ព័ត៌មាន

ពិធី​បិទ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​គ្រប់​គ្រង​សារ​ធាតុ​គីមី ​និង​កាក​សំណល់​ដែល​ពាក់​ព័ន្ធ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (SEACHEM)
នាយកដ្ឋានព័ត៌មាន(៣)
35
1333 ពិធី​បិទ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​គ្រប់​គ្រង​សារ​ធាតុ​គីមី ​និង​កាក​សំណល់​ដែល​ពាក់​ព័ន្ធ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (SEACHEM)

     បន្ទា​ប់​ពីបានដំណើរការអស់រយៈជិតពីរសប្តាហ៍រួចមក អង្គសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការគ្រប់គ្រង​សារ​ធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ (SEACHEM) បានប្រារព្វពិធី​បិទ​នៅ​រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ​ និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ក្រូច បុរី អគ្គលេខាធិការស្តីទី អាជ្ញាធរជាតិអាវុធគីមី។

      សិក្ខាសាលាថ្នាក់ជាតិនេះ បានរៀបចំដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរជាតិអាវុធគីមី​ ជាមួយដៃគូសហគមអឺរ៉ុប។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើសរើសសំរិតសំរាំងពីក្រសួង​-​ស្ថាប័ន និងបានត្រតពិនិត្យ និងសម្រេចរួមគ្នា​ នៃអាជ្ញាធរជាតិអាវុធគីមី និងម្ចាស់គម្រោងលេខ៦១ នៃ​សហភាពអឺរ៉ុប។ មានសិក្ខាកាមចូលរួមចំនួន ២០៥នាក់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៩ ។ គោល​បំណង​ នៃអង្គសិក្ខាសាលាគឺដើម្បីផ្តល់ចំណេះដឹង និងបង្កើនសមត្ថភាពលើជំនាញការត្រៀមរៀបចំ ការឆ្លើយ​តប ​ការស្តារឡើងវិញ និងការធ្វើឲ្យប្រសើរឡើងនូវឧប្បត្តិហេតុសារធាតុអាវុធគីមី។

     តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អាជ្ញាធរជាតិអាវុធគីមី និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ​ទាក់ទងទៅនឹងកាកសំណល់សារធាតុគីមី និងអាវុធមហាប្រល័យ ដោយបានចុះហត្ថលេខាលើអនុសញ្ញា​ហាម​ឃាត់​អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ ឯកឧត្តម បានបន្តថា៖ ដើម្បីសម្រេច​បាន​នូវប្រសិទ្ធភាពខ្ពស់ អាជ្ញាធរជាតិអាវុធតិមី ដែលជាស្ថាប័នប្រតិបត្តិ បានធ្វើសកម្មភាពរុករកគ្រាប់​បែក​គីមី​ ដែល​បាន​បន្សល់ទុកពីសម័យ​សង្គ្រា​ម​ទសវត្សរ៍១៩៦០-១៩៧០​ នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានសារធាតុគីមី CS កម្រិតខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ​យ៉ាង​ដ៏​ធ្ងន់ធ្ងរ​។ ក្រៅពីនេះអាជ្ញាធរជាតិអាវុធគីមី ដែលមានអគ្គលេខាធិការដឹកនាំ បានធ្វើការចាត់តាំង​តំណាងផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មនៅតាមបណ្តាខេត្តក្រុង ដល់មន្ត្រីរាជការ កងកម្លាំងចំណុះខេត្តនិមួយៗ។ ទន្ទឹមនេះដែរ បានចុះហ្វឹកហ្វឺនតាមបណ្តាកងឯកភាពចំណុះឲ្យយោធភូមិភាគ អគ្គបញ្ជាការដ្ឋាន ពីប្រតិបត្តិការ​ឆ្លើយ​តប​ នឹងឧប្បត្តិហេតុ CBRN ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានសំដែងជំនឿយ៉ាងមុតមាំថា៖ ផ្អែកតាមលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានមក​ពី​សិក្​ខាសាលា គ្រប់គ្រងកាកសំណល់គឺមី នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តុះបណ្តាលដោយគ្រូមកពីសហភាពអឺរ៉ុប​នាពេលនេះ​ សមាជិកទាំងអស់ ពិតជាទទួលបាននូវការយល់ដឹង និងបទពិសោធន៍ល្អៗក្នុងការទប់ស្កាត់មហន្តរាយ បង្កគ្រោះថ្នាក់ដល់សុខមាលភាពសាធារណៈ ព្រមទាំងការពារបាន សុវត្ថិភាព សន្តិភាព ស្ថេរភាព ក្នុង​តំបន់​អាស៊ីអគ្នេយ៍។ ឯកឧត្តម សង្ឃឹមថា៖ អង្គការCBRN នៃសហភាពអឺរ៉ុបនឹងនៅតែបន្តជួយឧបត្ថម្ភទាំង​ស្មារតី សម្ភារៈ និងថវិកា និងនាំមកនូវបច្ចេកវិទ្យាថ្មី ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដល់មន្ទីរស្ថាប័ន ក្រសួងនិងអាជ្ញាធរ អាវុធគីមី ដើម្បីអនុវត្តអោយបានជោគជ័យនូវវិធានការថ្នាក់ជាតិ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ