ព័ត៌មាន

ឯកឧត្តម ​អ៊ី ​ឈាន ​ចុះ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​គម្រោង​អភិវឌ្ឍន៍​ដី ​អតីត​យុទ្ធជន​
នាយកដ្ឋានព័ត៌មាន(៣)
25
1337 ឯកឧត្តម ​អ៊ី ​ឈាន ​ចុះ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​គម្រោង​អភិវឌ្ឍន៍​ដី ​អតីត​យុទ្ធជន​

    នាយកដ្ឋាន​អភិវឌ្ឍន៍ ក្រសួងការពារជាតិ និងក្រុមហ៊ុន អូរីជីន អហ្វ ប្រស្តើរើស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក បាន​ចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងអភិវឌ្ឍន៍មណ្ឌលកំសាន្តទេសចរណ៍ធម្មជាតិ កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ សួនឧស្សាហកម្ម រោងចក្រកែច្នៃ កម្មន្តសាល និងតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ទទួលបន្ទុកនាយកដ្ឋានរក៏វឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ នៅ​សណ្ឋាគារ​ The​ Grea​t Duke​ Hotel​ ថ្ងៃ​ទី​២៩ ​ខែ​វិ​ច្ឆិកា ​ឆ្នាំ​២០១៩​​។​

     បន្ទាប់ពីតំណាងក្រុមហ៊ុន អូរីជីន និងនាយកក្រុមហ៊ុន អូរំដែន បានធ្វើបទបង្ហាញពីគម្រោងអភិវឌ្ឍន៍​លើ​ដី​អតីត​យុទ្ធជន ក្នុងខេត្តកំពង់ឆ្នាំង រួចមក, ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានឲ្យដឹងថា៖ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ​ និង​ក្រុមហ៊ុន អូរីជីន បានចុះលើអនុសារណៈយោគយល់គ្នា ក្នុងរយៈពេលបី​ខែ​មុន​ ហើយថ្ងៃនេះបានចុះលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដំណើរការគម្រោងអភិវឌ្ឍន៍ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។ ​គម្រោងនេះ ដើម្បីគ្រប់គ្រង និងជួយដល់អតីតយុទ្ធជនកម្ពុជា ប្រែក្លាយដីអតីតយុទ្ធជនឲ្យទៅជាតំបន់អភិវឌ្ឍន៍ ​និងទំនើបកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ទទួលបន្ទុកនាយកដ្ឋានរក៏វឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ 


    ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ តាម​រយៈ​នយោ​បាយឈ្នះៗ​របស់​ សម្តេ​ចតេជោ ​នាយរដ្ឋមន្ត្រី​ បានឲ្យប្រទេសជាតិកម្ពុជា​មានសុខសន្តិភាព១០០% ហើយរាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធីគោលនយោបាយជាច្រើន ដោយធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ តែទោះបីយ៉ាងនេះក្តី ក៏នៅមិនទាន់បំពេញនូវសំណូមពរ និងតម្រូវការរបស់​ប្រជាពលរដ្ឋកម្ពុជានៅនោះឡើយទេ ជាពិសេសសម្រាប់ការអភិវឌ្ឍន៍ ខ.ភ.ម របស់យើង។ ឯកឧត្តម បានបញ្ជាក់ថា៖ ការចុះកិច្ចព្រមព្រៀង រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន អូរីជីន នាពេលនេះ ពិតជាមានសារៈសំខាន់បំផុត សមស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាជន។ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន សង្ឃឹមថា យោធិននៃ ខ.ភ.ម និងអតីតយុទ្ធជនរបស់យើង ពិតជាបានរស់នៅប្រកបដោយភាពសុខដុមរមនា តាម​រយៈ​គម្រោង​អភិវឌ្ឍន៍មណ្ឌលកំសាន្តទេសចរណ៍ធម្មជាតិ កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ សួនឧស្សាហកម្ម រោងចក្រ​កែច្នៃ កម្មន្តសាល និងតំបន់សេដ្ឋកិច្ចពិសេស រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន អូរីជីន អហ្វ ប្រស្តើរើស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក នាពេលនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ