ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ៖ កង​ទ័ព​ ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជំនាញ ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​
នាយកដ្ឋានព័ត៌មាន(៣)
186
1349 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ៖ កង​ទ័ព​ ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ជំនាញ ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​

      កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួន​សំ​ដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍ​លើ​គ្រប់​វិស័យនៅកម្ពុជា។ ​បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ ក្នុងការពង្រឹង​ខឿន​ការ​ពារ​ជាតិ​ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ​ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិន​ដែល​មាន​វ័យ​ក្មេង​ ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។​ ក្នុងស្មារតីនេះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុក​ជា​ការ​ងារ​អាទិភាព​ចាំ​បាច់​បំផុត ​ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃ​ខ្ពស់​ចំពោះភាព​ស្មោះត្រង់​របស់​យោធាចារ្យ គណៈគ្រប់គ្រងសាលា និងនាយទាហាន​ទាំង​អស់​ រួមជាមួយនិស្សិតនាយ​ទាហាន​ ដែលកំពុង​ហ្វឹក​ហ្វឺន​នៅ​ក្នុងវិទ្យាស្ថាន​ ដែលក្នុងរយៈកាលកន្លងមកនេះ​ បើទោះបីមានការឃោសនាបោកប្រាស់ពីជនក្បត់ជាតិ​ សម រង្ស៊ី យ៉ាងណាក៏ដោយ ក៏​មិន​មាន​នាយទាហានរបស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ណាម្នាក់​ បានជឿ​ និងដើរតាម​ ការ​បោក​ប្រាស់​របស់​ពួក​គេ​នោះ​ឡើយ​ ។​ ផ្ទុយ​ទៅវិញនាយទាហាន​របស់យើង​គ្រប់​រូប​ បានប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិរបស់​ទណ្ឌិត សម រង្ស៊ី ដែល​មាន​បំណង​ធ្វើ​រដ្ឋ​ប្រហារ ​ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ ដែលនាំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយ។ នេះគឺជាប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​វិក្រិត្យការ​ នាយ​ទាហាន​ជំនាន់​ទី​៥ ​ឆ្នាំ​២០១៩​ នៅ​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក នៃ​កងយោធពលខេមរ​ភូមិន្ទ​ ថ្លុក​តាសេ​ក ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​។

ឯឝឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​ 


      នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា៖ វគ្គបំប៉នវិក្រិត្យការនាយទាហានជំនាន់ទី៥ ដែលយើងកំពុងប្រារព្ធ​ពិធី​បិទ​នា​ឱកាស​នេះ ​គឺ​ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀម​ប្រយុទ្ធ​ ឲ្យដល់យោធិន យោធាចារ្យ និងធ្វើឱ្យយោធិនយល់កាន់តែច្បាស់អំពីតួនាទី និង​ភារកិច្ចរបស់​ខ្លួន ​ក្នុង​ការ​បម្រើ​ជាតិ ​ដោយ​ស្មោះ​ត្រង់ ​ដាច់​ខាត​ជា​មួយ ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ ​ក៏​ដូច​ជា​ការ​ធានាការអនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ​នូវ​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​មេ​បញ្ជាការ ​នៃ ខ​ ភ ម ដែល​បាន​ដាក់​ចេញ​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តទៀតថា៖ ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជា​ការ​នៃ ​ខ ភ ម និង​វិទ្យាស្ថានទ័ពជើងគោក ​ឯ.ឧ បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី​ និងភារកិច្ច​យ៉ាង​សកម្ម​ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ដល់វិទ្យាស្ថាន​ ឱ្យ​បន្ត​ការខិតខំប្រឹងប្រែងបន្ថែមទៀត​ ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និង​ប្រជាជន​នៃ​យើង​។​ ជា​ពិសេស​ចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៍ត្រូវយកចិត្តទុកដាក់ពង្រឹង​គុណ​ភាព​ហ្វឹក​ហ្វឺន​ ដែល​ជា​ការ​ងារ​ស្នូល​ត្រូវ​ធ្វើ​ជា​ប្រចាំ ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ គុណ​ភាព​ ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព​ ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុង​ជួរ​កង​យោធ​ពលខេមរ​ភូមិន្ទ ​ឱ្យ​មាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

     ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ លទ្ធផលដែលទទួលបានទាំងអស់ នៅថ្ងៃនេះ គឺ​ពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំង​អស់​គ្នា​ ជា​ពិសេស​ថ្នាក់​ដឹក​នាំ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ស្រប​តាម​ផែន​ការ​ការ​ងារ​គ្រប់​កម្រិត​ដែល​បាន​កំណត់​។ ឯកឧត្តម​បញ្ជាក់​ទៀត​ថា៖ លទ្ធផល​ទាំង​នេះ​​គឺ​ក៍​បាន​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ ហាត់​ពត់​លត់​ដំ​ ហ្វឹក​ហាត់​បាន​ស្ទាត់​ជំនាញ​, ទាហាន​មាន​វិន័យ​ខ្ពស់, មាន​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ, និង​ការ​ដឹក​នាំ​បញ្ជា ​អនុវត្ត​ហ្ម៉ត​ចត់​ ម៉ឺងម៉ាត់​។​ នាយឧត្តមសេនីយ៍ឥត សារ៉ាត់ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន​ទាំង​​អស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់ ​ខិត​ខំ​តស៊ូ ​អនុវត្ត​ឲ្យ​បាន​​ល្អ ​និង​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ នៅ​ទីនេះ ​នឹង​ពេល​វិល​ត្រឡប់​ទៅ​តាម​បណ្ដា​កង​ឯក​ភាព​ ឲ្យ​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​ពេល​អនាគត់​អស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយ​ទាហាន​ប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិ​ មាតុភូមិ​របស់​យើង​បាន​រឹង​មាំ​ ពិសេស​ត្រូវគោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​​ប្រមុខ​រាជរដ្ឋាភិបាល​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​។

    សូម​បញ្ជាក់​ថា​៖ បើ​តាម​មតិ​ស្វាគមន៍ ​និង​សេចក្តី​រាយ​ការណ៍​ពី​ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយក​វិទ្យាស្ថាន​ និង​ឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយក​រង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​នេះ ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ បាន​នឹង​កំពុងបន្តដំណើរការបណ្ដុះបណ្ដាលវគ្គនាយទាហាន​ទ័ព​ជើង​គោក​ចំនួន ​៤​ជំនាន់ ដែល​រួម​មាន​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់ទី៨ ដែល​កំពុង​ចុះ​ប្រតិបត្តិការ​ ដក​ពិសោធន៍​ការ​ងារ​នៅ​តាម​បណ្ដា​អង្គភាព​ ទិស​ជួរ​មុខ​ប្រាសាទ​ព្រះវិហារ​ និង​ជំនាន់​ទី៩​ បាន​ចុះទៅ​​បំពេញ​កម្ម​សិក្សា​បន្ត​លើ​ជំនាញ​ឆត្​រយោង​ នៅ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ​៩១១ រីឯ​ជំនាន់​១០​ និង​ជំនាន់​ទី​១១ ​កំពុង​បំពេញ​កម្ម​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​ និង​វគ្គ​បំប៉ន​វិក្រិត​ការ​នាយ​ទាហាន​ ដែលត្រូវ​បញ្ច​ប់​វគ្គនៅ​ថ្ងៃ​នេះ​។ ​ដោយ​ឡែកវគ្គបំប៉នវិក្រិតការនាយ​ទាហាន​ជំនាន់ទី​​៥ ​ដែល​ត្រូវ​បាន​បញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខា​កាម​ចូល​រៀន​សូត្រចំនួន ១៦៧​នាក់ ដោយប្រើរយៈពេលសិក្សា ៤ខែ លើខ្លឹមសារមេរៀន ចំណេះដឹងអប់រំ, គរុកោសល្យ, វិន័យទូទៅលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, ចំណេះដឹងយោធា, ចំណេះដឹងអន្តរាវុធ និង​ការ​ងារ​ផ្សេងៗ​។​ ដែល​ក្រោយ​ពេល​បញ្ចប់​វគ្គ​ សិក្ខាកាមទាំង ១៦៧នាក់ ទទួលបានលទ្ធផលនិទ្ទេសល្អណាស់ ២៣​នាក់​ និទ្ទេស​ល្អ​១១១​នាក់ ​និទ្ទេសល្អ​បង្គួរ ២៩នាក់ និងនិទ្ទេស​មធ្យ​ម​ចំនួន ​៤នាក់ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ