ព័ត៌មាន

ឯកឧត្តម ​ប៊ុត ​សុភាព ​ប្រជុំ​ផ្សព្វ​ផ្សាយ ​និង​ត្រួត​ពិនិត្យ​ការ​ងារ​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
106
1365 ឯកឧត្តម ​ប៊ុត ​សុភាព ​ប្រជុំ​ផ្សព្វ​ផ្សាយ ​និង​ត្រួត​ពិនិត្យ​ការ​ងារ​ប្រឡង​ជ្រើស​រើស​នាយ​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឆ្នាំ​២០២០​

      អនុគណៈកម្មការការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ បានប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យការងារប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋាន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព អនុប្រធានប្រចាំការ នៃអនុគណៈកម្មការប្រឡង តំណាងឯកឧត្តម ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡង។

       តាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក អ៊ុង ផល្គុន ប្រធានក្រុមការងារថ្នាក់កណ្តាល ការប្រឡងជ្រើស​រើស​នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់​ពី​គណៈកម្មការជ្រើសរើស ការផ្សព្វផ្សាយព័ត៌មាន ស្តីពីការជ្រើសរើស​នាយ​ទាហាន​ នៃ​កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ បានធ្វើឡើងតាមគ្រប់រូបភាព គ្រប់មធ្យោបាយ ដែលបានធ្វើឱ្យសាធារណជន យុវជនមានការចាប់អារម្មណ៍​ខ្លាំង ​និង​មាន​បេក្ខជនបានដាក់ពាក្យប្រឡងទូទាំងប្រទេស សរុបចំនួន៨០៦៣នាក់ (ប្រុស​៤,៦៧០​នាក់​ / ស្រី៣,៣៥៣​នាក់​)​ ស្មើនឹង​៣២៧បន្ទប់។ ក្នុងនោះ វគ្គនាយទាហានសកម្មជំនាន់ទី២៤ មានចំនួន ២,០២៨នាក់ -វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១២ មានចំនួន៣,០៤៥នាក់ -វគ្គនាយទាហានបន្តវេនជំនាន់ទី១៣ មានចំនួន ២,៣៩៦នាក់ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា មានចំនួន ៥៩៤នាក់។  ការប្រឡងនេះ បានបង្កើតគណៈកម្មការប្រឡង និងគណ:មេប្រយោគ (អគារនុរក្ស មេពូក និងអនុរក្ស) មានចំនួន សរុប ៩៦៦នាក់ តាមមណ្ឌលចំនួន៦ នៅទូទាំងប្រទេស មានមណ្ឌលភ្នំពេញ, មណ្ឌលភូមិភាគទី១ នៅខេត្តស្ទឹងត្រែង, មណ្ឌលភូមិភាគទី២ នៅខេត្តកំពង់ចាម, មណ្ឌលភូមិភាគទី៣ នៅខេត្តតាកែវ, មណ្ឌលភូមិភាគទី៤ នៅខេត្តសៀមរាប និងមណ្ឌលភូមិភាគទី៥ ខេត្តបាត់ដំបង។ ហើយកាប្រឡងលើវិញ្ញាសារចំណេះដឹង​ទូទៅ​ និងភាសា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ និងប្រឡងលើវិញ្ញាសារកីឡា និងកាយសម្បទា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានមានប្រសាសន៍ថា៖ ឆ្លងតាមដំណើរការ នៃការជ្រើសរើសយោធិន​ នៃកងយោធពលខេមរភូមិន្ទកន្លងមកនេះ បានធ្វើមជ្ឈដ្ឋានមហាជនបានចាប់អារម្មណ៍ជាខ្លាំងលើការស្នើសុំចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹង, ការគោរពស្រឡាញ់ មានជំនឿជឿជាក់លើការប្រឡង និងការឱ្យតម្លៃលើកិត្តិយស និងសារៈសំខាន់ នៃតួនាទី និង​ភារកិច្ចរបស់កងទ័ពចំពោះជាតិមាតុភូមិ ជាតួនាទីប្រកបដោយការលះបង់ និងការទទួលខុសត្រូវចំពោះអាយុ​ជីវិតប្រជាជន និងជោគវាសនាប្រទេសជាតិ ដោយប្រើប្រាស់ចំណេះដឹងជំនាញដឹកនាំ, ចំណេះដឹងយុទ្ធសាស្ត្រ​ ចំណេះដឹងយុទ្ធវិធី ដែលទទួលបានពីការអប់រំហ្វឹកហ្វឺនដ៏ហ្មត់ចត់បំផុត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានផ្តល់អនុសាសន៍ណែនាំជាច្រើន ដល់ក្រុមការងារ និងគណៈមេប្រយោគ បន្តយកចិត្តទុកដាក់បំពេញនូវតួនាទី ភារកិច្ចដ៏ល្អរបស់ខ្លួន ស្របតាមសេចក្តីណែនាំរបស់អនុគណៈកម្មាការប្រឡង​​ ដើម្បីធ្វើ​ឲ្យការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ប្រកបដោយរលូន មានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ហើយទទួលបាននូវនាយទាហានវ័យក្មេង ប្រកបដោយគុណភាព និងសមត្ថភាពពេញ​លេញ​ ទាំងពេលហ្វឹកហ្វឺន និងក្នុងពេលចេញទៅបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ ទៅថ្ងៃអនាគត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ