ព័ត៌មាន

ប្រ​ជុំ​ឆ្លង​របាយ​ការណ៍​​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
199
1389 ប្រ​ជុំ​ឆ្លង​របាយ​ការណ៍​​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​

     ស្ថិត​ក្រោម​អធិបតីភាព​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃ​ទី០២​ ខែ​មករា​ ឆ្នាំ​២០​២០​ ក្រសួងកា​រពារ​ជាតិ​ បាន​ធ្វើការ​ប្រជុំបូកសរុប​ការងារឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២០។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សំ​​ វ៉ាន់​ថន​ អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អានរបាយការណ៍បូក សរុប​ការ​ងារ​ 


     ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សំ​​ វ៉ាន់​ថន​ អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អានរបាយការណ៍បូក សរុប​ការ​ងារ​ ដោយបានលើក​ឡើង​ពី​ព្រឹត្តិការណ៍សំខាន់ ដែល​បានកើតមានឡើងនៅក្នុង​ព្រះរាជាណា​ចក្រ​ កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាពការណ៍​វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​​ដែល​​បា​នកើត​ឡើង​នូវ​ព្រឹត្តិ​ការណ៏​ធំៗ​ ពិសេស​ព្រះរាជ​ពិធី​បុណ្យជាតិ ​បុណ្យរបស់រាជរដ្ឋាភិបាល​ ខួប​កំណើត​ខ.ភ.ម ពិសេសក្រសួងការពារជាតិ​បាន​ប្រារព្ធខួប​វិមានឈ្នះ ! ឈ្នះ ! កន្លងមកថ្មីៗផងដែរ។ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផល ការងារ នៃកិច្ចការពារ សន្តិសុខ ស្ថិរភាព សណ្តាប់​ធ្នាប់​សាធារណៈ ដែលកងយោធពល​ខេមរភូមិន្ទ ក៏ដូចជា កង​រាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល១ឆ្នាំកន្លង​ទៅ​ ក្រោមកិច្ចសហការជាមួយ​កំលាំង​ មាន​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​។​ ខ.ភ.ម​ បាន​ចូលរួមទប់ស្កាត់​ឧបាយ​កល ​ និង​កល​ល្បិច ​ក្នុង​ការ​ប៉ុនប៉ងវិលចូល​ប្រទេស​របស់​ជន​ក្បត់ជាតិ សម រង្សី និងបក្សពួក ដែលមានបំណងចូល​មក​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​កើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា។

    ចំណែក​លទ្ធផល​ការងារកែទំរង់កង​យោធពលខេមរ​ភូមិន្ទ​វិញ​ នៅក្នុងរយៈពេល១ឆ្នាំ​២០១៩​នេះ របាយការណ៍ បានបញ្ជាក់ថា​៖​​ បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តាសាលា, កងឯកភាព, ការ​ដាក់​យោធិន​ឲ្យចូលនិវត្តន៏ និងមានការជ្រើសរើស​កងទ័ព​បំពេញក្រប​ខ័ណ្ឌ​នានា នៅទូទាំងប្រទេសផងដែរ។ខ.ភ.ម​ បាន​ធ្វើម្ចាស់ការលើការពង្រឹង និងការពារនៅ​តាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ ជាមួយប្រទេសជិតខាង​។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អ ជា​មួយ​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​ៗ​  ដើម្បី​ឲ្យ​ភូមិ ឃុំ មាន​សុវត្តិភាព​។ សំរាប់ទិសដៅអនុវត្តបន្ត នៅក្នុងឆ្នាំ​២០២០ របាយការណ៍បានដាក់ចេញ នូវទិស​ដៅ ​អោយគ្រប់បណ្តាអង្គភាព កងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទំរង់កងយោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​ពង្រឹងប្រៀប​ការពារ​ជាតិ នៅ​តាម​ព្រំ​ដែន​ ត្រៀម​គ្រ​ប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋ នៅ ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង ​និង​បន្តរួមសហការ​ ការ​ពារ​សន្តិសុខ​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​​ល្អ​ប្រសើរ​ បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ ​ទាំង​ប្រទេស​ក្នុង​តំបន់​ និង​នៅ​លើ ​សាកល​លោក​ ឲ្យ​បាន​កាន់​តែជិត​ស្និត​ឡើង​។

     ក្នុង​ឱកា​ស​នោះ ​សម្តេ​ច​ពិជ័​​យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ​ព្រម​ទាំងសមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បានធ្វើការពិភាក្សាលើខ្លឹមសារ​របាយការណ៍ បូកសរុបការងារ​ឆ្នាំ២០១៩ និងទិស​ដៅ​ឆ្នាំ​២០២០ ដើម្បីដាក់ចេញអោយអនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត។​ បន្ទាប់​មក​ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏​បាន​ប្រគល់​លិខិ​ត​តែង​តាំង​ជា​អនុរដ្ឋ​លេខា​ធិ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ ចំនួន​០៤​​រូប​ មាន៖ ឯ.ឧ ​ឧត្តម​សេនីយ៏​ឯក​ សួន ​បវរ, ឯ.ឧ ឧត្តមសេនីយ៏ឯក ស ថាវី, ឯ.ឧ ​ឧត្តមសេនីយ៏​ឯក​ តេង ​ឈួន ​និង ឯ.ឧ ​ឧត្តម​សេនីយ៏​ឯក​ ប៉ែន ​ហត​ ដែល​រាជ​រដ្ឋា​ភិបាល ​ទើប​បាន​តែង​តាំង​កាល​ពី​ពេល​ថ្មីៗ​ កន្លង​​ម​កនេះ​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ