ព័ត៌មាន

​កង​ពល​ធំ​អន្តរាគមន៍​លេ​ខ៣​ ​ប្រារព្ធ​ខួប​១០​ឆ្នាំ ​ថ្ងៃ​បង្កើត​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​
នាយកដ្ឋានព័ត៌មាន(៣)
226
1391 ​កង​ពល​ធំ​អន្តរាគមន៍​លេ​ខ៣​ ​ប្រារព្ធ​ខួប​១០​ឆ្នាំ ​ថ្ងៃ​បង្កើត​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​

      កង​ពល​ធំអ​ន្តរាគមន៍លេខ៣ ដែលឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខ សុវត្តិភាពជូនប្រជាពល​រដ្ឋ​ក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃ​បង្កើត​កង​ពល​ធំ​អន្តរាគមន៍លេខ៣ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨-ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ។ ពេលអញ្ជើញដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣


      ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអោយដឹងថា៖ កង​ពល​ធំអន្តរាគមន៍លេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានបង្កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានបង្កើតឡើងក្រោយព្រឹត្តិការណ៍ ដែលតំបន់ប្រាសាទព្រះវិហារ ត្រូវបានទទួលរងការរំលោភបំពាន​ពី​សំណាក់​ ស​ត្រូវ​ឈ្លាន​ពាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០០៨ ​តែ​ជាង​៣​ខែ​ប៉ុណ្ណោះ​ ដោយបានបង្កើតចេញពី​អតីត​កងពលតូចអន្តរាគមន៍លេខ១២ ចំណុះកងទ័ពជើងគោក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បាន​បញ្ជាក់​អោយ​ដឹងទៀតថា៖ ឆ្លងកាត់បេសកកម្មបំពេញភារកិច្ចជូនជូនប្រទេសជាតិ នារយៈពេលកន្លង​មក​ កង​ព​លធំ​អន្តរាគម​ន៍​លេ​ខ៣​ បាន​បន្សល់ទុកនូវស្នាដៃ និង​សមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ កងពល​ធំអន្តរាគមន៍លេខ៣ បច្ចុប្បន្ន មានរចនាសម្ព័ន្ធចាត់តាំងរួមមាន៖ ទីបញ្ជាការ កងពល១ និងមាន​៣ ​កង​ពល​តូច​អន្តរាគមន៍​ចំណុះ ​គឺ​កងពលតូច​អន្តរាគមន៍​លេខ​៧ ​លេខ​៨​ និង​លេខ៩​ ដែល​មានភារកិច្ចស្នូល៖ សហការ​ជា​មួយអង្គភាពមិត្ត ឈរជើងការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ ក្នុងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ចាប់ពីភូមិសាស្ត្រ ព្រំប្រទល់ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​ ដល់ភូមិសាស្រ្ត ប្រាសាទព្រះវិហារ មុំបី ក្នុងស្រុកជាំក្សាន្ត ដល់ភូមិសាស្រ្ត កំពង់ស្រឡៅ ស្រុកឆែប ខេត្ត​ព្រះវិហារ ដែលមានចម្ងាយ គិតតាមខ្សែបន្ទាត់ព្រំដែន ប្រវែងប្រមាណជាង ២០០គ.ម។ ក្រៅពីភារកិច្ចស្នូលខាងលើ កងពលធំអន្តរាគមន៍លេខ៣ ក៍ជាកម្លាំងត្រៀមចល័តអន្តរាគមន៍ យ៉ាងសំខាន់របស់ រាជរដ្ឋា​ភិបាល ​ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក តាមបទបញ្ជា។ កងពលក៏ជាកម្លាំងសហការយ៉ាងសំខាន់ ​ជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់​ ក្នុងការរក្សានូវ សន្តិសុខ សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។ ទទឹមនឹងនេះ កង​ពល​ធំ​អន្តរាគមន៍លេខ៣ ក៏បានត្រៀមកម្លាំងចុះជួយជាប្រចាំ​ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក និង ត្រៀមលក្ខណៈ ជួបគ្រោះសង្រ្កោះប្រជាពលរដ្ឋពី​គ្រោះធម្មជាតិផ្សេងៗ។ ឯកឧត្តម ក៏បាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ កងសាងកងពលធំអន្តរាគមន៍លេខ ៣ ជាពិសេសថ្លែង អំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កងពលលើការកសាងអង្គភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់​នាយទាហាន ពលទហាន ក្នុងពលធំអន្តរាគមន៍លេខ ៣។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ


     ថ្លែងនៅក្នុងពិធីប្រារព្ធខួបកំណើតកងពលធំអន្តរាគមន៍លេខ ៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយគ្រួរសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសក្នុងគ្រោះថ្នាក់ រលំបាក់អាគារ នៅក្នុងខេត្តកែប ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង​ថា៖​ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ ថ្ងៃបង្កើតកងពលអន្តរាគមន៍ធំលេខ ៣ នាពេលនេះ គឺស្រប ពេល​ដែរ​​ព្រះជាណាចក្រកម្ពុជា បានកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី​៤១ ទិវាជ័យជំនះថ្ងៃ៧ មករា។ សម្ដេចពិជ៍យសេនា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រ និងមានការជឿជាក់លើនាយ​ទាហាន​ ពល​ទហាន​ កងពលអន្តរាគមន៍លេខ៣ ដែលបានធ្វើឲ្យបងប្អូនឈរជើងការពារ​បាន​យ៉ាង​រឹង​មាំ​ក្នុង​ការ​បំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និង សន្តិសុខជូនប្រជាពលរដ្ឋក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ កំលាំងកងពលធំអន្តរាគមន៍លេខ ៣ គឺជាកំលាំងមិនអាចខ្វះបាន ក្នុងការចូលរួម​ចំ​ណែក ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មញ ការពាររាជរដ្ឋាភិបាលស្រប​ច្បាប់​ ជាពិសេសទប់ស្កាត់បដិវត្តពណ៌ និងក្រុមប្រឆាំងនានា ដែលមានបំណងបំផ្លិចបំផ្លាញរដ្ឋាភិបាល  និងសន្តិភាព នៅកម្ពុជា។ សម្តេចពិជ័យសេនាក៏បានថ្លែងអំណរគុណដល់សន្តិភាព ដែលបានធ្វើអោយយើងទាំងអស់គ្នា បានរស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើន។ សម្តេចពិជ័យសេនា ក៏បានជំរុញអោយកងពលត្រូវបន្តខិតខំកសាងអង្គភាព ហ្វឹកហ្វឺនរៀនសូត្រ ទាំងជំនាញបច្ចេកទេស និង ការងារអប់រំចិត្តសាស្ត្រ ធ្វើការសហការអោយបានល្អជាមួយអាជ្ញាធរដែនដី កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់​បង្រ្កា​បប​ទល្មើស​ផ្សេងៗ​ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ និង បង្កើនកិច្ចសហប្រតិបត្តការជាមួយប្រទេស​ជិត​ខាង​ ដើម្បី​រួម​ចំ​ណែក​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​អោយ​បាន​ កាន់​តែ​រឹង​មាំ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ