កងពលតូចថ្មើរជើងលេខ៧០ កងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៩ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ។
ក្នុងរបាយការណ៏អានដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ អ៊ូ សុភា នាយសេនាធិការរង និងជានាយការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក បានគូសបញ្ចាក់ឲ្យដឹងថា៖ បញ្ជាការដ្ឋានកងទ័ពជើងគោក បានសហការជាមួយកងពលតូចលេខ៧០ បានដំណើរការបើកវគ្គវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី១ និងប្រារព្ធពិធីបិទនាថ្ងៃនេះ បន្ទាប់ពីបានដំណើរការបើកវគ្គហ្វឹកហ្វឺនរយៈពេល ៩១ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ វគ្គនេះមានកម្មសិក្សាការីចូលរួមរៀនសូត្រ ចំនួន ១១៣ នាក់ គ្រូយោធាចារ្យចំនួន៣០នាក់ និងអ្នកគ្រប់គ្រងចំនួន ១០នាក់ មកពីបណ្តាកងឯកភាពទាំង០៦ យោធភូមិភាគ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងកងពលតូចលេខ៧០។ សិក្សាខ្លឹមសារមេរៀនរួមមាន យុទ្ធវិធីបច្ចេកទេសថ្មើរជើង ឋានលេខា ស៊ើបការណ៏ វិស្វកម្ម បញ្ជូនសារ គីមីសាស្ត្រ រថគ្រោះ រថពាសដែក កាំភ្លើងធំ និងការពារអាកាស។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបានលទ្ធផល ល្អ ២៧% ល្អបង្គួរ ៥២% និងមធ្យម១០%។ របាយការណ៏ក៏បានបន្ថែមទៀតថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យនេះ បានដំណើរការដោយបានការជួយឧត្ថម្ភពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ទាំងថវិការ និងសម្ភារៈ ក្រសួងការពារជាតិជួយឧបត្ថម្ភប្រាក់បន្ថែមសម្រាប់សិក្ខាម ក្នុងមួយថ្ងៃចំនួន ៣០០០រៀល ឧបត្ថម្ភត្រីខ និងប្រេងឥន្ធនៈផងដែរ។ ជាមួយគ្នានោះដែរកងពលតូចលេខ៧០ ក៏បានផ្តល់ទីតាំង អគារស្នាក់នៅ កន្លែងរៀនសូត្រ គ្រែ និងការជួយឧបត្ថម្ភទាំងស្មារតី សំភារះពីសំណាក់ ឯកឧត្តមមេបញ្ជាការកងពលតូចលេខ៧០ បានធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបញ្ចប់តាមការគ្រោងទុក។
ថ្លែងក្នុងពិធីបិទវគ្គ ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាសារ៉ន បានសំដែងនូវការកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធាចារ្យទាំងអស់នៅក្នុងកងពលតូចលេខ៧០ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ រៀបចំឲ្យមានវគ្គហ្វឹកហ្វឺននេះឡើង និងបានខិតខំយកអស់កម្លាំងកាយចិត្តបង្ហាត់បង្រៀននូវចំណេះដឹង ចំណេះធ្វើជូនកម្មសិក្សាការីពង្រឹងបាននូវវិជ្ជាជីវៈតាមបច្ចេកទេស មុខជំនាញរបស់ខ្លួន ដើម្បីរួមចំណែកកសាងប្រភពធនធានមនុស្សក្នុងកងយោធពលខេមរភូមិន ឲ្យកាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីមាតុភូមិកម្ពុជា។ ឯកឧត្តម ជា សារ៉ន បានសង្កត់ធ្ងន់ថា៖ លទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលទទួលបាននៅពេលនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់របស់កងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្តែជាជោគជ័យនៃការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទទាំងមូល ពីព្រោះវគ្គនេះបានបង្កើននូវបរិមាណ និងគុណភាពនៃធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដែលជាប្រភពបន្តវេន និងជាកម្លាំងស្នូលប្រកបដោយជំនាញពិតប្រាកដ។ ក្នុងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក ឯកឧត្តម បានសំដែងការអបអរសាទរចំពោះលទ្ធផល ដែលវគ្គនេះទទួលបាន ដែលបានរៀបចំចាត់តាំងហ្វឹកហ្វឺន ស្របតាមគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល និង ផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោកបានដាក់ចុះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន សំដៅទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់កិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវខឿនឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា។ ដើម្បីរួមចំណែកទប់ស្កាត់ឱ្យបាន នូវការបំផុសបំផល់ ញុះញុង ក្នុងគោលបំណងធ្វើបដិវត្តពណ៌ បំផ្លាញ សុខសន្តិភាពនៅកម្ពុជា និង ដើម្បីការពារឱ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលយើងទទួលបាននៅពេលបច្ចុប្បន្ននេះគឺ ឯកឧត្តមបាន ផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ព្រមទាំងកម្មសិក្សាការីក្នុងវគ្គហ្វឹកហ្វឺនរបស់កងពល៧០ ត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង កងទ័ពជើងគោកបានដាក់ចុះ នឹង ត្រូវការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕