ព័ត៌មាន

បញ្ជាការ​ដ្ឋាន​បញ្ជូនសារ​​កង​​ទ័​ព​ជើង​គោក​ ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​រៀប​រយ​ជំនាញ​បញ្ជូន​សារ ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
53
1385 បញ្ជាការ​ដ្ឋាន​បញ្ជូនសារ​​កង​​ទ័​ព​ជើង​គោក​ ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​រៀប​រយ​ជំនាញ​បញ្ជូន​សារ ​ឆ្នាំ​២០១៩​

     បន្ទាប់ពីបានដំណើរការបើកវគ្គអស់រយៈ​ពេល​​៣​​ខែ​​រួច​មក​ កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩​ បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសបញ្ជូនសារ កងទ័ពជើងគោក ប្រចាំឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង​កង​ទ័ព​ជើង​គោក​។

    នៅក្នុងមតិស្វាគមន៏ និងរបាយការណ៏បិទវគ្ដ ដែលផ្តល់ដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ប៊ូ វណ្ណារក្ស នាយសេនា​ធិការ​រង​ មេ​បញ្ជាការ​ បញ្ចាការដ្ឋានបញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ​បច្ចេក​ទេស​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ ប្រចាំឆ្នាំ២០១៩ ដែលបានដំណើរការបិទ​នា​ពេល​នេះ ​មានសិក្ខាកាមសរុបចំនួន ១០០នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក មានគ្រូយោធាចារ្យ​ចំនួន ​២០​នា​ក់ គណៈគ្រប់គ្រងវគ្គចំនួន​០៥នាក់។ ​ខ្លឹមសាររៀនសូត្ររួមមាន​ យោធារួម, អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ។ រីឯលទ្ធផលក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាន និទ្ទេសល្អបង្គួរចំនួន​៧២នាក់ និងនិទ្ទេសល្អចំនួន២១​នាក់។

    អញ្ជើញមានប្រសាសន៏ក្នុងឱកាសនោះ ​ឯកឧត្តម ប្រាក់ សុវណ្ណា ក្នុងនាមឯកឧត្តម មេបញ្ជាការកងទ័ពជើង​គោក​ បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើង​គោក​ ថ្នាក់​ដឹក​នាំ​ និងគ្រប់ស្ថាប័នចំណុះកងទ័ជើងគោក បានជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិការ តាំងដើម​រៀង​មក​រហូត​ ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះទទួល​បាន​លទ្ធផល​ជោគ​ជ័យ​គួរ​ជា​ទី​គាប់ចិត្ត និងបានកោតសរសើរចំពោះ ឯកឧត្តម ប៊ូ វណ្ណារក្ស នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានបញ្ជូនសារ កង​ទ័ព​ជើង​គោក​ គ្រូ​យោធាចារ្យ គណៈគ្រប់គ្រងវគ្គ រួមនឹងសិក្ខាកាមទាំងអស់បានខិតខំបំពេញភារកិច្ចប្រកប​ដោយ​កិច្ចសហការខ្ពស់ រហូត​ធ្វើឲ្យវគ្គនេះបានបញ្ចប់ទៅតាមការគ្រោងទុក្ខ។ ឯកឧត្តម ប្រាក់ សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសបញ្ជូនសារ កងទ័ពជើងគោក ឆ្នាំ២០១៩ ដែលបាន​ប្រារព្ធពិធីបិទនាពេល​នេះ ថាពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដ ស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំង​បរិមាណ និងគុណភាព។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ ជំនាញបច្ចេកទេសបញ្ជូនសារ ជាជំនាញមួយនៅក្នុងចំណោមប្រភេទជំនាញ នៃវិញ្ញាសារដ៏ទៃទៀត ហើយក៏ជាជំនាញដែលជាតម្រូវការចាំបាច់សម្រាប់ធ្វើការទាក់​ទង​តភ្ជាប់​គ្នា​ជា​អចិន្ត្រៃយ៏​ ពីស្ថាប័នមួយទៅស្ថាប័នមួយ បម្រើឲ្យការទាក់ទង ផ្តល់ពត៍មាន ក៏ដូចជាសហប្រតិបត្តិការដឹកនាំបញ្ជាក្នុងពេលប្រយុទ្ធ ត្រៀមប្រយុទ្ធ និងរាល់ករណីធ្វើសកម្មភាពផ្សេងៗទៀត ក្នុងវិស័យកងទ័ព ក៏ដូចជាវិស័យសង្គម ដោយប្រើប្រាស់មធ្យោបាយ តាមប្រព័ន្ធរលកធាតុអាកាស វែង ខ្លី គេហទំព័រ ហ្វេសបុក សារអេឡិចត្រូនិច អ៊ិនធឺ​ណែត ប្រកបដោយសមត្ថភាព និងគុណភាព មិនតែប៉ុណ្ណោះជំនាញបញ្ជូនសារនេះ​ ក៏​ជាជំនាញមួយចាំបាច់ដែលមិនអាចខ្វះបាន ហើយក៏ផ្នែកមួយបានបំពេញតួនាទីយ៉ាងសំខាន់ សំងាត់ឲ្យការងារសេនាធិការ បម្រើការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ និងបំពេញភារកិច្ចបានល្អ។

    ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ពេលវិលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅ និងស្របតាមតួនាទីភារកិច្ចចំពោះមុខ ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន និងផ្តល់ទំនុកចិត្ត។ ត្រូវយកចំណេះដឹង បទពិសោធន៏ដែលទទួលបានពីការសិក្សារៀនសូត្រទៅផ្សព្វផ្សាយ ផ្ទេរចំណេះដឹងដល់មិត្តរួមអង្គភាពឲ្យបានទូលំទូលាយ ត្រូវយកចិត្តទុក្ខចដាក់ខិតខំបន្តស្រាវជ្រាវឯកសារបន្ថែម ក្នុងការបង្កើនចំណេះដឹងឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ដែលកំពុងធ្វើការវិវឌ្ឍន៏ជឿនលឿននាពេលបច្ចុប្បន្ន ធានារក្សាដោយសុវត្ថិភាពរាល់គ្រឿងបំពាក់ សម្ភារៈបរិក្ខាបានបំពាក់មានសុវត្ថិភាព សំងាត់ មិនធ្លាក់ក្នុងដៃអមិត្ត ត្រូវបន្តឆន្ទៈការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និង ការពារបូរណភាពទឹកដី អោយបានគង់វង្ស ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ