ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំ​ផន ​ជួប​ប្រជុំ​ជា​មួយ​ស្នង​ការស​ង្រ្គោះ​គ្រោះ​មហន្តរាយ​វៀត​ណាម​ និង​ចុះ​ពិនិត្យ​ទី​តាំង​សម​យុទ្ធ​គ្រោះ​មហន្តរាយ​ ​ខេត្ត​ស្វាយ​រៀង​
នាយកដ្ឋានព័ត៌មាន(៣)
29
1330 ឯកឧត្តម​ ម៉ឹង ​សំ​ផន ​ជួប​ប្រជុំ​ជា​មួយ​ស្នង​ការស​ង្រ្គោះ​គ្រោះ​មហន្តរាយ​វៀត​ណាម​ និង​ចុះ​ពិនិត្យ​ទី​តាំង​សម​យុទ្ធ​គ្រោះ​មហន្តរាយ​ ​ខេត្ត​ស្វាយ​រៀង​

     ក្រុម​ការងារសង្រ្គោះគ្រោះ​មហន្តរាយ​​ព្រំដែនគោក កម្ពុជា-វៀណាម បានជួបប្រជុំគ្នា​កាល​ពីរសៀល​ថ្ងៃទី២៧ ខែ​​វិច្ឆិកា ឆ្នាំ​២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ដើម្បីត្រួតពិនិត្យការងារចុងក្រោយ សំរាប់ការត្រៀមធ្វើលំហាត់​​សមយុទ្ធ​សង្រ្គោះ​គ្រោះហន្តរាយ​ នៅតាមព្រំដែនគោក​ រវាងប្រទេសទាំងពីរ កម្ពុជា​-​វៀតណាម ក្នុងខែធ្នូ ខាង​មុខ​នេះ​។ ក្នុងកិច្ចប្រជុំទ្វេភាគីក្រុមការ​ងារ​សង្រ្គោះគ្រោះ​មហន្តរាយ​អចិន្ត្រៃយ៍ ព្រំ​ដែនគោក កម្ពុជា-វៀណាម រវាង ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង​ការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល​​ការ​ត្រៀមរៀប​ចំឆ្លើយតប​សង្គ្រោះ​បន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា និង លោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ីងហ៊ុង អនុប្រធានស្នងការសង្រ្គោះគ្រោះ​មហន្តរាយ ក្រសួងការពារប្រទេសវៀតណាម បានចាត់​ទុក​ការងារជួយ​សង្រ្គោះគ្រោះហន្តរាយ​ ​ដល់​ប្រជាពលរដ្ឋ​រស់នៅតាមព្រំដែន ប្រទេសទាំងពី កម្ពុជា វៀត​ណាម​ គឺជាកិច្ចការ​ដ៏សំខាន់​របស់​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា ​វៀតណាម ដើម្បីផ្តល់សេចក្តីសុខដល់ប្រជា​ជន​ប្រទេសទាំង​ពីរ ​សំដៅរួមចំណែក អភិវឌ្ឍតំបន់ព្រំដែនអោយមានការរីកចំរើន។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង​ការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល​​ការ​ត្រៀមរៀប​ចំឆ្លើយតប​សង្គ្រោះ​បន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា


     ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ​បានមាន​ប្រសាសន៍​បញ្ជាក់​អោយដឹងថា៖ ដោយអនុវត្តតាមកិច្ចព្រម​ព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលបាន​ប្រគល់​​​ភារកិច្ចអោយ ក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា និង វៀតណាម សាងសង់អគារ​មណ្ឌល​សុខភាព​មួយកន្លែងនៅជិតព្រំដែន ក្នុង​ឃុំ​ទួល​​ស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីជួយព្យាបាល សង្គ្រោះ​ប្រជាពលរដ្ឋ​រស់នៅតាមបណ្តោយព្រំដែន អោយ​បាន​ទាន់​ពេល​វេលា​ នៅពេលមានគ្រោះ​មហន្តរាយកើត​ឡើង​ជាយកថាហេតុ។ តាមរយៈកិច្ចប្រជុំនោះ ក្រុមការងា​រប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ក៏បានធ្វើការពិភាក្សាគ្នា ត្រួតពិនិត្យការងារ​ចុងក្រោយ​ដើម្បី​ត្រៀម​រៀបចំ សម្ពោធអគារ​មណ្ឌល​សុខភាព នៅឃុំទួលស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងការត្រៀមលក្ខណៈធ្វើលំហាត់ សមយុទ្ធ​សង្រ្គោះគ្រោះហន្តរាយព្រំដែនគោក នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

     បន្ទាប់ពីបានជួបប្រជុំពិភាក្សា​ការងារ​នៅ​ក្រសួងការពារជាតិរួចមក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ​រៀប​ចំធ្វើលំហាត់សមយុទ្ធ​សង្រ្គោះ​គ្រោះហន្តរាយ​ ដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនគោក កម្ពុជា វៀតណាម ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ីងហ៊ុង ព្រមទាំង​សមាជិក​ក្រុមការងារតាមជំនាញទាំងអស់ ក៏បាន​អញ្ជើញ​ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកងទ័ពជើងអាកាស នៃ​ខភម ចុះ​ទៅ​ពិនិត្យមើល​អគារ​មណ្ឌល​សុខភាព ដែលកំ​ពង់សាងសង់នៅជិតព្រំដែន ស្ថិតនៅក្នុង ឃុំទួលស្តី ក្នុងស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង និង ត្រួតពិនិត្យទីតាំងជាក់ស្តែង សំរាប់ធ្វើលំហាត់សមយុទ្ធ​ជួយ​សង្គ្រោះ​​គ្រោះ​មហន្តរាយ​ ​ដែលមាន​ទីតាំងស្ថិនៅក្នុងភូមិសាស្រ្ត ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

    សូមបញ្ជាក់ថា៖ មណ្ឌល​សុខភាពមួយកន្លែងនៅជិតព្រំដែន ស្ថិតនៅ​ក្នុងឃុំទួលស្តី ស្រុកចន្រ្ទា​ខេត្តស្វាយរៀង ដែល​កំពង់សាង​សង់ជិតរួច​រាល់នេះ ក្រោមការ​ជួយឧបត្ថមពីភាគីមិត្តវៀតណាម ដែលត្រូវចំណាយ​ថវិកា​សាង​សង់​ចំនួន ១ សែន ៥ ម៉ឺនដុល្លា នៅលើផ្ទៃដីទំហំ១ហិកតា ដើម្បីត្រៀមសង្រ្គោះគ្រោះ​មហន្តរាយ​ដែលកើតមាន​ឡើងជាយកថាហេតុ។ ក្នុងឱកាសចុះ​ទៅពិនិត្យមើលអគារ​មណ្ឌល​សុខភាព និងត្រួតពិនិត្យទីតាំងជាក់ស្តែងសំរាប់ធ្វើលំហាត់សមយុទ្ធជួយសង្គ្រោះ​គ្រោះមហន្តរាយ​​នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាន​ថ្លែង​ថា៖​ ក្រោមការដឹកនាំ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែបានយក​ចិត្តទុក​ដាក់​​ចំពោះសុខទុក្ខ និងការរស់នៅ​របស់ប្រជាពលរដ្ឋតាមព្រំដែនគោក ក៏ដូចជាតំបន់ដ៏ទៃទៀត ដើម្បីអោយបងប្អូនទទួលបានសុខសុវត្ថិភាព​ក្នុងការ​រស់នៅ និង ការប្រកបមុខរបរចឹញ្ចឹមជីវិតបានងាយស្រួល។ ឯ.ឧ ម៉ឹង សំផន បានបញ្ជាក់អោយដឹងថា៖ អនុវត្តតាម​អនុសាសន៍ណែនាំរបស់សម្តេចតេជោ យើងត្រូវបង្កើនស្មារតី​ប្រុង​ប្រយ័ត្ន និងមានវិធានការ​ទប់ទល់ចំពោះគ្រោះធម្មជាតិផ្សេងៗនៅតាមបណ្តោយព្រំដែន កម្ពុជា និង វៀតណាម​ ដើម្បីសហការគ្នាធ្វើយ៉ាងណាអោយប្រជាជននៅតាមបណ្តោយព្រំដែនរស់នៅក្នុងសុខ សុវត្តិភាព និង សន្តិភាព កុំអោយមានបញ្ហាអ្វីកើតឡើង។ ឯកឧត្តម ម៉ឹង សំផន បានបន្តថា៖ ក្រោមការដឹកនាំរបស់ សម្តេច​តេ​ជោ ​ហ៊ុន សែន បានធ្វើអោយប្រទេសជាតិបានបញ្ចប់សង្គ្រាម និង ទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលពីមុនទីកន្លែងដែលត្រៀមធ្វើលំហាត់សមយុទ្ធនេះ ត្រូវបានរងគ្រោះដោយសារសង្រ្គាម តែ​បច្ចុប្បន្ន​នេះ បានក្លាយទៅ​ជាតំបន់​អភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។ ឆ្លៀតក្នុងឱកាសចុះពិនិត្យជាក់ស្តែង ការដ្ឋានសាងសង់អគារមណ្ឌលសុខភាព និងទីលានលំហាត់សមយុទ្ធ​ជួយ​សង្គ្រោះគ្រោះមហន្តរាយនាពេលនោះ ឯ.ឧ ម៉ឹង សំផន និងក្រុមការងារក៏បានណែនាំ​ដល់ក្រុមជាង​សាង​សង់​​មណ្ឌល​សុខភាព ត្រូវធ្វើយ៉ាងណាសាងសង់សំណង់នេះអោយបានរឹងមាំ មានគុណភាព និងសោភ័ណភាពល្អ ដើម្បី​បំរើ​​សេចក្តីត្រូវកា​រដល់ការពិនិត្យព្យាបាល ថែទាំសុខភាពប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព និង ទាន់​ពេល​វេលា​។

​     សូមបញ្ជាក់ថា៖​ ដោយអនុវត្តតាមកិច្ចព្រមព្រៀង​ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលបាន​ប្រគល់​​​ភារកិច្ចអោយ ក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ធ្វើលំហាត់​សមយុទ្ធ​សង្រ្គោះ​​គ្រោះហន្តរាយ នៅតាមព្រំដែនគោករវាងប្រទេសទាំងពីរមហន្តរាយ ដែលនឹងប្រារព្ធធ្វើនៅ​ខែធ្នូខាងមុខ​នេះ ​ក្រុមការងាររៀបចំ​ធ្វើសមយុទ្ធ​​​ និងប្រើប្រាស់​កម្លាំងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលមាន​ភាគីនីមួយៗចូលរួមចំនួន២០០នាក់ និងប្រជាជនចូលរួមចំនួន ៣០០នាក់។ ក្នុងការ​អនុវត្តលំហាត់នេះ ភាគីមិត្ត នឹង​ជួយពិនិត្យជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាចំនួន២០០នាក់ និង ​ជួយ​ឧបត្ថម្ភនូវទូកអូប័រ និងម៉ាស៊ីនចំនួន ៤០គ្រឿង ​ដល់ភាគីកម្ពុជាផងដែរ។ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងសំរាប់ធ្វើលំហាត់នោះ ឯកឧត្តម ម៉ឹង សំផន ក៏បាន​សំណូម​ពរដល់ បណ្តាអង្គភាពជំនាញរួមនឹងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំធ្វើ​ការ​សហការគ្នាអោយបានល្អ ជាពិសេស ធ្វើកិច្ចសហប្រតិបត្តិការអោយបានជិតស្និតជាមួយភាគីមិត្ត ដើម្បីអនុវត្តការធ្វើ​លំហាត់សមយុទ្ធសង្រ្គោះគ្រោះ ហន្តរាយនៅតាមព្រំដែន អោយទទួលបានលទ្ធផលល្អ និងប្រែក្លាយ​តំបន់​ព្រំដែនជាតំបន់មានសុខ សន្តិភាព និងការអភិវឌ្ឍសំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ