នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតិឲ្យ លោកវរសេនីយ៏ទោ សេបាស្ទីន កាល ប្រធានបេសកកម្មកិច្ចសហប្រតិបត្តិការការពារបារាំងនៅកម្ពុជា ចូលជួបសំដែងការគួរសម។
លោកវរសេនីយ៏ទោ សេបាស្ទីន កាល បានថ្លែងអំណរគុណដល់ ឯ.ឧ រដ្ឋលេខាធិការ ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាត្តឲ្យលោក បានចូលសំដែងការគួរសម ចាប់តាំងពីលោកបានមកទទួលបំពេញភារកិច្ចនៅប្រទេសកម្ពុជាអស់រយៈពេល ៤ ខែ កន្លងមកហើយ។ លោកបានឲ្យដឹងថា៖ ចំពោះការងារបេសកកម្មកិច្ចសហប្រតិបត្តិការ ការពារបារាំងនៅកម្ពុជា គឺបានជួយសាលានាយទាហានសកម្ម និងកងរាជអាវុធហត្ថកម្ពុជា។ កងទ័ពបារាំងតែងតែទទួលបាននូវការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការជាប់ជានិច្ច ពីសំណាក់ថ្នាក់ដឹកនាំទាំងនោះ មិនថាការងារដែលលំបាក ឬការងារងាយស្រួលនោះទេ ផ្អែកលើកត្តាទាំងនេះហើយ ធ្វើឲ្យបេសកម្មរបស់លោកទទួលបានដោយជោគជ័យ។ បេសកកម្មកិច្ចសហប្រតិបត្តិការ ការពារបារាំង បានជួយផ្គត់ផ្គង់ជា ជម្រក, អាគារស្នាក់នៅ ឬសម្ភារៈបម្រើឲ្យការហ្វឹកហ្វឺនជាដើម។ លោកវរសេនីយ៏ទោ សេបាស្ទីន កាល បានឲ្យដឹងទៀតថា៖ នៅពេលខាងមុខនេះ មានគណៈប្រតិភូយោធាជាន់ខ្ពស់បារាំង និងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃកងទ័ពទាំង២ឲ្យកាន់តែប្រសើរឡើងថែមទៀត។
មានប្រសាសន៏ក្នុងឱកាសនោះ ឯ.ឧ នាង ផាត តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំ សាលានាយទាហានសកម្ម និងកងរាជអាវុធហត្ថ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូចជាកងទ័ពបារាំង ដែលតែងតែជួយដល់ ខ.ភ.ម ជារៀងរហូតមក។ ឯ.ឧ សង្ឃឹមថាភាគីបារាំងនៅតែបន្តជួយដល់កងទ័ពកម្ពុជា ទាំងស្មារតី, សំភារៈបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៅទៀត ៕