ព័ត៌មាន

ពិធី​បូក​សរុប​លទ្ធផល​ការ​ងារ​កីឡា​ខ.ភ.ម ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការ​ងារ​អនុវត្ត​បន្ត​ឆ្នាំ២០២០​
នាយកដ្ឋានព័ត៌មាន(៣)
191
1387

     នៅទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ថ្ងៃទី៣០​ ខែ​ធ្នូ​ ឆ្នាំ២០១៩​ មជ្ឈមណ្ឌល​ហ្វឹកហ្វឺនកីឡា​កងយោធពល​ខេមរភូមិន្ទ​បាន​ប្រារព្ធ​ពិធី​បូក​សរុប​លទ្ធផល​ការ​ងារ​កីឡា ខ​.ភ.ម ឆ្នាំ២០១៩​ និ​ង​ទិសដៅការងារ​អនុវត្តបន្តឆ្នាំ២០២០ ក្រោម​អធិបតីភាព​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

      ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ តែម ​ម៉ឺន ​នាយក​មជ្ឈមណ្ឌល​កីឡា​ នៃ​កងយោធពល​ខេមរភូមិន្ទ​ បាន​ថ្លៃង​សុន្ទរកថា​ស្វាគមន៍​ និង​របាយការណ៍​បូកសរុបលទ្ធផលការងារកីឡា ខ.ភ.ម ដោយ​បានគូសបញ្ជាក់ថា៖ នៅ​ក្នុងឆ្នាំ២០១៩​ នេះ​កីឡា​ខ.ភ.ម បាន​ធ្វើប្រកួត​ទទួល​មេដាយសរុបទាំងក្នុង និង​ក្រៅប្រទេសបានចំនួន១៩០​គ្រឿង  រួម​មាន​៖ មេ​ដាយមាស​ចំនួន៩៥​គ្រឿង មេ​ដាយ​ប្រាក់​ចំនួន៥០​គ្រឿង​ មេ​ដៃ​សំរឹទ្ធ​ចំនួន៤៥​គ្រឿង​ ពាន​ចំនួន​៩ និង​ខ្សែ​ក្រវ៉ាត់​ចំនួន៤​ខ្សែ​។ ឯកឧត្តម​ តែម ម៉ឺន ​បាន​បញ្ជាក់ថា៖​ សមិទ្ធផល​ដែល​យើង​កំពុងទទួលបាន និង ដែល​កំពុងមានការអភិវឌ្ឍរីកចម្រើន រួមទាំង ជោគជ័យរបស់កីឡាជាតិ កីឡាកងយោធពលខេមរភូមិន្ទនាពេល​នេះ ​គឺ​ជាការ​ឆ្លុះបញ្ចាំង​មក​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញ​លេញ​ ក្រោមការ​ដឹកនាំដ៏​ត្រឹម​ត្រូវ​​របស់ សម្ដេច​តេ​ជោ​ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី។​

      ចំពោះទិ​​សដៅ ​ឆ្នាំ​២០២០ ឯកឧត្តម តែម ម៉ឺន បានបញ្ជា​ក់ថា​​៖​ មជ្ឈមណ្ឌល​ហ្វឹកហ្វឺ​នកីឡាកងយោធពល​ខេមរភូមិន្ទ នឹង​ធ្វើ​ផែន​ការយុទ្ធសាស្ត្រ​កីឡា ​ស្របតាមផែនការកម្មវិ​ធី​គោល​នយោបាយ​កីឡាជាតិ ​របស់​រាជ រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ដាក់​ចេញនូវផែនការកម្មវិធីហាត់ហ្វឹកហ្វឺន ការពង្រឹងកសាងអភិវឌ្ឍធនធានមនុស្សមាន​មន្ត្រី​គ្រប់គ្រោង ដឹកនាំមន្ត្រីបច្ចេកទេស គ្រូបង្វឹកកីឡា លើកកម្ពស់សមត្ថភាពជំនាញ ដើម្បីត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​គ្រប់​គ្រាន់​ ធានាអោយការ​ចូលរួមប្រកួត​ទទួល​បាន​ជ័យ​ជំនះ ​ទាំង​លក្ខណៈជា​តិ ​អន្តរជាតិ ​ជា​ពិសេស​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣​ខាង​មុខ​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​។​

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​


     ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផលការងារ​កីឡាកង​យោធ​ពលខេមរ​ភូមិន្ទ​ឆ្នាំ២០១៩ ​និង​ទិសដៅ​ផែនការសម្រាប់​អនុវត្តឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កីឡាករ កីឡាការិនី កងយោធពលខេមរភូមិន្ទ ដែលបានខិតខំហ្វឹកហាត់ ចូលរួមប្រកួត​ ទទួលបានលទ្ធ​ផល​ល្អ ​នាំ​មក​នូវស្នាដៃកេរ្តិ៍ឈ្មោះ​ជូន​ជាតិ​មាតុ​ភូមិ។ សម្ដេចពិ​ជ័យ​សេនា​ បានស្នើឲ្យមជ្ឈមណ្ឌលហ្វឹកហ្វឺន​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវរៀបចំការប្រកួតកីឡាក្នុង​កងយោធពលខេមរភូមិន្ទ និង​ទៅ​ចូល​រួម​ក្នុងការប្រកួត​ជា​មួយ​សហព័ន្ធផ្សេងៗ ដើម្បីឲ្យកីឡាករកាន់តែមានភាពស្វាហាប់ មានសមត្ថភាព ដើម្បីឈានទៅចូលរួម​ប្រកួតក្នុងកម្មវិធីកីឡាផ្សេងៗ អោយទទួលបានជោគជ័យ។ សម្ដេចពិជ័យសេនា ក៏បានស្នើសុំឲ្យមានការ​រៀប​ចំ​ហ្វឹកហាត់​កីឡា​ប្រដាល់​ផ្នែក​នារី​ ឲ្យ​បាន​ច្រើន​ថែម​ទៀត​ សំរាប់ការប្រកួត​នា​ពេល​ខាង​មុខ​ផង​ដែរ​។ ទទឹមនេះ ​សម្ដេច​ពិជ័យ​សេនា​ បានស្នើដល់បណ្ដាអង្គភាពផ្សេងៗ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ត្រូវ​រៀប​ចំ​ឲ្យមានការ​ហ្វឹកហ្វឺនផ្នែក​កីឡា​ ក្នុង​អង្គភាពរ​បស់​ខ្លួន​ ដើម្បីនាំមកនូវសុខភាពរឹងមាំ និង​បាន​ជៀស​ឆ្ងាយ​នូវ​បញ្ហា​ផ្សេងៗ​ដែល​មិន​គប្បី។ នៅក្នុង​ឱកាស​នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់​ថានន្តរស័ក្កិ​ ថ្នាក់​ឧត្តម​សេនីយ៍​ទោ ​ជូន​លោក​ស្រី​ ឧត្តមសេនីយ៍ត្រី វីរៈកីឡាការិនី កែ ឡេង​ ដែលបានទទួលពាន​ពិភពលោកប្រភេទ​កីឡា ​ប៉េតង់ ​ឈ្នះ​៤​លើ​កជាប់​គ្នា​ ចាប់តាំងពីឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៩​។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បាន​បំពាក់​គ្រឿង​ឥស្សរយស ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង និង សប្បុរស​ជន​ដែល​បាន​ជួយ​គាំទ្រលើវិស័យកីឡាខ.ភ.ម​ផង​​ដែ​ល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ