ព័ត៌មាន

នាយ​ឧត្ត​មនាវី ទៀ ​វិញ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា ​សាង​សង់​ទី​​ស្នាក់​​ការ​អង្កេត​ការណ៍​នៅ​កោះ​ពោធិ៍​ ខេត្ត​កែប​
នាយកដ្ឋានព័ត៌មាន(៣)
155
1360 នាយ​ឧត្ត​មនាវី ទៀ ​វិញ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា ​សាង​សង់​ទី​​ស្នាក់​​ការ​អង្កេត​ការណ៍​នៅ​កោះ​ពោធិ៍​ ខេត្ត​កែប​

     ទី​ស្នាក់​ការ​អង្កេត​ការណ៍​កោះ​ពោធិ៍ ​ខេត្ត​កែប ​របស់​គណៈកម្មាធិការ​ជាតិ​ សន្តិ​សុខ​​លម្ហ​​សមុទ្រ ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ ​នា​ថ្ងៃទី​១១ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ក្រោម​​អធិ​បតី​ភាព ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ អគ្គ​មេ​បញ្ជាការ​រង​ នៃកងយោធពលខេមរ​​ភូមិន្ទ ​មេបញ្ជា​ការ​​ក​ង​ទ័ព​ជើង​ទឹក​ ​និ​ង​ជា​អគ្គ​លេខា​ដ្ឋាន​ នៃគណៈ​កម្មាធិ​ការ​​ជាតិ​ សន្តិ​សុខ​​លម្ហ​សមុទ្រ​ ព្រមទាំងមានការចូលរួមពី ឯកឧត្តម មេបញ្ជាការរងកងទ័ព​ជើងទឹក អគ្គ​​លេខា​ធិការរង គណៈកម្មាធិការ​ជាតិ​​សន្តិ​សុខលម្ហសមុទ្រ អាជ្ញាធរមូលដ្ឋាន ព្រម​ទាំងនាយនាវី នាយនាវីរង ពលនាវិក កង​ទ័ព​​ជើងទឹក និងមន្ត្រីបុគ្គលិក គណៈ​កម្មាធិ​ការ​ជាតិសន្តិសុខលម្ហសមុទ្រ យ៉ាងច្រើន​កុះ​​ករបានចូលរួម។

      បន្ទាប់ពីធ្វើពិធីក្រុងពាលី តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ សុំម្ចាស់ទឹកម្ចាស់ដី រួចមក ឯកឧត្តម គណៈធិបតី បានធ្វើពិធីបញ្ចុះបឋមសិលាជាបន្តបន្ទាប់។ គួរបញ្ជាក់​ផងដែរថា៖ នេះគឺជាទីស្នាក់ការទី៥ របស់គណៈកម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ ដែល​៤ទីស្នាក់ការ​បានធ្វើរួច និងដាក់ដំណើរការឲ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូចជា៖ ស្នាក់ការនៅឡាំដាំ ខេត្តកោះកុង, អគារស្នាក់ការអង្កេតការណ៍នៅកោះតាង ខេត្តព្រះ​សីហនុ​,  អគារស្នាក់ការ អង្កេតការណ៍នៅកោះសេះ ខេត្តកំពត, អគារស្នាក់ការអង្កេត​ការ​ណ៍កោះរុង ខេត្តព្រះសីហនុ និងអគារស្នាក់ការអង្កេតការណ៍កោះពោធិ៍ ខេត្តកែបនេះ កសាងនៅលើផ្ទៃដីចំនួន ១ហិកតា ជាប់មាត់សមុទ្រ នៅលើកោះពោធិ៍ ដែលងាយ​ស្រួល​ក្នុងការអង្កេតការណ៍ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាម​កោះ ពិសេសចូលរួមការពារនូវអធិបតេយ្យភាព បូរណភាពដែនទឹក ដី ឆ្នេរ កោះ និង​ទប់ស្កាត់បានទាន់ពេលវេលានូវបទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងលម្ហសមុទ្រ ​ដូចជា៖ ជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះធម្មជាតិ, នេសាទខុសច្បាប់, រត់​ពន្ធគ្រឿងញៀន, ជួញដូរមនុស្ស, ចោសមុទ្រ និងបទល្មើសផ្សេងៗ ដែលកើតឡើង។

     គួរបញ្ជាក់ផងដែរថា៖ អគារស្នាក់ការអង្កេតការណ៍​កោះពោធិ៍ ខេត្តកែបនេះ មាន ចម្ងាយជាង ៥ម៉ាយ ពីទីរួមខេត្ត អគារស្នាក់ការអង្កេតការណ៍កោះពោធិ៍នេះ បានចាប់​ផ្តើមបញ្ចុះ​បឋមសិលាកសាង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ ដែលមានបណ្តោយ ១៦​ម៉ែត្រ ទទឹង ៨.២០ម៉ែត្រ កំពស់ ៣.៥០ម៉ែត្រ សរុប ១៣១.២០ម២ ក្នុងនោះមាន យ៉មុខ រោងបាយ អាងទឹក បន្ទប់ទឹក ចំណាយថវិកាអស់ប្រហែលជាង ៥០.០០០ដុល្លារ។

     ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម ទៀ វិញ បានថ្លែងអំណរអរគុណ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឯកឧត្តម នាយឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មា​ធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលបានជួយឧត្ថម្ភគាំទ្រ ទាំងថវិកាសម្ភារៈ ធ្វើឲ្យ​ទីស្នាក់ការអង្កេតការណ៍​កោះពោធិ៍ និងបណ្តាស្នាក់ការផ្សេងៗទៀត។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការជាតិ​សន្តិសុខលម្ហ​សមុទ្រ ជាពិសេសទីបញ្ជាការជួរមុខ ត្រូវបន្ត​អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យបាន​កាន់តែល្អប្រសើរ លើការងារពង្រឹងពង្រីក​សមត្ថភាពឯកទេស និងកិច្ចសហ​ប្រតិបត្តិ​ការជាតិ-អន្តរជាតិ ប្រកបដោយការទទួល​ខុសត្រូវខ្ពស់ លើកិច្ចការពារបូរណភាព​ដែនទឹក ដែនកោះ ឆ្នេរ និងលម្ហសមុទ្រ នៃ​ព្រះរាជាណាចក្រកម្ពុជា បានពេញលេញ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្នុងឱកាសនោះ ឯកឧត្តម ទៀ វិញ ក៏បានផ្តល់ថវិកាចំនួន ១លាន ២សែនរៀល ដល់ប៉ុស្តិ៍នគរបាលព្រំដែនទឹក កោះពោធិ៍ ខេត្តកែបផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ