ព័ត៌មាន

កិច្ច​ដំណើរ​ការ​ប្រជុំ​ពេញ​អង្គ​ថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី​១៣​​
នាយកដ្ឋានព័ត៌មាន(៣)
175
1319 កិច្ច​ដំណើរ​ការ​ប្រជុំ​ពេញ​អង្គ​ថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី​១៣​​

   បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន​លើក​ទី​១៣​រួច​​ម​ក​ កិច្ចប្រជុំថ្នាក់មេបញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​លើកទី១៣ ពេញ​អង្គ ​បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​របស់​ខ្លួន ​នៅសណ្ឋាគារសុខាអង្គរ ​ខេត្ត​សៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចដឹកនាំប្រជុំរបស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងទឹក និង​ជាអគ្គលេខាធិការ​ នៃគណកម្មាធិ​ការ​ជាតិ​សន្តិ​សុខលម្ហ​សមុទ្រ។

    មានប្រសាសន៍បើកកិច្ចប្រជុំ ក្នុងនាមជាសមាជិកអាស៊ាន បានធ្វើការរំលឹកអំពីប្រវត្តិសង្ខេប នៃកិច្ចប្រជុំថ្នាក់​មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ឯកឧត្តម ​នាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា៖ ​ចាប់ពីកិច្ចប្រជុំ​បាន​បដិសន្ធិ​នៅឆ្នាំ​២០០១ នៅក្រុងបាងកក នៃព្រះរាជាណាចក្រថៃមក កិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើង​ទឹក​អាស៊ាន ដែលហៅកាត់ អេ អិន ស៊ី អិម ( ANCM ) បានដំណើរការប្រជុំរបស់ខ្លួនក្នុង១ឆ្នាំម្តង យ៉ាង​ទៀង​ទាត់​ជា​រៀង​រាល់​ឆ្នាំ​ តាមរយៈនៃការផ្លាស់ប្តូរវេនគ្នា ដោយឈរលើមូលដ្ឋានស្ម័ត្រចិត្ត ហើយមកដល់ពេលនេះមាន​អាយុកាល​១៨​ឆ្នាំ​ហើយ ​ហើយ​នេះ​ក៏ជាកិច្ចប្រជុំលើកទី១៣​ផងដែរ​។​ ឯកឧត្តម នាយឧត្តមនាវី ក៏បានគូសបញ្ជាក់ថា៖​ ក្នុង​កិច្ចប្រជុំនេះ ក៏មានប្រធានបទជាច្រើនដែលត្រូវយកមកធ្វើកិច្ចពិភាក្សា ​សំខាន់ពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ត្រូវបានពិនិត្យពិចារណា និងលើកយកមកពិភាក្សាក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការប្រកប​ដោយ​​សុឆន្ទៈ ភាព​ចុះសម្រុងគ្នា ដើមី្បរិះ​រក​នូវ​ដំណោះ​ស្រាយ​ ចំពោះ​បញ្ហាប្រឈមទាំងឡាយលើផ្ទៃសមុទ្រ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ ដោយផ្អែកទៅលើស្ថាន ការណ៍ជាក់ស្តែង ដែលកំពុងវិវឌ្ឍន៍ក្នុងតំបន់ សំខាន់ការអនុ​លោម​ទៅ​តាម​គោល​ការណ៍​៣​យ៉ាង ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំថ្នាក់់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​គឺ​កសាង​ភាព​ធន់​ទ្រាំ​រឹងមាំ​ កសាង​សមត្ថភាព​ឆ្លើយ​តប​ និង​កសាង​សមត្ថភាព​នៃការ​ស្តារ​ឡើង​វិញ​។ ​ពាក់​ព័ន្ធនឹង​បញ្ហា​នេះ ​ក្នុង​គោល​បំណង​បង្កើន​ឡើង​នូវ​កាលា​នុវត្តភាព​ និង​សម្រេចបាននូវ​គោល​ដៅ​ខាង​លើ​ជា​បឋម ​គឺ​ត្រូវ​ការ​ថែរក្សា​ ការពារសុខសន្តិភាព និង​សុវត្ថិភាពលើផ្ទៃសមុទ្រក្នុងតំបន់​។ ​ឯកឧត្តមក៏​មាន​សង្ឃឹម​ជឿជាក់​ថា​៖ កិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាននាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់តែល្អិតល្អន់ ផុលផុសថែមទៀត អំពី​បញ្ហា​ប្រឈម ​ដែលជាគន្លឹះក្នុងការលើកកម្ពស់ ការជឿទុកចិត្តគ្នា ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែក​ថែរក្សាសន្តិភាព សេ្ថរភាព ការអភិវឌ្ឍន៍ និង វិបុលភាពក្នុងតំបន់ រួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូច​ជា​ស្ថាន​ភាព​អាសន្ន ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ដោយឈរលើគោលការណ៍ នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពឯករាជ្យភាព អធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ដែលជាធាតុចូលដ៏សំខាន់ ទាក់ទងទៅនឹងប្រធានបទ(បង្កើនកិច្ចសហប្រតិបត្តិការ ដើមី្បសន្តិសុខសមុទ្រយូរអង្វែង)។

    ក្នុងកិច្ច​ប្រជុំ​ថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​លើកទី១៣ ក៏មានវត្តមាន នៃបណ្តាប្រទេសអាស៊ានទាំង១០ រួមទាំងមន្ត្រីជំនាញរបស់មណ្ឌលចែកចាយព័ត៌មាន អាយ អេហ្វ ស៊ី និង តំណាងមន្ត្រីអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រសួងការពារជាតិ សរុបប្រមាណ២០០នាក់​ចូល​រួម ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ