ព័ត៌មាន

ឯកឧត្តម​ ភួង ​ស៊ី​ផាន​ ជួប​​នាយក​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​រុស្សី​
នាយកដ្ឋានព័ត៌មាន(៣)
91
1362 ឯកឧត្តម​ ភួង ​ស៊ី​ផាន​ ជួប​​នាយក​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​រុស្សី​

    ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញាត្តិឲ្យ ឯ.ឧ ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ (MITSHUTKIN IGOR) នាយក​សាកលវិទ្យាល័យការពារជាតិ​ សហព័ន្ធរុស្សី ចូលជួបសម្តែងការគួរសម ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅ​អគារ​មិត្តភាព ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ឯ.ឧ ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ (MITSHUTKIN IGOR) នាយក​សាកលវិទ្យាល័យការពារជាតិ​ សហព័ន្ធរុស្សី 


    ក្នុងខណៈនោះ ឯ.ឧ ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ (MITSHUTKIN IGOR) បានថ្លែងការកោតសរសើរ​ ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងខ.ភ.ម នាពេលបច្ចុប្បន្ននេះ ពិសេសចំពោះប្រពៃណី​ វប្បធម៌ ​សាសនា និងប្រាសាទអង្គរវត្ត។ ឯ.ឧ ក៏បានជម្រាប ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អំពីលទ្ធផល​ នៃកិច្ចជំនួបពិភាក្សាការងារ រវាងសាកលវិទ្យាល័យការពារជាតិសហព័ន្ធរុស្សី ជាមួយនឹងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិកម្ពុជា ដែលបានផ្តោសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ខ.ភ.ម រួមនឹងការបណ្តុះបណ្តាលអ្នកច្បាប់យោធា និងតន្ត្រីយោធាផងដែរ។ ឯ.ឧ ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ បានបញ្ជាក់ថា៖ រុស្សីបានត្រៀមខ្លួនជានិច្ច ក្នុងបណ្តាលបណ្តាល និងជួយអភិវឌ្ឍន៍ផ្នែកធនធានមនុស្សដល់ជួរ ខ.ភ.ម។

    ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ​របស់គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិសហព័ន្ធរុស្សី នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ពិតជាមានសារៈសំខាន់ ជួយរិតចំណងមិត្តភាពទំនាក់ទំនងជិតស្និត និងពង្រឹងពង្រីកកិច្ចសហប្រតិបការល្អ រវាងកងទ័ពទាំងពីរ កម្ពុជានិងរុស្ស៊ី ដែលពីមួយថ្ងៃទៅមួយកាន់តែរីកចច្រើន។ ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានថ្លែងនូវអំណរគុណចំពោះអតីតសហភាពសូវៀត ដោយឡែកសហព័ន្ធរុស្សី ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់កម្ពុជា និង ខ.ភ.ម។ កន្លងមក ខ.ភ.ម ភាគច្រើនបានការជួយបណ្តុះបណ្តាលពីប្រទេសវៀតណាម ចិន អតីសហភាពសូវៀត។ ជាក់ស្តែង អតីតនិស្សិតយោធាកម្ពុជាទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីអតីតសហភាពសូវៀត បច្ចុប្បន្ននេះ កំពុងជាថ្នាក់ដឹកនាំសំខាន់ៗ និងគ្រប់លំដាប់ថ្នាក់ ប្រកបដោយទឹកចិត្តអង់​អាច​ក្លាហាន មានសមត្ថភាព និងសីលធម៌ ក្នុងការបំពេញតួនាទីភារកិច្ចនៅក្នុងស្ថាប័នក្រសួងការពារជាតិ  និងអគ្គបញ្ជាការដ្ឋាន ហើយមួយចំនួនទៀតបាននឹងកំពុងរួមចំណែកបម្រើការងារ នៅតាមស្ថាប័ន និងកងឯកភាព​សំខាន់ៗរបស់រដ្ឋ ដើម្បី​រូម​ចំ​ណែក​យ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសណ្តាប់​ធ្នាប់​សាធារណៈ ​និង​សន្តិសុខ​សង្គម ពង្រឹងស្ថេរភាពនយោបាយ និងសន្តិភាព ដែលជាកត្តាគន្លឹៈសម្រាប់ការស្តារកសាង​ និងអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមឲ្យមានការរីកលូតលាស់លើគ្រប់វិស័យ។ ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានបញ្ជាក់ថា៖ គោលដៅកម្ពុជាបច្ចប្បន្ន គឺការបណ្តុះបណ្តាលជំនាញឯកទេស បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងនយោបាយ ដើម្បីពង្រឹងដល់កិច្ចការពារជាតិបូរណភាពទឹកដី និងចូលរួមចំណែកកិច្ចការ​អន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាតិ។

     ក្នុងឱកាសនោះ ឯ.ឧ ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ បានបំពាក់គ្រឿងឥស្សរិយយស ខួប១០០ឆ្នាំ របស់​សាកលវិទ្យាល័យការពារជាតិ​សហព័ន្ធរុស្សី ដល់ឯ.ឧ នាយឧត្តមសេនីយ៍ ភួង ស៊ីផានផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ