ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសារុបការងារខែ វិច្ឆិកា និងលើកទិសដៅសំរាប់អនុវត្តបន្តខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយឯក ចាន់ សារ៉ាង អគ្គលេខាធិការរង ក្រសួងការពារជាតិ បានអានរបាយការណ៍ បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែ វិច្ឆិកា កន្លងមក ដែលបានកើតឡើងនូវព្រឹត្តិការណ៏ព្រះរាជពិធីបុណ្យជាតិ និងអន្តរជាតិ។ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល១ខែកន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ។ ចំណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទវិញ នៅក្នុងរយៈពេល១ខែ វិច្ឆិកានេះ របាយការណ៍បានបញ្ជាក់ថា៖ បានបន្តការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញនៅតាមបណ្តាសាលា និងកងឯកភាពនានា នៅទូទាំងប្រទេសផងដែរ។ ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹង និងការពារ នៅតាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ ឃុំ មានសុវត្តិភាព។ សំរាប់ទិសដៅអនុវត្តបន្តនៅខែ ធ្នូ របាយការណ៍បានដាក់ចេញនូវទិសដៅ អោយគ្រប់បណ្តាអង្គភាព កងយោធពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទំរង់កងយោធពលខេមរភូមិន្ទ បន្តពង្រឹងប្រៀបការពារជាតិ នៅតាមព្រំដែន ត្រៀមគ្រប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើង និងបន្តរួមសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានអោយបាន ល្អប្រសើរ និងត្រូវប្រឆាំងរាល់ឧបាយកលដែលមានបំណងរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសាររបាយការណ៍បូកសរុបការងារខែ វិច្ឆិកា និងលើកទិសដៅខែ ធ្នូ ឆ្នាំ២០១៩ ដើម្បីដាក់ចេញអោយអនុវត្តសំរេចបានលទ្ធផលល្អបន្ថែមទៀត ៕