បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេល០៤ថ្ងៃ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ចាការរងកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឯកឧត្តម ឧត្តមសេនីយ៏ទោ ឡេង លីម នាយសេនាធិការរង និងជានាយខុទ្ធខាល័យកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋាន កងទ័ពជើងគោកជាច្រើនរូបទៀត បានវិលត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២០ និងបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី២៩ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងគោកអាស៊ាន និងការប្រកួតបាញកាំភ្លើងដៃកងទ័ពជើងគោកអាស៊ានជាកិច្ចប្រជុំ និងការប្រកួតប្តូរវេនដោយនៅឆ្នាំ២០១៩នេះ ចំវេនប្រទេសឥណ្ឌូនេស៊ីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ និងការប្រកួតនេះ ដោយមានបណ្តាប្រទេសអាស៊ានចូលរួមចំនួន ១០ប្រទេស។ ហើយជារៀងរាល់ឆ្នាំ កងទ័ពជើងគោក នៃខភម តែងតែចាត់បញ្ជូនកីឡាករជំនាញបាញ់កាំភ្លើងដៃ ទៅចូលរួមគ្រប់ការប្រកួត ដែលជាលទ្ធផល កម្លាំងកងទ័ពជើងគោក ទទួលបានបទពិសោធន៏ជាច្រើនពីបណ្តាប្រទេសដែលចូលរួមទាំងនោះ។
ទទួលដំណើរមាតុភូមិនិវត្តន៏របស់គណៈប្រតិភូដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តមអស់លោក ជានាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូប ៕