ព័ត៌មាន

វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សុខា​ភិបាល ​ដាំ​កូន​ឈើ ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
31
1396 វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សុខា​ភិបាល ​ដាំ​កូន​ឈើ ​២០២០

     ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ​ ឲ្យមានភាពស្រស់បំព្រងនោះ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ​ឆ្នាំ ២០២០ ​នៅ​វិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាល ​កងយោធពល​ខេមរ​ភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ ពោធិ៍​សែន​ជ័យ​ រាជាធានីភ្នំពេញ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការជារជាតិ ព្រមទាំង​សមាជិកអមដំណើរ បានអញ្ជើញជួបចំណេះសំណាល និងចូលរួមដាំដើមឈើ ដែលជាប្រភពផ្តល់នូវជម្រកមនុស្ស និងសត្វ នៅក្នុង បរិវេណ វិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាល ​កងយោធពល​ខេមរ​ភូមិន្ទ ដោយ​មានវត្ត​មាន​ពីប្រធានក្រុមប្រឹក្សាភិបាល នាយក នាយករង សាស្រ្តាចារ្យ បុគ្គលិក សិស្សនិស្សិត ចំនួន ៣៥០ នាក់បានចូលរួម។

ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយក​វិទ្យាស្ថានវិទ្យា​សាស្ដ្រ​សុខាភិបាល ​កងយោធពល​ខេមរ​ភូមិន្ទ


      យោងទៅតាមសេចក្តីរាយការរបស់ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយក​វិទ្យាស្ថានវិទ្យា​សាស្ដ្រ​សុខាភិបាល ​កងយោធពល​ខេមរ​ភូមិន្ទ បានលើកឡើងផងដែរពីការវិវត្តន៍​រីកចម្រើនរបស់​វិទ្យា​ស្ថាន​ ​​ទាំង​​​វិស័យ​​បណ្តុះបណ្តាលធន​ធាន​មនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ និង​ការងារអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​​​ ប្រកប​ដោយការ​​ទទួល​ខុស​ត្រូវ​ខ្ពស់។ ឯកឧត្តម​សាស្ត្រា​ចារ្យនាយកវិទ្យាស្ថានបាន​បញ្ជាក់ផងដែរថា ៖ទន្ទឹម​​នឹង​ការ​ងារ​ស្នូល​របស់​ខ្លួន​​​ វិទ្យា​​ស្ថាន​បានសហការ​ជាមួយរដ្ឋ​បាលព្រៃឈើ បានរៀបចំ​​ឲ្យ​មាន​កម្មវិធីដាំដើម​ឈើ​ជា​បន្ត​បន្ទាប់ ចាប់​តាំងពីកសាង​វិទ្យាស្ថាន​នេះមក។ ហើយថ្ងៃនេះជាលើកទី៥ ហើយដែលរដ្ឋបាលព្រៃ​ឈើ ​បានផ្តល់កូនឈើគ្រប់​ប្រភេទ ក្នុងនោះកូនឈើ គគីរ បេង និងកូនឈើទាល មានចំនួន ២០០ ដើម។

លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការជារជាតិ 


      ក្នុង​នាម​សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ដាំ ដារីនី បានថ្លែង​​នូវ​ការ​កោត​សរសើរ​ និងវាយតម្លៃខ្ពស់​ចំពោះសមិទ្ធិផល ដែលបានកើត​ឡើងដោយការ​ខិតខំប្រឹង​ប្រែងក្នុង​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់ ​ទាំងការងារបណ្តុះបណ្តាលធនធានមនុស្ស​ និងការងារ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន​របស់​វិទ្យាស្ថាន។ ​ទន្ទឹមនឹងលទ្ធផលដែលទទួល​បានខាងលើ​នេះ​ លោកជំទាវបាន​ជម្រុញលើកទឹកចិត្តបន្ត​អនុវត្ត​ឲ្យបានជោគជ័យថ្មីៗ​ថែម​ទៀត​​។ ដោយឡែកថ្ងៃនេះយើងបានរួមគ្នាប្រារព្ធពិធីដាំដើមឈើ ក្នុងវិទ្យស្ថាន​នា​​ពេល​​​នេះ​​ គឺជាការចូលរួមចំ​ណែកជាមួយនឹង​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សានូវធនធានធម្មជាតិ ព្រមទាំងបានធ្វើឲ្យបរិដ្ឋាននៅទីនេះមានសោភ័ណ្ឌភាពល្អ និងផាសុខភាពដល់​ក្មួយៗជា​សិស្សនិស្សិត ដែលកំពង់សិក្សា​ក្នុងវិទ្យាសា្ថនវិទ្យាសាស្ដ្រសុខាភិបាលនេះផងដែរ។ លោកជំទាវ ដាំ ដារីនី បានបញ្ជាក់ផងដែរថា៖​ ប្រមុខរាជរដ្ឋាភិបាលតែងបានអំពាវនាវ ដល់អង្គការ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់បងប្អូន ដែលកំពុងប្រកបរបរអាជីវកម្មព្រៃឈើ ដើម្បីចិញ្ចឹមជីវិតនោះ គួរងាកទៅប្រកបរបរកសិកម្ម​ជំនួសវិញ ដើម្បីលើកស្ទួយដល់ជីវភាពនៅក្នុងគ្រួសារ។ លោកជំទាវ បាន​អំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់ថ្នាក់ ព្រមទាំងសិស្សនិស្សិតត្រូវចូលរួមថែរក្សាការពារនូវរាល់សមិទ្ធិផលនានា ដែលយើងទទួលបាន ពិសេសថែរក្សាបរិស្ថាន​ ក្នុងវិទ្យាស្ថានយើងនេះប្រកប​ដោយ​ផាសុខភាព​ សមទៅនឹងទីតាំងបណ្តុះបណ្តាលប្រភពធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល​របស់​កង​យោធពលខេមរភូមិន្ទ។

      សូម​បញ្ជាក់​ថា​៖ រុក្ខទិវាបានបដិសន្ធិឡើងនៅសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីទស្សវត្សរ៍៥០មក ដោយមានការចូលរួមផុសផុលពី ប្រជានុរាស្ត្រទូទាំងផ្ទៃនគរកម្ពុជា។ រុក្ខទិវា​ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ​ ដើ​ម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម​ដាំ​ឈើ​ថែរក្សា​ការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿង នៃកូន​ចៅ​ជំនាន់​ក្រោយ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ