ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បិទ​សិក្ខា​សាលា​ស្តី​ពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា ​នៅ​អន្លុង​វែង​
នាយកដ្ឋានព័ត៌មាន(៣)
144
1394 សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បិទ​សិក្ខា​សាលា​ស្តី​ពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា ​នៅ​អន្លុង​វែង​

     បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ ២​​ថ្ងៃ​រួច​មក​ សិក្ខា​សាលា​ស្តី​ពី​ ការរៀបចំតំបន់ប្រវត្តិសាស្រ្ត​យោធា សន្តិភាព ​និង​ សុខដុមភាព សម្រាប់ប្រជាជន ត្រូវបាន​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃ​ទី០៨​ ខែ​មករា ​ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ ទេស​រដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាល ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​ជា​អនុ​ប្រធាន​ទី១​ នៃ​គណៈកម្មាធិការ​ជា​តិគ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែលពិធីបិទអង្គសិក្ខាសាលានេះ​ បានប្រារព្ធធ្វើនៅ​សណ្ធាគារជាំស្រងាំ ក្នុងស្រុកអន្លុង​វែង ​ ខេត្ត​ឧត្ត​រមា​នជ័​យ។

     ក្នុងសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ប៉ែន កុសល អភិបាល ​នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមាន​ជ័យ​ បានបញ្ជាក់​ថា៖ ​ខេត្ត​ឧត្តរមានជ័យ ជាខេត្តចុងក្រោយគេបង្អស់ ដែលបានបញ្ចប់សង្គ្រាម និង​បានធ្វើសមាហរណកម្ម​កំលាំង​ខ្មែរ​ក្រហម ចូលមករួមរស់ជាមួយរាជរដ្ឋភិបាលកម្ពុជាវិញ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេច​តេ​ជោ ហ៊ុន សែន។ ឯកឧត្តម បាន​បញ្ជាក់ថា៖ ស្រុកអន្លុងវែង​ គឺ​ជា​ទីតាំង​រឹង​មាំ​​ចុង​ក្រោយ​ របស់​ក្រុម​ខ្មែរ​ក្រហម​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែលបន្សល់ទុកនូវ​កេរ្តិ៍​ដំ​ណែល​ប្រវត្តិ​សាស្រ្តចំនួន១៤​កន្លែង ​សម្រាប់​ការ​សិក្សា​ស្វែង​យល់​អំពី​ដំណើរ​ការ​ផ្សះ​ផ្សារ​ជាតិ ​បង្រួបបង្រួមជាតិ និងកសាងសុខសន្តិភាព​ នៃមាតុភូមិកម្ពុជា ។ ឯកឧត្តម បានសង្កត់ថា៖​ តម្លៃនៃសន្តិភាពសម្រាប់កម្ពុជា ដែលរកបានដោយលំបាក ក្រោមការដឹកនាំរបស់រាជ​រដ្ឋាភិបាល ដែលមាន​ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ នាពេលនេះ យើងត្រូវតែរួមគ្នារក្សា​ការ​ពារ​​អោយ​បាន​ និងអរគុណសន្តិភាព។

 ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ និងជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមានឈ្នះឈ្នះ 


     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ និងជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមានឈ្នះឈ្នះ បានរាយការណ៍អំពីលទ្ធផលនៃដំណើរការអង្គសិក្ខាសាលា ដោយបាន​បញ្ជាក់​ថា៖ ​តាមរយៈអង្គសិក្ខាសាលាស្តីពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិសាស្រ្តយោធា ​សន្តិភាព ​និង​សុខ​ដុម​ភាព ​សម្រាប់​ប្រជាជន​​នា​ពេល​នេះ ​សិក្ខាសាលាបានប្រមូលនូវទិន្នន័យ ស្តីអំពីសមិទ្ធផលនយោបាយឈ្នះ ឈ្នះ ដែលទទួល​បាន​សម្រាប់ធ្វើជាតឹកតាង និងការឈានបន្តកសាង និងថែរក្សានូវភារកិច្ច ដែលកំពុងបំពេញដោយមាន​ការ​រីក​ចម្រើន​ និង​ប្រែរប្រួល ដែលទាំងអស់នេះ​ គឺមិនអាចកាត់ផ្តាច់ចេញបានពីទស្សនវិទ្យាឈ្នះ ឈ្នះ ដែល​បាន​ដាក់​ចុះ ​ទោះបីជាពេលកន្លងមក ដែលបានប្រមូលផ្តុំតែលើការបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាព ​ឯកភាព​ជាតិ​ហើយ​ក្តី​ ក៏នៅក្នុងស្ថានភាព​ដែល​ប្រទេស​ជាតិ​បន្តការដោះស្រាយការងារ ការពារបូរណភាព​ទឹក​ដីក​ន្លង​មក​ ក៏ឈរ​នៅ​លើ​ទស្សនៈ​យុទ្ធសាស្រ្ត​ឈ្នះ ឈ្នះ​នេះ និងដែលកំពុងតែមានការអភិវឌ្ឍ និងរំពឹង​ទៅលើការបន្តជំហានទៅមុខ​ ទស្សនឈ្នះ ឈ្នះ​គប្បីត្រូវតែមានការពង្រីកផ្សព្វផ្សាយតម្លៃ ហើយដែលសំខាន់​ជាង​នេះ​ គឺ​មគ្គុទេសភា​ពដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ឯកឧត្តម​ បាន​បញ្ចាក់ថា៖ តាមរយៈអង្គសិក្ខាសាលានេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះមគ្គុទេសភាពដ៏អង់​អាច​​ក្លាហាន​​របស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគុណតម្លៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងបានគាំទ្រចូលរួមការ​ពារ​ទស្សនៈ​​ «អរគុណសន្តិភាព» ដែលជាមូលដ្ឋានធំបំផុត នៃភាពកតញ្ញូចំពោះនយោបាយឈ្នះ ឈ្នះ ស្ថាប​និក​ឯក​ អ្នកបង្កើតនយោបាយឈ្នះ ឈ្នះ។

​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 


     ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានាពេលនោះ សម្តេច​ពិជ័យ​សេនា ​ ទៀ ​បាញ់​ បាន​មាន​ប្រសាសន៍​ថា៖​ នេះគឺជាសិក្ខាសាលាលើកដំបូង ស្តីពីការពិនិត្យសមិទ្ធផលនយោបាយឈ្នះ ឈ្នះ នៅភូមិសាស្ត្រផ្ទាល់ ដែលបានបញ្ចប់សង្គ្រាមក្រោយគេ។ សម្តេចពិជ័យសេនា បានរំលឹកឡើងវិញពីអត្ថន័យដ៏ធំធេងនៃនយោបាយឈ្នះ ឈ្នះ ដែលបានអនុវត្តនៅអន្លុងវែង។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ យើងបាន​ដឹង​គ្រប់គ្នាអំពីដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលមានតាមដំណាក់កាល មានការសាកល្បង ដំណើរ​ការ​ចាប់​ផ្ដើម​ និង​ដំណាក់កាលបំផ្ទុះ រហូតដល់ដំណាក់កាលចុងក្រោយ គឺនៅទីនេះនៅអន្លុង​វែង​តែម្តង​។​  ក្នុ​ងដំណាក់​កាល​ចុងក្រោយមានការប្រមូលផ្ដុំនៅទីនេះទាំងអស់ ទាំងមេដឹកនាំធំៗខ្មែរក្រហម ដែលកន្លងមកពួកគេបានរៀបចំយុទ្ធសាស្រ្តច្រេះស៊ីដែក ឬនយោបាយច្រេះស៊ីដែក តែចុងក្រោយមិនអាចទប់​បាន​ជា​មួយ​នឹង​នយោ​បាយឈ្នះ ឈ្នះ របស់តេជោសែន។ យើងក៏អាចប្រើប្រាស់និយមន័យ និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ឱ្យ​ច្បា​ស់​ថា​ នៅទីនេះ​គឺ​ពិតជាមានការរៀបចំយ៉ាងរឹងមាំ។ ឥឡូវសំណង់ទាំងឡាយបានក្លាយទៅជាការរៀបចំទេស​ចរណ៍​ប្រវត្តិសាស្រ្តយោធា ទាំងអាងទឹក សាលារៀន ស្ពាន និងទីតាំងសំខាន់ៗ ទាំងឡាយនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​បន្ធែមថា៖ ការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតែមួយមុខ គឺអាចនឹងមិនគ្រប់គ្រាន់ ដូច្នេះត្រូវរៀបចំដាក់ឱ្យក្លាយទៅជាតំបន់ប្រវត្តិសាស្រ្តយោធា ដែលគ្រប់គ្រងដោយអង្គភាពនៅហ្នឹង​កន្លែង​ រីឯការប្រើប្រាស់កិច្ចដំណើរការដៃ​គូ​ គឺនឹងមានគោលការណ៍ជាក់ស្ដែង​បន្ថែម​ទៀត ក្នុងការដឹកនាំនិងបំពេញការងាររបស់ស្ថាប័នខាងលើ ចំពោះមុខក្រុមការងារ​ប្រវត្តិសាស្ត្រយោធា ក្រុមការងារសាងសង់វិមានឈ្នះ​ ឈ្នះ ​នៃ​គណៈ​កម្មការ​សាងសង់វិមានឈ្នះ ឈ្នះ និងប្រតិបត្តិការសម្រាប់ធ្វើកិច្ចការនេះ។ ទាក់​ទាក់​ទង​ទៅ​នឹង​ការរៀបចំសាងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅអន្លុងវែង​ សម្តេចពិជ័យសេនា បានសំដែង​នូវ​ជំនឿជឿ​ជាក់​ថា៖ អាជ្ញាធរដែនដី ស្រុក ខេត្ត និងក្រុមហ៊ុននានានៅទីនេះ និងប្រជាជនដែលមានសមាន​ចិត្ត​ទាំង​ឡាយ ​ដែល​រក​ទទួលទានមាន​បាន ​ដោយ​សារនយោបាយឈ្នះ ឈ្នះ ពិតជានឹងចូលរួម ព្រោះតម្លៃ​ក៏​មិន​ច្រើន​ពេក​ទេ​ តែគុណតម្លៃគឺមានលក្ខណៈធំធេង។ សម្តេច​ពិជ័យសេនា ក៏បានណែនាំ​ដល់​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ត្រូវសហការផ្ដល់គម្រោង និងការសហការជាក់ស្ដែងមួយចំនួនអំពីស្ថាបត្យកម្ម អត្ថន័យ ខ្លឹមសារ និងតឹកតាងនានា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកអោយបានល្អប្រសើរ ក្នុងការរៀប​ចំ​សាង​សង់​ស្តូប​នេះ​។

    នៅ​​ក្នុង​ឱកាស​នោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់បណ្ណ័ថ្លែងអំណរគុណ ជូនសប្បុរសជនដែលបាន​ជួយ​ឧបត្ថម​ក្នុង​សិក្ខា​សាលា ​និង​ប្រគល់​បណ្ណ័​សរសើរ​ជូន​ដល់​សមាជិក​ ដែល​បាន​មក​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​ស្តី​ពី​​ការ​រៀប​ចំ​តំប​ន់ប្រវត្តិសាស្រ្តយោធា​សន្តិភាព​ និង​សុខដុមភាព សម្រាប់ប្រជាជន នាពេលនោះផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ