មួយ ​គឺ​ទស្សនកិច្ចផ្លូវ​ការ​ រវាង​អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការ កងកម្លាំង​ការ​ពារ​ជាតិ​មីយ៉ាន់ម៉ា ​ដើម្បី​ជា​សក្ខីភាព ​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ។ នាយ​ឧត្តមសេនីយ៍ ​ក៏បានសំណូមពរ លោកស្រី អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ចប្រជុំអាស៊ី​ អឺរ៉ុប ឆ្នាំ​២០២០​នេះ ​តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប លោកស្រីបានយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ