នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិឫស្សីកែវ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ អ៊ីហ្គរ័វិកតូវីក មីស៊ូគិន ( Igor Viktorovich MISHU TKIN) នាយកសាកលវិទ្យាល័យយោធា នៃសហព័ន្ធរុស្សី បន្ទាប់ពីកិច្ចប្រឹងប្រែងរបស់ ភាគីទាំងពីរ ដោយអនុវត្តតាមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ជាពិសេសការទទួលបានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសហព័ន្ធរុស្ស៊ី និងពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានគិតគូរពីផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនក្នុងវិស័យការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានសម្តែង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម អ៊ីហ្គរ័វិកតូវីក មីស៊ូគិន (Igor Viktorovich MISHU TKIN) នាយកសាកលវិទ្យាល័យការពារជាតិ នៃសហព័ន្ធរុស្សី និងគណៈប្រតិភូ ដែលបានជម្រុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យការពារជាតិយើងទាំងពីរ ឈានដល់ការចុះ MOU ជាមួយគ្នា។ សហព័ន្ធរុស្សី កាលណោះអតីត សហភាពសូវៀត បានឧបត្ថម្ភគាំទ្រកម្ពុជា យ៉ាងពេញទំហឹងដល់កម្ពុជា។ ជាការពិតណាស់ ក្រោយជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ដោយមានការឧបត្ថម្ភគាំទ្រ មានសហភាពសូវៀតជាសរសរទ្រូងដ៏រឹងមាំ ធ្វើអោយយើងទប់ស្កាត់បានការប៉ុនប៉ងរបស់របបប្រល៍យពូជសាសន៍ រហូតកិច្ចព្រមព្រៀងប៉ារីសឆ្នាំ១៩៩១ ការបោះឆ្នោត សាកលឆ្នាំ១៩៩៣ សង្គ្រាមនៅតែបន្ត រហូតឆ្នាំ ១៩៩៨ ទើបបញ្ចប់បានដោយនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន។ បុណ្យជាតិដ៏ធំមួយ ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគឺ ខួប២១ឆ្នាំ នៃទិវានយោបាយ ឈ្នះ ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃជាង៣ទសវត្ស នាំមកនូវសុខសន្តិភាពពេញលេញ បង្កបានជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យមកដល់ថ្ងៃនេះ។ កត្តាសន្តិភាពនេះហើយ ជាឱកាសមាស ក្នុងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដែលនៅទីនេះការកសាងពង្រឹងសាកលវិទ្យាល័យការពារជាតិ ក្នុងគោលដៅសំខាន់២ គឺ៖ ទី១/ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ។ ទី២/ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈនយោបាយការពារជាតិចំទិស ស្របតាមប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។ ពោលគឺបណ្តុះនាយទាហានអោយក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សា សន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល និងឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយការប្តេជ្ញាខាងលើនេះហើយ ទើបមួយឆ្នាំ២០១៩នេះ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល១៦វគ្គ មាននិស្សិតចូលរៀន១,០១៩នាក់ លើសផែនការកំណត់ មានសិស្សបរទេសមកសិក្សាភាសាខ្មែរ ៨៨ នាក់ ក្នុងនោះមកពីសហព័ន្ធរុស្សី ២នាក់ ផងដែរ។
ឯ.ឧ ឧត្តមសេនីយ៍ទោ អ៊ីហ្គរ័វិកតូវីក មីស៊ូគិន (Igor Viktorovich MISHU TKIN) នាយកសាកលវិទ្យាល័យយោធា នៃក្រសួងការពារជាតិនៃសហព័ន្ធរុស្សី បានសម្តែងនូវក្តីរីករាយរំភើប និងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបាន ដោយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការរីកចម្រើនលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា មានការរីកចម្រើនលើសពីអ្វីដែលលោកបានរំពឹងទុក។ ឯកឧត្តម បានបន្តថា៖ កម្ពុជាមានរបស់មានតម្លៃមិនអាចកាត់ថ្លៃបាននោះ គឺបទពិសោធន៍នៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដោយ នយោបាយឈ្នះ!ឈ្នះ! និងថែរក្សាការពារបានសន្តិភាព។ លោកពេញចិត្តនឹងទទួលយកសំណើរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ជាពិសេសការអនុវត្ត MOU ដែលបានចុះហត្ថលេខា។ លើការផ្លាស់ប្តូរទស្សនកិច្ចដកបទពិសោធន៍ពីគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិតសិក្ខាកាម ព្រមទាំងបន្តជួយដល់ការបណ្តុះបណ្តាលយោធាចារ្យកម្ពុជា ក៏ដូចជាការជួយដល់ការបង្រៀនភាសារុស្សី នៅសាកលវិទ្យាល័យការពារជាតិ ៕