ព័ត៌មាន

ឯកឧត្តម ​ជា ​សា​រ៉ន​ ចូល​រួម​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៧ ​បិទ​វគ្គ​បំប៉ន​ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៤​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ឆត្រ​យោង​ជំនាន់​ទី២៨​ នៅ​ទីលាន​តំបន់​ក្តាន់​រយ​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
179
1388 ឯកឧត្តម ​ជា ​សា​រ៉ន​ ចូល​រួម​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោង​ជំនាន់​ទី​២៧ ​បិទ​វគ្គ​បំប៉ន​ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៤​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ឆត្រ​យោង​ជំនាន់​ទី២៨​ នៅ​ទីលាន​តំបន់​ក្តាន់​រយ​ ខេត្ត​កំពង់​ស្ពឺ​

    បន្ទាប់​ពីបានដំណើរការហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីលានអស់រយៈពេល ២ខែ របស់​សិក្ខាម​ឆត្រយោ​ងជំនាន់ទី២៧ ត្រូវបានអនុវត្តលោតឆត្រជាក់ស្តែងពីលើឧត្ថម្ភាគចក្រ នៃកងយោធពលខេម​រភូមិន្ទ​​​នៅលើទីលាន នៃភូមិសាស្ត្រក្តាន់រយ​ ភូមិថ្មរគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការរៀប​ចំ​ទាំង​ការ​​ហ្វឹក​ហាត់ យ៉ាងយកចិត្តទុកដាក់ពី​អង្គភាពកងពលតូចទ័ព​ពិសេស​ឆត្រយោង៩១១។ ជាមួយ និង​ពិធី​បិទ​វគ្គហ្វឹកហ្វឺនជំនាញឆត្រ យោងជំនាន់ទី២៧ បិទវគ្គបំប៉នជំនាញ​ឆត្របញ្ជាជំនាន់ទី៤ ក៏ត្រូវបានបើក​ឲ្យដំណើរ​ការ​​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ឆត្រ​យោងជំនាន់ទី២៨ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ ​នេះស្ថិត​ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើង​​គោក​ និង​ជា​តំណាង ឯកឧត្តម​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង​កង​ទ័ពជើង​គោក ​និ​ង​​​ជា​មេ​បញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១


   ក្នុង​របាយការណ៍ស្វាគមន៍ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង​កង​ទ័ពជើង​គោក ​និ​ង​​​ជា​មេ​បញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទ បញ្ជា​ហ្វឹក​ហ្វឺន​របស់​​មេ​បញ្ជាការ​​កង​ទ័ព​ជើង​គោក និ​ងផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់កងយោធពល ខេមរភូមិន្ទ លើការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស លើផ្នែកជំនាញឆត្រយោង ឲ្យដល់កងយោធពលខេមរភូមិន្ទ កង​ពល​តូច​ទ័ព​ពិសេស​ឆត្រយោង៩១១ បានដំណើរការនូវវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ​ឆត្រយោង សំរាប់ជំនាន់ទី​២៧មួយវគ្គ ឲ្យដល់សិស្ស​នាយទាហាន​ទ័ពជើង​គោក​ជំនាន់ទី៩​ ​ដែល​មានសិក្ខាកាមចូលរួមហ្វឹកហ្វឺន សរុបចំនួន២៩៧នាក់ ក្នុងនោះ​សិក្ខាកាម​នាយទាហាន​ទ័ព​ជើ​ងគោក​ ចំនួន​២៣៧នាក់ នារី​៤០​នាក់​ សិក្ខា​កាមអង្គភាព​កង​ពល​តូច​ទ័ព​​ពិសេស​ឆត្រយោង៩១១ ចំនួន៥០នាក់ និង​សិក្ខាកាមមកពីបញ្ជាការដ្ឋានជាតិ​​កម្លាំង​ពិសេស​ប្រឆាំង​​ភេរវកម្ម​ចំនួន​​១​០នាក់​​​។ ក្រោយ​ពី​ហ្វឹក​ហាត់​ទាំង​ទ្រឹស្តី ​និង​ការអនុវត្តលោតឆត្រ ​ជាក់​ស្តែងអស់​រយៈ​ពេល​៦៣​ថ្ងៃ ​សិក្ខា​ម​ទាំង​អស់ទទួលបាន​លទ្ធផល និទ្ទេសល្អ៦៩នាក់, ល្អបង្គួ២០៥នាក់, មធ្យម២០នាក់ និងបញ្ហា​សុខភា​ពចំ​នួន​៣​នាក់​។ ចំណែក​ឯ​វ​គ្គបំប៉នជំ​នាញ​ឆត្របញ្ជាជំនាន់ទី៤ មានសិក្ខាកាមចូលរួមសរុបចំនួន ៥០​នាក់​ រយៈពេលហ្វឹកហ្វឺន​៦៣ថ្ងៃ ជាលទ្ធ​ផលល្អណាស់០៥នាក់ ល្អ២៧នាក់ ល្អបង្គួ១៧នាក់ និងមធ្យម០១នាក់។ ចំពោះ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញឆត្រយោងជំនាន់ទី២៨ ដែលបានបើកវគ្គនាពេលនេះ គឺមានសិក្ខាកាមចូលរួមសរុបចំនួន​១៨​០​នាក់​ ក្នុងនោះ​សិក្ខាកាម​នាយទាហាន​សកម្មជំនាន់ទី​២១ ចំនួន១១៥នាក់ ស្រី១៧នាក់ សិក្ខាកាម នៃអង្គភាពកងពល​តូច​ទ័ព​​ពិសេស​ឆត្រ​យោ៩១១ ចំនួន៥០នាក់ និងសិក្ខាកាមមកពីអង្គភាព បញ្ជាការដ្ឋានជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្មចំនួន១៥នាក់ ហ្វឹកហ្វឺនរយៈពេល២ខែដូចគ្នា គិតចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើង​​គោក​ និង​ជា​តំណាង ឯកឧត្តម​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​


   ក្រោយ​ពី​បាន​តាម​ដានស្តាប់នូវរបាយការណ៍ និង​ទស្សនាការសម្តែងលោតឆត្រហ្វ្រីហ្វល របស់ក្រុមគ្រូ យោធា​ចារ្យ​ ​នៃអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន បានសម្តែង​នូវ​ការកោត​សរសើរ និងវាយតម្លៃ​ខ្ពស់ ចំពោះការ​យកចិត្តទុកដាក់ ខិតខំប្រឹងប្រៃងរបស់ឯកឧត្តមមេបញ្ជាការ មេ​បញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងកងពលទាំងអស់​ ដែល​បានសហការ​សាមគ្គី​ឯក​ភាព​ធ្វើឲ្យ​​សម្រេច​នូវ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រចាំ​ឆ្នាំ របស់កងពលនាពេលនេះ។ ឯកឧត្តម ជា សារ៉ន បានជំរុញដល់កង​ពលតូចទ័ព​ពិសេសឆត្រយោង៩១១ ​ត្រូវបន្តជំរុញការយកចិត្ត​ទុកដាក់​បង្កើនសមត្ថភាព ​ធនធានមនុស្ស ដើម្បីដើរ​តាម​ការវិវឌ្ឍន៍​ជឿន​លឿន លើ​គ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។ ឯកឧត្តម ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ការហ្វឹកហ្វឺនថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅ និង​គោល ​នយោ​បាយ​របស់​រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបំរើឲ្យការ​បំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។ ឯកឧត្តម ជា សារ៉ន ក៏បានផ្តាំ​ផ្ញើ​​ដល់​ប្អូនៗ​ ដែលទើបបញ្ចប់ការហ្វឹកហ្វឺន និងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្ត​​ឲ្យ​បាន​ល្អ​ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញ វិជ្ជាជីវៈ ដើម្បីក្លាយ​ជា​អ្នកបន្តវេន ទៅថ្ងៃអនាគត។​ ឯកឧត្តមបានជំរុញនាយទាហាន ពលទាហានត្រូវចូលរួមថែរក្សា សុខសន្តិភាព មិនអនុញ្ញាត្តិ​ឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះ​ត្រង់​ជា​​និច្ចជា​មួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់​ពេលវេលា យើងមានសន្តិភាពមកដល់​ពេលនេះ​​ ដោយការ​សាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹង ពង្រីកការងារ ការកសាងធន​ធាន​មនុស្ស ​និងការកសាងអង្គភាពរបស់ខ្លួន។ ក្នងឱកាស​ប្រកាសបិទ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់​ទី២៨ នោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ ជា សារ៉ន បាននាំយកថវិការបស់​បញ្ជាការដ្ឋានកងទ័ព​ជើង​គោក​ចំនួន ​៥លានរៀល​ ឧបត្ថម្ភដល់កងពលតូចទ័ពពិសេសឆត្រ​យោង៩១១ និង​ឧបត្ថម្ភដល់​ក្រុម​ អាកាស​យាន​នឹក​ ចំនួន​១​លាន​រៀល​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ