ព័ត៌មាន

ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​១​ និង​បើក​វគ្គ​បំប៉ន​ការ​ងារ​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​២ ​ឆ្នាំ​២០១៩ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​
នាយកដ្ឋានព័ត៌មាន(៣)
49
1325 ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​១​ និង​បើក​វគ្គ​បំប៉ន​ការ​ងារ​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​២ ​ឆ្នាំ​២០១៩ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​

     តួនាទី​ភារកិច្ច​របស់ស្ថាប័នបំភ័ន្តអក្ខរៈ នៅតែជាការចាំបាច់ និងមានសារៈសំខាន់បំផុត សម្រាប់កងទ័ព ក្នុង​ការ​បម្រើការងារសារសំងាត់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នរដ្ឋ។ នេះគឺជាប្រសាសន៍​របស់​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ ​ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​១​  និង​បើក​វគ្គ​បំប៉ន​ការ​ងារ​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​២ ​ឆ្នាំ​២០១៩​ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈ  នៃ​ទី​ចាត់​​ការ​បំភ័ន្តអក្ខរៈ ​អគ្គបញ្ជាការ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ សង្កាត់​ស្វាយរលំ​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ 


    នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​ បាន​សង្កត់​ធ្ងន់​ថា៖ ​នាយ ពលទាហាន យោធាចារ្យ និងគណៈគ្រប់គ្រងសាលាហ្វឹក​ហ្វឺន​ជំនាញបំភ័ន្តអក្ខរៈ ត្រូវបន្តពង្រឹងថែមទៀតអំពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជា​មួយ​ជាតិ ​សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល និងការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេសគាំទ្រ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​សុខសន្តិភាព ​ស្ថេរ​ភាព​ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ ព្រមទាំងការរីកចំរើនលើគ្រប់វិស័យ ដែលយើងខិតខំដោយលំបាក​នា​រយៈ​ពេល​ជាង ៣០ ឆ្នាំកន្លងមក។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ដល់​គណៈ​គ្រប់​គ្រង​ ទីចាត់ការ សាលា និងយោធាចារ្យ ព្រមទាំងសិក្ខា​កាម​ នាយទាហាន​ជំនាញ​បំភ័ន្តអក្ខរៈគ្រប់ជំ​នាន់​ទាំង​​អ្នក​ ដែលត្រូវ​បញ្ច​ប់​វគ្គ ​និង​សិក្ខាកាម​ ដែលត្រូវបន្តបើកវគ្គរៀនសូត្រនូវជំនាញបំភ័ន្តអក្ខរៈទាំង​អស់​ ដែល​រហូត​មក​បាន​ខិត​ខំប្រឹងប្រែងពុះពារ​ រាល់​ការលំបាកស្មុគស្មាញនានា ជំរុញឲ្យដំណើរការ​ នៃវគ្គហ្វឹក​ហ្វឺន​ជំនាញបំភ័ន្តអក្ខរៈនេះ ​ចាប់ពីផ្តើមរហូត ដល់​ពេលបញ្ចប់វគ្គនិមួយៗ សម្រេចបានលទ្ធផល ប្រកប​ដោយ​ជោគ​ជ័យ​។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែល​ទើបចូលមកហ្វឹកហ្វឺន សម្រាប់​វគ្គ​បំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី២ និងប្អូនៗ ដែលកំពុងហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្ត​ឲ្យ​បាន​ល្អ ​និង​ត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន ជំនាញបំភ័ន្តអក្ខរៈយោធា នៅទីនេះឲ្យបានកាន់តែប្រសើរ ​ដើម្បីពេលបញ្ចប់វគ្គប្អូនៗ មានសមត្ថភាពគ្រប់គ្រាន់​ ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិ​របស់​យើង​បាន​រឹងមាំ​ ពិសេស​ត្រូវគោរព​ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់​ប្រមុខរាជរដ្ឋាភិបាល ​ថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ។ ជា​មួយ​គ្នា​នេះដែរ​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្ដែ​ង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ប្រទេស​ជា​មិត្ត​ ដែល​តែង​តែបាន​ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងផ្នែកបច្ចេកទេសបំភ័ន្តអក្ខរៈ ដល់ទីចាត់​ការ​បំភ័ន្តអក្ខរៈ នឹងសាលា​ ដើមី្បមានគ្រប់លទ្ធភាពក្នុងការបណ្ដុះបណ្ដាលធន់ធានមនុស្ស លើជំនាញសារ​សំងាត់​នេះ​ ដល់​កងយោធពលខេមរ​ភូមិន្ទ​។ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឥត​ សារ៉ាត់​ ក៍​បាន​ប្រកាស​បិទ​ និង​បើក​វគ្គ​ហ្វឹកហ្វឺនបំប៉ននាយទាហានជំនាញបំភ័ន្តអក្ខរៈជំនាន់ទី១ និងទី​២នេះ ចាប់ពីពេលនេះតទៅព្រមទាំង​បាន​ប្រកាស​ផ្ដល់ថវិកាចំនួន ១០លានរៀលដល់សាលាជំនាញបំភ័ន្តផងដែរ។

    សូម​បញ្ជាក់​ថា​៖ ពិធីបិទ​ និងបើវគ្គបំប៉នជំនាញបំភ័ន្តអក្ខរ:ជំនាន់ទី១ និងបើកវគ្គបំប៉នជំនាញបំភ័ន្តអក្ខរ:​ជំនាន់​ទី​២ ​ដែល​បានដំណើរការបិទ​ និងបើកនៅថ្ងៃនេះ បើតាមសុន្ទរកថា​ស្វាគមន៍ និងរបាយការណ៍វគ្គ របស់ឧត្តមសេនីយ៍ឯក មន្នី ហោរ៉ាត់ នាយរង​សេនាធិការ​ចម្រុះ ​និង​ជា​នាយក​ទីចាត់​ការ​បំភ័ន្តអក្ខរៈ អគ្គបញ្ជាការ  និង​លោក​វរសេនីយ៍ឯក ថាច់ សារ៉េត នាយកសាលាជំនាញបំភ័ន្តអក្ខរៈ បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី​១​ ដែលត្រូវបានបញ្ចប់នេះ មានសិក្ខាកាមជានាយទាហានជំនាញបំភ័ន្តអក្ខរៈចូលរៀនសូត្រ​ចំនួន​៩០​នាក់​ ក្នុង​នោះមាន​យោធាចារ្យ ចំនួន​១០នាក់​ និង​គណ:គ្រប់គ្រងចំនួន​៩នាក់ ​ដោយប្រើរយៈពេលសិក្សារៀនសូត្របន្ថែម ៦ខែ លើខ្លឹមសារមេរៀន លក្ខន្តិក: ទ្រឹស្ដីបច្ចេកទេសជំនាញបំភ័ន្តអក្ខរៈ (សារបាំងប្រែ)​។ ដែលក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមដែលចូលហ្វឹកហ្វឺនទាំង ៦៣នាក់ ទទួលបាននិទ្ទេសល្អណាស់ចំនួន ០៣នាក់, និទ្ទេសល្អចំនួន ១២នាក់, និទ្ទេសល្អបង្គួរចំនួន ៣៦នាក់ និងនិទ្ទេសមធ្យមចំនួន ១២នាក់។ ដោយ​ឡែក​សម្រាប់​វគ្គបំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី ២ ដែលត្រូវបើកឲ្យដំណើរការរៀនសូត្របន្តពីវគ្គជំនាន់ទី ១ ដែល​ត្រូវ​បាន​បញ្ចប់​ នេះមានសិក្ខាកាមជានាយទាហានមកពីគ្រប់បណ្ដាកងឯកភាព​ ក្នុងកងយោធពលខេមរភូមិន្ទ​ចូលរៀនសូត្រចំនួន ៩៧នាក់ ក្នុងនោះមានយោធាចារ្យចំនួន ១០នាក់ និងគណៈគ្រប់គ្រងវគ្គចំនួន ០៩ នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារលក្ខន្តិកៈ, បទវិន័យទូទៅ, អប់រំចិត្តសាស្ត្រ, វត្តវិលមុខជំនាញ​ទ្រឹស្ដី​បច្ចេក​ទេស ​និង​ការ​អនុវត្ត​ជាក់​ស្ដែង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ