ព័ត៌មាន

ពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលមុខជំនាញឯកទេសការពារគីមីសាស្រ្ត ជំនាន់ទី៨ និងបើកវគ្គជំនាញផ្ទៃក្នុង ឆ្នាំ២០១៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ កំពង់ឆ្នាំង
នាយកដ្ឋានព័ត៌មាន(៣)
112
1321 ពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលមុខជំនាញឯកទេសការពារគីមីសាស្រ្ត ជំនាន់ទី៨ និងបើកវគ្គជំនាញផ្ទៃក្នុង ឆ្នាំ២០១៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ កំពង់ឆ្នាំង

    កង​យោធពល​ខេមរភូមិន្ទ  នៅតែចាត់​ទុកវិស័យហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញឯកទេស គឺជាជ្រុងអាទិភាពមួយ​ នៃ​ការកែទម្រង់របស់ខ្លួន​ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពជំនាញ វិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ច​ការ​ពារ​ប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្ន​ការងារ​ហ្វឹក​ហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាង​សំខាន់​ ក្នុងការពង្រឹងខឿនការ​ពារ​ជាតិ​ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់​កង​ទ័ព​ ជាពិសេស​យោធិន​ដែល​មាន​វ័យ​ក្មេង​ ដែល​ជា​អ្នកបន្តវេន​ជំនាន់​ក្រោយ​។ ក្នុងស្មារតីនេះ​ការ​ងារ​ហ្វឹក​ហ្វឺន​ ត្រូវ​បានចា​ត់​ទុក​ជាការងារអាទិភាព​ចាំ​បាច់​បំផុត ​ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំ ដូចភ្លៀងរលឹម ដើម្បី​ចូល​រួម​ចំ​ណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបាន​ជោគ​ជ័យ​។​ នេះ​គឺ​ជា​ប្រសាសន៍​របស់​​ នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ​រង​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​មុខ​ជំនាញ​ឯកទេស​ការ​ពារ​គី​មី​សាស្រ្ត​ ជំនាន់ទី​៨ ​និង​បើក​វគ្គ​ជំនាញ​ផ្ទៃ​ក្នុង​ ​ឆ្នាំ​២០១៩​ នៅ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​ការ​ពារ​គីមី​សាស្ត្រ​ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ១កើត​ ​ខែ​មិគសិរ​ ឆ្នាំកុរ​ ឯក​ស័ក ​ពុទ្ធសករាជ​ ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ។​

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ​រង​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​


    នាយឧត្តមសេនីយ៍ វង្ស វាសនា បានបន្តថា៖ វគ្គ​ហ្វឹកហ្វឺនដែលយើង​កំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិត​ជា​បាន​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវ​ការ​ ក្នុងការពង្រឹងសមត្ថភាពជំនាញបំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ឲ្យ​ដល់​យោធិន​ និង​ធ្វើ​ឱ្យ​យោធិន​យល់​ច្បាស់​អំពី​តួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់​ដាច់​ខាត​ជា​មួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃ ខ.ភ.ម ដែលបានដាក់ចេញ​។ ​នាយឧត្តមសេនីយ៍ វង្ស វាសនា បន្តទៀតថា៖ ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម និងទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការ ឯ.ឧ បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារ​កិច្ច​យ៉ាង​សកម្ម​ ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។ ជា​ពិសេស​ចំពោះ​ការងារហ្វឹកហ្វឺនផ្ទាល់​ ថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ ក៍ត្រូវយកចិត្តទុក​ដាក់​ពង្រឹង​គុណភាព​ហ្វឹក​ហ្វឺន​ ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព បំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹក​ហ្វឺន​ ធានា​សន្តិសុខ​ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាង​ធន់​ធាន​មនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

    ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា បានគូសបញ្ជាក់ថា៖ លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្រ្តអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការ​ងារ​គ្រប់​កម្រិត​ដែលបានកំណត់ ។ ឯកឧត្តមបញ្ជាក់ទៀតថា៖ លទ្ធផលទាំងនេះ គឺក៍បានពីកិច្ចខិតខំប្រឹងប្រែង​​ហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ និង​ការ​ដឹក​នាំ​បញ្ជា​ អនុវត្តហ្ម៉តចត់ម៉ឺងម៉ាត់។ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវបន្តព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះ និងនៅតាមអង្គភាពឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការ​ពារ​ជាតិ​មាតុភូមិរ​បស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខ​​រាជ​រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា៖ បើតាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចំរុះ និងជានាយក​ទីចាត់​ការ​ការ​ពារ​គីមី​សាស្រ្ត​ អគ្គបញ្ជាការ និងលោកឧត្តមសេនីយ៍ត្រី ចាន់ ធី នាយក​សាលាហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្ត្រ អគ្គបញ្ជាការ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ទីចាត់ការការពារគីមីសាស្រ្ត សហការ​ជា​មួយ​សាលា​ហ្វឹ​ក​ហ្វឺន​ជំនាញ​ការពារគីមីសាស្រ្ត អគ្គបញ្ជាការ បាននឹងកំពុងបន្តដំណើរការបណ្ដុះបណ្ដាល​វគ្គហ្វឹកហ្វឺន​ បណ្តុះបណ្តាលនាយទាហានជំនាញឯកទេសការពារគីមីសាស្រ្ត ឱ្យដល់នាយទាហាននៅក្នុងកង​យោធពលខេមរភូមិន្ទ ចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួមធ្វើចំនួន ១២០នាក់ ដែលក្នុងនោះមានយោធាចារ្យចំនួន ២០នាក់ ហ្វឹកហ្វឺនរយៈពេល ៩ ខែ ដែលរហូតមកដល់ត្រូវបានបញ្ចប់វគ្គ ដោយសិក្ខាកាមទាំង ១២០នាក់ ទទួលបានលទ្ធផលនិទ្ទេសល្អ ៣៤នាក់ និទ្ទេសល្អបង្គួរ ៤១នាក់ និងនិទ្ទេសមធ្យមចំនួន ១២នាក់ ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ