ព័ត៌មាន

សិក្ខា​សាលា ​ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជននៅអន្លុងវែង
នាយកដ្ឋានព័ត៌មាន(៣)
61
1393 សិក្ខា​សាលា ​ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជននៅអន្លុងវែង

     ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានប្រារព្ធធ្វើសិក្ខាសាលា ស្តីពីការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​ សន្តិភាព ​និង សុខដុមភាព សម្រាប់ប្រជាជន ដែលអង្គសិក្ខាសាលានេះប្រព្រឹត្តិទៅ នៅ​សណ្ធាគារ​ជាំ​ស្រងាំ ​ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈ​កម្មា​ធិការ​កណ្តាល​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​ជា​អនុ​ប្រធាន​ទី១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

     ក្នុងឱកាសនោះ លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ បានថ្លែង​សន្ទរថា​ស្វាគមន៍​ ដោយ​បាន​ចាត់ទុកការរៀបចំសិក្ខាសាលា ដែលបានប្រារព្ធធ្វើនៅអន្លុងវែងនាពេលនេះ  គឺ​ជា​ធាតុ​ចូលរួមគ្នា ដើម្បីកសាងឯកសារ​ជាក់លាក់ ស្តីពីគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងនាមថ្នាក់ដឹកនាំស្រុក និងជាតំណាងអោយបងប្អូន នៃអតីតកងកម្លាំងសមាហរណកម្ម លោកអភិបាល​ស្រុក​អន្លុងវែង បានសំ​ដែង​នូវមោទនភាព ​និង​មានក្តីសង្ឃឹមជឿជាក់ថា៖ វីរភាព និងតាក់តាងភូមិសាស្រ្ត​តំបន់​អន្លុង​វែង ត្រពាំង​ប្រាសាទ ពិតជាមានតម្លៃថ្លៃថ្លា ក្នុងការរួមចំណែក ក្នុងការកសាងសន្តិភាពពិតប្រាកដ​នៅ​កម្ពុជា​ ហើយត្រូវបានថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ នៅទីតាំងសំខាន់ៗ ទុកជាភស្តុតាង ជាមេរៀន និង​បទ​ពិសោធន៍​សម្រាប់​អ្នក​សិក្សា​ជំនាន់​ក្រោយ​ ជា​ពិសេស​ទទួល​បាន​ការ​អភិវឌ្ឍន៍​ប្រក​ប​ដោយ​ចេរភាព។

​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការ​បរទេស​ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ


     មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះដែ​ល​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការ​បរទេស​ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា៖ គោល​បំណង​ នៃ​អង្គសិក្ខាសាលា​ គឺដើម្បីបង្កើត​ និង​ថែរក្សាចិរភាព​នូវគុណតម្លៃនយោបាយឈ្នះ ឈ្នះ ដែលជាសសរទ្រូង​ដ៏​រឹង​មាំ​ នៃការ​បង្កើតវិមានឈ្នះ ឈ្នះ និងដែលមានបាវចនាស្តីពី “កតញ្ញូ សុខដុម និងការចូលរួម” ឱ្យកាន់​តែ​ខ្ព​ង់​ខ្ពស់​ត្រដែត​ត្រដឹម​ឡើង​ថែម​ទៀត​។​ សិក្ខាសាលានេះ ក៏មានគោលបំណងកំណត់ឱ្យបាននូវតំបន់ប្រវត្តិ​សាស្ត្រ​យោធា ​​គឺដើម្បីធានា ការពារ គ្រប់គ្រង និងប្រើប្រាស់ ឬទុក​ជាមរកតសម្រាប់ប្រវត្តិសាស្ត្រ ក្នុងពេលដែល​បញ្ចប់​សង្គ្រាម និងទទួលបានសន្តិភាព ដើម្បីឃើញការអភិវឌ្ឍ និងជាកត្តាឆ្លុះបញ្ចាំងទៅដល់អត្ថន័យដ៏ធំនៃ​សន្តិភាព ​និង​បាន​មក​ដោយនយោបាយឈ្នះ ឈ្នះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ គោលបំណង នៃអង្គសិក្ខា​សាលា​ ក៍​ដើម្បីពិនិត្យការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រយោធា​ ដែលមាននៅនឹងកន្លែង ហើយតភ្ជាប់ពីតំបន់មួយទៅ​តំបន់​មួយ ​ដើម្បីឱ្យឃើញមាននូវសំណាញ់ប្រវត្តិសាស្ត្រយោធា ដែលមាន​សម្រាប់​ការ​កកើត​នូវ​ប្រវត្តិ​សាស្ត្រ​ជាតិ​ និង​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ​។​ នៅ​ក្នុង​ការ​បង្ហាញនូវទស្សនទាន​ស្តី​ពី​សិក្ខា​សាលា​រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​អន្លុង​វែង​ នា​ពេល​នោះ ​ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងជាសំណួរថា៖ ហេតុ​អ្វី​បាន​ជា​ត្រូវ​រៀប​ចំសិ​ក្ខា​សាលា​នៅ​អន្លុងវែង​? ​ទាក់​​ទ​ង​ទៅ​​នឹង​​សំណួរ​នេះ ឯកឧត្តម បានផ្តល់ចំលើយថា៖ 

      -គុណ​ធម៌​ឈ្នះ​ ឈ្នះ​ នៅទីនេះអាចបង្ហាញអំពីភាព​ស្មោះ​ត្រង់​ពី​នយោ​បាយ​ឈ្នះ ឈ្នះ ដែលមិន​បោះបង់ មិនធ្វើ​ចប់​ហើយ​លែង​គិត​គូរ ​ដូច្នេះ​ភាព​ទាក់​ទង​ ក្នុងការបង្កើតទំនាក់ទំនង គឺ​ជា​សីលធម៌ ​និង​ជាគុណធម៌ ដ៏ធំមួយ​ នៃ​នយោ​បាយ​ឈ្នះ ឈ្នះ ឈរលើការធានាបីយ៉ាង។

     -ភូមិសាស្រ្តអន្លុង​វែង​ គឺជាទីតាំងចុងក្រោយ នៃការបញ្ចប់សង្រ្គាម ហើយបង្កើតបានសន្តិភាព ជាតំបន់ កូន​ពៅ ​និង​ជាខ្សែឆ្លង​ពី​បញ្ចប់​សង្រ្គាម​ទៅ​សន្តិភាព​។​

    -ទីតាំង​ច្រើនកន្លែង​នៅទីនេះ ដែលមានប្រវត្តិទៅនឹងការដឹកនាំ ឬ​ក៏​បង្ហាញ​ស្លា​កស្នាម​ នៃកម្លាំង​របស់​ខ្មែរក្រហម។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈ​កម្មា​ធិការ​កណ្តាល​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​ជា​អនុ​ប្រធាន​ទី១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ


    ថ្លែង​បើក​អង្គ​សិក្ខា​សាលា​ ស្តីពី​ការ​រៀប​ចំ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​នា​ឱកាស​នោះ ​ឯកឧត្តម គន់ គីម បានមាន​​ប្រសាសន៍​ថា​៖ អន្លុង​វែង​ គឺ​ជា​ភូមិសាស្ត្រ​មួយ​ ដែលគេតែងគិតថាដាច់ឆ្ងាយ ក្នុងពេលដែលអន្លុង​វែង គឺ​ជាភូមិ​សាស្ត្រ​ មួយ​មាន​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ជាតិ តំបន់ និង​ពិភព​លោក​ ក្នុង​ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយនៅទីនេះ​ ពិតជាមាននូវរឿងរ៉ាវជាច្រើន ដែលកើតឡើង និងបង្កប់ទុកនូវសារៈប្រយោជន៍សម្រាប់ធ្វើការសិក្សា​រៀន​សូត្រ​ និង​ការ​បង្ហាញនូវតឹក​តាង​ នៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​។​ ឯកឧត្តម បានបន្តថា៖ ការរៀបចំ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រយោធា គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ដែល ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងក្នុងការពង្រីក​ចក្ខុ​វិស័យ​របស់​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១​៨កន្លង​មក​។​ ក្នុ​ងចក្ខុ​វិស័យនេះ គឺពង្រីកឲ្យបាននូវការសិក្សា និងឃើញច្បាស់នូវអត្ថន័យ​អន្លុង​វែង​ជា​ប្រវត្តិ​សាស្ត្រ​ បង្កើត​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ ​និង​សមិទ្ធ​ផល​នានា​ ដែល​មាន​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​ក្នុង​ការ​បញ្ចប់​សង្គ្រា​មនេះ​។ ​ឯកឧត្ត​ម ទេសរដ្ឋមន្ត្រី គន់ គីម បានសំ​ដែងនូវ​ក្តី​សង្ឃឹម​ថា៖​ តាម​រយៈ​អង្គសិក្ខាសាលានេះ នឹង​ធ្វើឲ្យអន្លង់​វែង​ក្លាយ​ជា​តំបន់​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ ហើយ​មានសារៈប្រយោជន៍ និង អភិវឌ្ឍន៍​លឿន ​ដូច​មាន​បង្ហាញ​នៅ​ក្នុ​ង​ប្លង់​គោល​សម្រាប់​អភិវឌ្ឍស្រុកអន្លុងវែង ​ដើម្បីឆ្លើយតប​នឹង​តម្រូវ​ការ​ថា ​ជា​សមិទ្ធផល​ជាក់​ស្តែង​នៃ​នយោបាយ​ឈ្នះ ឈ្នះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ