ព័ត៌មាន

ពិធីសំណេះសំណាលជាមួយអតីតនិស្សិតនាយទាហានសកម្ម នៃខ.ភ.ម ជំនាន់ទី១ រហូតដល់ជំនាន់​ទី​១៩
នាយកដ្ឋានព័ត៌មាន(៣)
31
1336 ពិធីសំណេះសំណាលជាមួយអតីតនិស្សិតនាយទាហានសកម្ម នៃខ.ភ.ម ជំនាន់ទី១ រហូតដល់ជំនាន់​ទី​១៩

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់កងកម្លាំងប្រដាប់អាវុធ ពិសេសអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ទាំងអស់ ដែលបានចេញបម្រើការងារតាមបណ្ដាអង្គភាព របស់កងយោធពលខេមរភូមិន្ទ និងនិស្សិតដែលកំពុងបំពេញកម្មសិក្សា ហ្វឹកហ្វឺននូវក្បួនច្បាប់យោធា នៅក្នុងសាលានាយទាហានសកម្ម ត្រូវត្រៀមជានិច្ច ក្នុងការអនុវត្តច្បាប់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងការប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃ ខ ភ ម អញ្ជើញជួបសំណេះសំណាលជាមួយអតីត និស្សិតនាយទាហានសកម្ម នៃ ខ ភ ម ចាប់ពីជំនាន់ទី១ រហូតដល់ជំនាន់ទី១៩ ចំនួន ១៥១៩នាក់ នៅឯសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ របស់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ 


     នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ច្បាស់ទៅកាន់ គណៈគ្រប់គ្រងសាលា យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញកម្មសិក្សា និងកំពុងបំពេញការងារនៅតាមបណ្ដាអង្គភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ថា៖ ទណ្ឌិត សម រង្ស៉ី កំពុងតែមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយអង្គព្រះមហាក្សត្រ។ ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងមូល ពិសេសអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ ដែលបានចេញទៅបំពេញការងារនៅតាមបណ្ដាអង្គភាព តាមបន្ទាត់ព្រំដែន ក៏ដូចជាតាមអង្គភាព នៅផ្ទៃក្នុងប្រទេស រួមទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដូច្នេះត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី បើសិនហ៊ានឈានជើងចូលទឹកដីកម្ពុជា ក្នុងរូបភាពណាមួយនោះ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងណែនាំដល់អតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំដែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ រួមជាមួយយោធាចារ្យ និងគណៈគ្រប់គ្រងសាលា ដែលបានផ្ដួចផ្ដើមនៅការជួបជុំអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ ចាប់ពីជំនាន់ទី ១ រហូតដល់ជំនាន់ទី ១៩ ដែលបានចេញទៅបម្រើការងារតាមកងឯកភាព របស់កងយោធពលខេមរភូមិន្ទ និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញកម្មសិក្សានៅក្នុងសាលា ចាប់ពីជំនាន់ទី ២០ ដល់ជំនាន់ទី ២៣ ដើម្បីបានជួបជុំគ្នា រំលឹកនៅអនុស្សាវរីយ៍ និងបានផ្លាស់ប្ដូរនូវបទពិសោធន៍នានា ដែលអតីតនិស្សិតនាយទាហានគ្រប់ជំនាន់ បានទៅបំពេញការងារតាមបណ្ដាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដែលរហូតមកទល់ពេលនេះ ខ្លះក្លាយជាមេបញ្ជាការរងយោធភូមិភាគ ខ្លះជាមេបញ្ជាការរង កងពលតូច កងពលធំ ឬក៏ជាមេបញ្ជាការកងឯកភាពណាមួយ ចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពទាំង ៣ ប្រភេទ ឬក៏បណ្ដាកងឯកភាពទ័ពជំនាញ ក្នុងការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសការពារបានអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អនារយៈពេលកន្លងមក ហើយក៍ក្នុងន័យមួយ នៃការជួបជុំនេះ គឺបានពង្រឹងពង្រីក ភាពស្និទ្ធស្នាល និងការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ របស់សិស្សនាយទាហានសកម្មពីជំនាន់មួយទៅជំនាន់មួយផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានរំលឹកឱ្យអតីតនិស្សិតនាយទាហានសកម្មគ្រប់ជំនាន់ទាំងអស់ ដែលបានចេញទៅបំពេញការងារតាមបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តបង្កើនស្នាដៃល្អៗ ថ្មីៗ ថែមទៀត ពិសេសត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការកសាងកងយោធពលខេមរភូមិន្ទមួយ ដែលប្រកបដោយសមត្ថភាព គុណភាព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សម្រាប់ប្រទេសកម្ពុជា ពិសេសត្រូវគោរព និងអនុវត្តឲ្យបានដាច់ខាត ក្រឹត្យច្បាប់ វិន័យ របស់កងយោធពលខេមរភូមិន្ទ ក្រឹត្យច្បាប់របស់រដ្ឋ ការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនត្រូវជឿលើឧបាយកលឃោសនាបោកប្រាស់ណាមួយ ពីសំណាក់ជនក្បត់ជាតិ ដែលនាំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មីម្ដងទៀត។

     សូមបញ្ជាក់ថា៖ ពិធីជួបជុំអតីតនិស្សិតនាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់នៅថ្ងៃនេះ បើតាមសុន្ទរកថាស្វាគមន៍ របស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ជា ប៉ូលីន មេបញ្ជាការរងយោធភូមិភាគទី៣ បានគូសបញ្ជាក់ថា៖ សាលានាយទាហានសកម្ម គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ ក្នុងចំណោមមជ្ឈមណ្ឌលហ្វឹកហ្វឺនជាច្រើនទៀត របស់កងយោធពលខេមរភូមិន្ទ។ សាលានេះមានបេសកកម្មបណ្ដុះបណ្ដាលនាយទាហានវ័យក្មេង ដែលអានាគតពួកគេនឹងក្លាយជាទំពាំងស្នងឬស្សី លើវិស័យការពារជាតិរបស់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។ ដើម្បីឈានទៅដល់គោលដៅនេះបាននិស្សិតនាយទាហានសកម្មទាំងអស់ ត្រូវស្នាក់នៅហូបចប់រួមគ្នានៅក្នុងសាលានាយទាហានសកម្មរយៈពេល ៤ ឆ្នាំ ហើយត្រូវហ្វឹកហាត់ និងសិក្សានៅវិទ្យាសាស្រ្តមូលដ្ឋាន និងវិទ្យាសាស្ត្រយោធា នៅទីនេះ។ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ សាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ បានបណ្ដុះបណ្ដាលនាយទាហានសកម្ម ដែលមានវ័យក្មេង បានចំនួន ១៩ វគ្គដែលមានចំនួននិស្សិតនាយទាហានសកម្មសរុប១៥៨១នាក់ ជានារី១០១នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ នឹងបានចេញទៅបម្រើការងារនៅតាមបណ្ដាកងឯកភាពនានា ទូទាំងកងយោធពលខេមរភូមិន ហើយបានបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ដោយឡែកបច្ចុប្បន្ននេះ សាលានាយទាហានសកម្មបាននឹងកំពុងធ្វើការបណ្ដុះបណ្ដាលនាយទាហានសកម្មចំនួន៤វគ្គបន្តទៀត ដែលរួមមានវគ្គនាយទាហានសកម្មជំនាន់ទី ២០ ជំនាន់ទី ២១ ជំនាន់ទី ២២ និងជំនាន់ទី ២៣ ដែលមានសិក្ខាកាមសរុប៦០៨នាក់ ក្នុងនោះមាននារីចំនួន៩៩នាក់ផងដែរ។ ក្នុងពិធីជួបជននោះផងដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជូនពរដល់ប្អូនៗ អតីតនាយទាហានសកម្មគ្រប់ជំនាន់ទាំងអស់ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាបានគង់វង្ស ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ