ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពីប្រតិបត្តិការបច្ចេកវិទ្យាកងរាជអាវុធហត្ថ។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគ្គស្នងការដ្ឋាននគរបាលជាតិ, ឧត្តមសេនីយ៍ទោ អៀ លីសក្កិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន ជួសជុលបញ្ជូនសារ ក្រសួងការពារជាតិ, នាយ-នាយរងសេនាធិការ, ស្នងការ-ស្នងការរង, មេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត និងនាយកវិទ្យាស្ថានកំបូល, នាយកមជ្ឈមណ្ឌលភ្នំជំរាយ, នាយ-នាយរងការិយាល័យ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៏ សៅ សុខា បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសាលាស្តីពីប្រតិបត្តិការបច្ចេកវិទ្យាថ្ងៃនេះ គឺដើម្បីបង្កើនសមត្តភាពឱ្យបានកាន់តែស៊ីជម្រៅ ពាក់ពន្ធ័ទៅនឹងការប្រើប្រាស់បណ្ដាញសង្គម ឱ្យបានទូលំទូលាយ និងត្រឹមត្រូវទៅតាមបរិបទ នៃការវិវឌ្ឈន៏ជឿនលឿនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងយល់ជ្រួតជ្រាបពីច្បាប់ទាក់ទងទៅនឹងបទល្មើសបច្ចេកវិទ្យា និងបទល្មើសថ្មីៗនាពេលសព្វថ្ងៃនេះ។ បន្ទាប់មកទៀត នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងអស់ ដែលបានមកសិក្សាអង្គសិក្ខាសាលាថ្ងៃនេះគឺ ១/.យកចិត្តទុកដាក់ស្តាប់ និងបទបង្ហាញលោកគ្រូឧទ្ទេនាមផ្នែកបច្ចេកទេស។ ២/.ចែកជាក្រុមដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ការងារកន្លងមក, ការងារប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផង និងបទពិសោធន៍ការងារស្រាវជ្រាវ និងព័ត៌មានសន្តិសុខផង ហើយចែកជាក្រុមពិភាក្សានោះ ត្រូវតែមានអ្នកកត់ត្រា។ ៣/.អ្វីដែលទាក់ទងទៅនឹងសម្ភារៈបច្ចេកវិទ្យា ដើម្បីបំរើឱ្យក្នុងអង្គសិក្ខាសាលាបានរលូន គឺសុំឱ្យជំនាញដែលមានការពាក់ពន្ធទាំងអស់ បន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យការបើកសិក្ខាសាលាស្តីពីប្រតិបត្តិការបច្ចេកវិទ្យាថ្ងៃនេះ ទទួលបានជោគជ័យ។ ៤/.សិក្ខាសាលាត្រូវមានសេចក្កីប្រកាសអំពីបទបញ្ជាផ្ទៃក្នុង, ក្នុងនោះពេលវេលាចេញ ចូល, ស្តាប់ និងតាមដាន។ ហើយនៅពេលបញ្ចប់អង្គសិក្ខាសាលានេះទៅ អស់លោកទាំងនោះកាន់តែមានចំណេះដឹងពិតប្រាកដ, មានសមត្ថភាព និងអនុវត្តបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាលើកកម្ពស់កិត្យានុភាពដល់កងរាជអាវុធហត្ថទាំងមូល ៕