ក្នុងជំនួបសំដែងការគួរសមជាមួយ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯ.ឧ គូកូប៊ុន រីយ៉ូស៊ីអិ នាយកសាលាបណ្ឌិតសភា ការពារ ជាតិជប៉ុន បានថ្លែងជំនួសមុខឲ្យរដ្ឋាភិបាល និងកងទ័ពជប៉ុន ពិសេសប្រតិភូនៃសាលាបណ្ឌិតសភា ការពារជាតិជប៉ុន បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិ ដែលបានអនុញាតិឲ្យលោក និងប្រតិភូបានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីក ចំណងទាក់ទង កិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ជប៉ុន និងកម្ពុជា ពិសេសសាលកវិទ្យាល័យការពារជាតិ ប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ។ ឯកឧត្តមបានបន្តទៀតថា៖ ចំពោះសិក្ខាកាមរបស់ខ.ភ.ម ទាំងអស់ ដែលបានទៅបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន គឺសុទ្ធតែទទួលបានលទ្ធផលល្អ និងប្រកបដោយផ្លែផ្កា ហើយឯកឧត្តមសង្ឃឹមថា ពួកគេនឹងក្លាយជានាយទាហានដ៏មានវិជ្ជាជីវៈពេញលេញ សម្រាប់បម្រើឲ្យខ.ភ.មទៅថ្ងៃអនាគត។ ឯកឧត្តមបានបន្តទៀតថា៖ សាលាបណ្ឌិតសភាការពារជាតិជប៉ុន នឹងត្រៀមទទួលសិក្ខាកាម កម្ពុជា ដើម្បីទៅបណ្ដុះបណ្ដាលនូវជំនាញដ៏ល្អៗ ដើម្បីឲ្យពួកគេមានលទ្ធភាពមកបម្រើជំនាញផ្សេងៗ។ ឯកឧត្ដមបានបញ្ជាក់ថា៖ គោលបំណងរបស់គណៈប្រតិភូរបស់ឯកឧត្តម មានវត្តមាននៅពេលនេះ គឺបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសាលាបណ្ឌិតសភាការពារជាតិ ជប៉ុននិងសាលកវិទ្យាល័យការពារជាតិកម្ពុជា ហើយម៉្យាងទៀតប្រតិភូចង់មកពិនិត្យមើលសមត្ថភាពរបស់នាយទាហានកម្ពុជា ដែលត្រូវទៅបំពេញការសិក្សានៅប្រទេសជប៉ុន នាពេលខាងមុខ។
មានប្រសាសន៏តបក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត បានបញ្ជាក់ថា៖ រវាងកងទ័ពយើងទាំង២ ជប៉ុន និងខ ភ ម ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ ហើយយើងនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯ.ឧ បានបន្តទៀតថា៖ ចាប់តាំងពីដើមរៀងមក រាជរដ្ឋាភិបាលជប៉ុនតែងតែផ្តល់ជំនួយទាំងការងារនយោបាយ និង សេដ្ឋកិច្ចដល់កម្ពុជាជារៀងរហូត ហើយនៅតែបន្តជួយកម្ពុជាជារៀងរហូត។ ពេលនេះកងទ័ពជប៉ុន តែងតែជួយឧបត្ថម្ភទាំងស្មារតី, ការបណ្តុះបណ្តាលធនធានមនុស្ស និងជាសំភារៈ ពិសេសនាយទាហាន ជាន់ខ្ពស់របស់ កងយោធពលខេមរភូមិន្ទមួយចំនួន ទើបតែបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ហើយបានមកបំពេញការងារយ៉ាងល្អ។ ឯ.ឧ ក៏បានបញ្ជាក់ថា៖ បច្ចុប្បន្ននាយទាហានដែលកំពុងសិក្សានៅប្រទេសជប៉ុន មានចំនួន ៣០ នាក់ ហើយបានខិតខំរៀនសូត្របានយ៉ាងល្អទៀតផង ទាំងការស្នាក់នៅ និងការហូបចុក។ ចុងក្រោយ ឯ.ឧ រដ្ឋលេខាធិការបានសំណូមពរដល់សាលាបណ្ឌិតសភា ការពារជាតិជប៉ុន ជួយបង្កើនបរិមាណអាហារូបករណ៏ឲ្យដល់នាយទាហានកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុនឲ្យបានកាន់តែច្រើនថែមទៀតផង ៕