ព័ត៌មាន

គណៈ​ប្រតិភូ​បណ្ឌិត​សភា​ការ​ពារ​ជាតិ​ជប៉ុន ​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​ ឯកឧត្តម​ អួន ​សា​រឿន​
នាយកដ្ឋានព័ត៌មាន(៣)
92
1323 គណៈ​ប្រតិភូ​បណ្ឌិត​សភា​ការ​ពារ​ជាតិ​ជប៉ុន ​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​ ឯកឧត្តម​ អួន ​សា​រឿន

      នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​គណៈប្រតិភូ​សាលា​បណ្ឌិត​សភា​ការពា​រជា​តិជប៉ុន​ ​ដឹកនាំ​ដោយ​ ឯកឧត្តម ​កុគូប៊ូន​ រី​យោសេ​ (Kokubun Ryosei) នាយក​សាលា​បណ្ឌិតសភា​ការ​ពារ​ជាតិ​ជប៉ុន ​និង​នាយទាហានជាន់ខ្ពស់​ជប៉ុន​ ព្រមទាំង​សេនានុព័ន្ធ​អមស្ថាទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​ដែលមាន​និវេសនស្ថាន​ នៅ​ទីក្រុងហា​ណូយ​ ប្រទេស​វៀត​ណាម​​ បា​នចូលជួបសម្តែងការគួរ​សម​ និង​ពិភាក្សាការងារជាមួយ ឯកឧត្តម​ ឧត្តមសេនីយ៏ឯក​ អួន ​សារឿន ​មេ​បញ្ជាការរង​កង​ទ័ព​ជើងគោក​ នៅ​បញ្ជាការដ្ឋានកងទ័ព​ជើង​គោក​ កន្ទោក​ រាជ​ធានី​ភ្នំពេញ​។​

ឯកឧត្តម​ ឧត្តមសេនីយ៏ឯក​ អួន ​សារឿន ​មេ​បញ្ជាការរង​កង​ទ័ព​ជើងគោក​ នៅ​បញ្ជាការដ្ឋានកងទ័ព​ជើង​គោក និងឯកឧត្តម ​កុគូប៊ូន​ រី​យោសេ​ (Kokubun Ryosei) នាយក​សាលា​បណ្ឌិតសភា​ការ​ពារ​ជាតិ​ជប៉ុន ​និង​នាយទាហានជាន់ខ្ពស់​ជប៉ុន


    នៅ​ក្នុង​ជំនួបសន្ទនា​នា​ពេល​នោះ ​ក្នុង​នាម ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​ និង​ជាមេបញ្ជាការកងទ័ពជើង​គោក​ ឯកឧត្តម អួន សារឿន បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ ​ឯកឧត្តម​ កុគូប៊ូន រី​យោសេ ​និង​គណៈប្រតិភូ​កងទ័ព​សាលាបណ្ឌិត​សភា​ការពារជាតិជប៉ុ​ន​ ដែលបាន​មក​បំពេញ​ទស្សន​កិច្ច​​នៅ​កម្ពុជា​។ ​ឯកឧត្តម អួន សារឿន បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជនជប៉ុន កន្លង​មក​ តែង​តែ​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រទេស​កម្ពុជា​តាំង​ពី​សម័យ​សង្គ្រាម ​និង​បាន​រួម​ចំណែក​ថែរក្សា​សន្តិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​។ ​ក្រៅ​ពី​នេះ​ជប៉ុន​ បាន​ដើរតួនាទីមួយ​ដ៏​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​ និង​ការ​បន្តជួយ​អភិវឌ្ឍន៏​ប្រទេស​កម្ពុជា​។ ឯកឧត្តម ​អួន ​សា​រឿន ​បាន​ជំរា​បជូន​គណៈ​ប្រតិភូ​អំពី​កំណើតកង​ទ័ពជើង​គោក​ថា៖​ កងទ័ព​ជើង​គោក​បាន​កើត​ឡើង​ដោយ​បានឆ្លងកាត់​ច្រើន​ដំណាក់​កាល​ ស្របពេល​នឹង​កំណើតខ.ភ.ម ១៩៥​៣​ និ​ងជា​បន្ត​បន្ទាប់​រហូត​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័​ពជើង​គោក​ នៅ​ឆ្នាំ១​៩៩៩​ ក្រោម​ការ​ដឹ​កនាំ​របស់​ នាយ​ឧត្តម​សេនីយ៏ ​មាស​ សុភា ​និង​រហូត​មក​ដល់​បច្ចុប្បន្ន​ត្រូវ​បាន​ដឹក​នាំ​ដោយ ឯកឧត្តម ឧត្តម​សេនីយ៏​ឯក​ ហ៊ុន​ ម៉ាណែត ​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក។​ ឯកឧត្តម អួន សារឿន បាន​បន្ថែម​ទៀត​ថា៖​ ក្រោម​ការ​ដឹក​របស់​រាជ​រដ្ឋាភិបាល​ និង​​បាន​ការយកចិត្តទុក្ខ​ដាក់​ពី​សំណាក់​ក្រសួង​ការពារជាតិ​ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ កង​ទ័ពជើងគោក​បាន​ខិតខំ​យក​ចិត្តទុក​ដាក់​ហ្វឹក​ហ្វឺន​ដល់​កង​ទ័​ព​ជា​ប្រចាំ​ តាម​រយៈបើកវគ្គបណ្តុះ​បណ្តាល​ ហ្វឹកហ្វឺន នៅ​តាម​បណ្តា​សាលា​ក្នុង​ប្រទេស ​និង​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​ក្រៅ​ប្រទេស​។​ ក្នុង​នោះ​ប្រទេស​ជប៉ុន​ ក៏បានរួមចំណែកជួយ​បណ្តុះបណ្តាលដល់ខ.ភ.ម លើ​វិស័យ​ការ​ពារ​ជាតិ​ផង​ដែរ​ រួម​មាន​ជំនាញ​កិច្ច​សហប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​។​ តាម​រយៈ ​ឯកឧត្តម ​កុគូប៊ូន រីយោសេ, ឯកឧត្តម អួន សារឿន បាន​ស្នើរ​សុំ​ឲ្យភាគីជប៉ុន បន្តជួយបន្តុះបណ្តាលធនធានមនុស្ស ខ.ភ.ម បន្ត​ទៀត​ និង​បានជូនពរដល់​ប្រតិភូសាលា​បណ្ឌិត​សភា​ជប៉ុន​ ទទួលបានជោគជ័យ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។

     ឯកឧត្តម ​កុគូប៊ូន ​រី​យោ​សេ ​បាន​បញ្ជាក់​ពី​គោល​បំណង​ នៃ​ដំណើរទស្សនកិច្ច​នា​ពេល​នេះ​ ក្នុងគោល​បំណង​ពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពី​រ​កម្ពុជា និង​​ជប៉ុន​ និយា​យ​រួម ​និង​និយាយ​ដោយ​ឡែក​សាលា​បណ្ឌិត​សភាជប៉ុន​ និង​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​ ។​ ឯកឧត្តម​ នាយ​ក​សាលា​​បណ្ឌិតសភា​ការពារជាតិជប៉ុន បានបន្ថែមថា៖ នេះ​ជា​លើក​ទី២​ ដែល​រូបលោក​បាន​ទស្សនកិច្ច​នៅក​ម្ពុជា ​ហើយ​ក្នុង​នោះ​ឯកឧត្តម បាន​សម្ដែងការ​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ​ឯកឧត្តម​សង្ឃឹម​ថា​ កម្ពុជា​នឹង​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​រីក​ចំរើន​ទៅ​មុខ​ទៀត​ និង​មាន​សន្តិភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​។ ​ឯកឧត្តម​ កុ​គូ​ប៊ូន ​រី​យោ​សេ ​បាន​កោត​សរសើរ​​ចំពោះ​ការ​រី​ក​ចម្រើន​របស់ខ.ភ.ម លើ​វិស័យ​ការ​ពារ​ជាតិ​ និង​បាន​គូស​បញ្ជាក់​ពី​តួនាទី​ភារកិច្ច​សាលា​បណ្ឌិត​សភា​ជប៉ុ​ន ដែល​មាន​ភារកិច្ច​បណ្តុះ​បណ្តាល​នាយ​ទាហាន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ច្រើន​ជំនាញ​លើ​វិស័យ​ការ​ពារ​ជាតិ​ ក្នុង​នោះ​នាយទាហានខ.ភ.ម ក៏​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​សាលា​បណ្ឌិត​សភា​ការ​ពារ​ជាតិ​ជប៉ុន​ផង​ដែរ។ តា​ម​រយៈ​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ថា៖​ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពី​រ កម្ពុជា-ជប៉ុន​ ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ថែម​ទៀត ​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ