នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍កងរាជអាវុធហត្ថ។
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការកោតសរសើរ នូវគ្រប់ផ្នែកទាំងអស់ ដែលបានរៀបចំត្រៀមបើកវគ្គនាថ្ងៃនេះ និងរយៈពេលកន្លងមកបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក៏ដូចជាការទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមទណ្ឌិត សម រង្សី ដែលបានធ្វើឱ្យផែនការផ្តូលរំលំរាជរដ្ឋាភិបាលត្រូវបរាជ័យ។ ឯកឧត្តម បានបញ្ជាក់ថា៖ កន្លងមកកងរាជអាវុធហត្ថ បានអនុវត្តភារកិច្ចស្នូលសំខាន់ៗ ជាច្រើន ក្នុងនោះមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅធ្វើការ ទីលានហ្វឹកហាត់ ការងារអប់រំចិត្តសាស្ត្រ ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងការអនុវត្តគោលនយោបាយលើកទឹកចិត្ត ការដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។ ឯកឧត្តម សៅ សុខា បានបន្តថា៖ តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថមានភាពរឹងមាំ ហើយរ៉ាប់រ៉ងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច គឺការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាលក្ខណៈមិនអាចខ្វះបាន ក្នុងការកសាង ការអភិវឌ្ឍន ភាពរីកចម្រើន នៃប្រទេសជាតិរបស់យើង។
តាមរយៈពិធីបើកបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍កងរាជអាវុធហត្ថ ឯកឧត្តម បានសំណូមពរដល់យោធាចារ្យ គ្រូឧទ្ទេសនាម ត្រូវយកមេរៀនល្អៗ ងាយយល់ ងាយចាំ និងមានប្រសិទ្ធិភាពខ្ពស់។ អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារបុគ្គលិក ការងារភស្តុភារ ការងារសម្ភារៈបច្ចេកទេស និងការងារហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់តាមតួនាទីរៀងៗខ្លួន ដើម្បីឱ្យវគ្គនេះដំណើរការប្រកបដោយជោគជ័យ។ ចំពោះសាលាត្រូវយកចិត្តទុកដាក់រៀបចំនូវបទបញ្ជាផ្ទៃក្នុង និងពង្រឹងសណ្តាប់ធ្នាប់ឱ្យបានល្អ សិក្ខាកាមត្រូវអគារនុរក្សដើម្បីតាមដានការសិក្សា យកចិត្តទុកដាក់រៀបចំការស្នាក់នៅ ហូបចុក ឱ្យបានសមស្រប សិក្ខាកាមត្រូវឧស្សាព្យាយាមខិតខំរៀនសូត្រ ស្តាប់យោធាចារ្យ គ្រូឧទ្ទេសនាមពន្យល់ ចេះស្រាវជ្រាវក្រោយរៀនចប់ ត្រូវយកដំណេះដឹងទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ៕