អស់រយៈពេល៤១ឆ្នាំ! ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាមានការវិវត្តន៍ ១៨០អង្សា ចាកចេញពីគំនរផេះផង់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល៤១ឆ្នាំ ផ្តើមចេញជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជាសម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹកស្មានដល់។ កម្ពុជាពីមុន ដែលត្រូវបានទទួលការញ៉ាំញី និងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ និងបែងចែកទឹកដី អសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និងនិយាយដោយឡែកខេត្តសៀមរាប បានក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយ នៅក្នុងតំបន់ និងពិភពលោក ហើយមានប្រជាជនរស់នៅ ក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និង ក្នុងសង្គមជាតិទាំងមូល អរគុណ! សន្តិភាព។ មិទ្ទីញអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២០នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។
បន្ទាប់ពីបានស្តាប់នូវសេចក្តីថ្លែងសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសមិទ្ទីញរំព្ញកខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ដែលផ្សាយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាតិរួចមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបញ្ជាក់នូវខ្លឹមសារ នៃសេចក្តីថ្លែងសន្ទរកថានោះបន្តថា៖ កម្ពុជា គឺជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈនៃការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករ៉េ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពស្នើភាពគ្នា នៅចំពោះមុខច្បាប់។ កម្ពុជាដែលពីមុនត្រូវបានគេប្រមាថមើលងាយត្រូវបានគេហ៊ុមព័ទ្ធ និងឯកោខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវគឺជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ បូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិនូវរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាពីមុនជាប្រទេស ធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក។ កម្ពុជាដែលពីមុនជាប្រទេសអន់ថយបំផុត ខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ដោយភាពក្រីក្រខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរ តែឥឡូវនេះកម្ពុជា បានក្លាយជាប្រទេសដែលនាំស្រូវ-អង្ករចេញទៅលក់នៅក្រៅប្រទេស ជាមួយនឹងធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង ហើយបានស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេនៅលើពិភពលោក សម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកែលម្អសូចនាករផ្នែកសង្គមិច្ច និងលើសពីនេះទៀត កម្ពុជាបានឆ្លងកាត់ដោយជោគជ័យ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតទាប ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
ពិធីប្រារព្ធខួបអនុស្សាវរីយ៍៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ( ១៩៧៩-២០២០ )នៅខេត្តសៀមរាប មានព្រះសង្ឃ ប្រជាជន មហាជន មន្រ្តីរាជការមកពីគ្រប់បណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត វិស័យឯកជន សរុបប្រមាណជាង១ពាន់នាក់ ជាមួយភាពអធឹកអធមនោះ ក្រោមការរៀបចំដោយអាជ្ញាធរខេត្តសៀមរាប ព្រមទាំងបានធ្វើការដាក់តាំងពិព័រណ៌ នៃកម្រងរូបភាពជាប្រវត្តិសាស្ត្រនៃកម្ពុជាពីឆ្នាំ១៩៥៣ និង សមទ្ធិផលនានាដែលកើតឡើងក្រោមដំបូល សន្តិភាព ដែលរៀបចំឡើងដោយយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ៕