ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​បូក​លើក​ទី ៦ នៅ​ទី​ក្រុង​បាង​កក​
នាយកដ្ឋានព័ត៌មាន(៣)
89
1310 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​បូក​លើក​ទី ៦ នៅ​ទី​ក្រុង​បាង​កក​

    បន្ទា​ប់​ពី​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំចង្អៀតរ​ដ្ឋមន្រ្តីការពារជាតិ​អាស៊ាន​ នៅ​ទីក្រុង​បាងកក​ ព្រះ​រាជាណា​ចក្រ​ថៃ ​នៅថ្ងៃទី១៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​​ពិ​ជ័យ​​សេនា​ ទៀ បាញ់ ​ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋម​​ន្រ្តី​​​ក្រ​សួង​​​​ការ​ពារ​ជាតិ​ បាន​បន្តដឹកនាំគណៈប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ចូ​ល​រួមក្នុង​កិច្ច​ប្រជុំ​​រដ្ឋមន្រ្តី​ការពារ​ជាតិ ​អាស៊ាន ​បូក​លើក​ទី ៦​ នៅ​ទីក្រុង​បាងកក​បន្ត​ទៀត​។​

    កិច្ចប្រជុំ​រដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាវីត វង្ស​សុវណ្ណ ឧបនាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រថៃ ​និង​ជា​ប្រធាន​កិច្ច​ប្រជុំ ​និង​មាន​ការ​ចូល​រួម​ពី​​រដ្ឋមន្ត្រី​​ការ​ពារ​ជាតិ​​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​បូក ​រួម​មាន៖​ ចិន ​ជប៉ុន ​សាធារណរដ្ឋកូរ៉េ ​អូស្រ្តាលី​ ញូហ្ស៊េ​ឡែន ​ឥណ្ឌា ​សហពន្ធ័រុស្ស៊ី និង​សហរដ្ឋអាមេរិក។ តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញ​របាយការណ៍​​ពីលទ្ធផល​ការ​ងារ​ ​ក្រុម​ការ​ងារ​ជំនាញ ​( EWG )ទាំង៧​ នៃ​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​​ការ​ពារ​​ជាតិ​​អាស៊ាន​បូក ​និង​ផែន​​ការ​​អនុវត្ត​​ការ​ងារ​​បន្ត​របស់​ក្រុម​ការ​ងារ​ជំនាញ​( EWG ) សំរាប់ឆ្នាំ​២០២០​ ដល់​២០២៣ ​របស់​​ប្រទេស​​​នី​មួយៗ​។​ ក្នុង​របាយ​ការណ៍​នៃ​ការ​អភិវឌ្ឍ​ថ្មីៗ​របស់​អាស៊ាន ​បាន​បញ្ជាក់​ថា៖​ រាល់​​ការ​​ចូល​​រួម​កិច្ច​​ប្រជុំ​​ទាំង​​​​អស់ ​បាន​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម ​ផ្នែក​សន្តិសុខ​បច្ចុប្បន្ន ​និង​ទៅ​​អនាគត​។​ ទស្សនៈ​​វិស័យ​​​​​​របស់​អាស៊ាន​ គឺ​ជំរុញ​អោយ​មាន​សន្តិភាព​ វិបុល​ភាព ​នៅ​ក្នុង​តំបន់​។​ ការ​ជំរុញ​អោយ​មាន​សន្តិភាព​ស្ថេរភាព​ក្នុង​តំបន់​ គឺ​មាន​សារៈសំខាន់ គឺធ្វើអោយមាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម។

    នៅក្នុងកា​រ​ចូលរួម​ផ្លាស់ប្តូរទស្សនៈស្តីពីបរិស្ថានសន្តិសុខតំបន់ និង អន្តរជាតិ​ ក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីការពារ​ជាតិ អា​ស៊ាន បូកលើកទី ៦ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានថ្លែងថា៖ បរិយាកាសសន្តិសុខ និងយុទ្ធសាស្ដ្រ​សកល​កំពុង​តែ​មាន​ការវិវត្តន៍ឥតឈប់ឈរ ដែលបានបង្កើតនូវបញ្ហាប្រឈមថ្មីៗ និងធ្ងន់ធ្ងរផងដែរ​។ ​ការរីក​ចម្រើន​ឥត​ឈប់​ឈរ​ នៃ​បច្ចេកវិទ្យាអ៊ីនធើណែត ​កំពុងតែកែប្រែរូបរាងពិភពលោករបស់យើង ក្នុងរូបភាពថ្មីមួយ​។​ វាបានបង្កលក្ខណៈសម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យនានា ដែលជម្រុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច សង្គម ​និងវប្បធម៌ និងជួយយើងអោយសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍នានា។ តែទន្ទឹមនេះក៏បានជះឥទ្ធិពល​អវិជ្ជមាន​ផង​ដែរ​ នៅពេលដែលវារីកសាយភាយ និងធ្លាក់ដល់ដៃតួអង្គមិនមែនរដ្ឋ ដូចជាពួកភេរវករជា​ដើម​។ សម្តេច​ពិ​ជ័យ​សេនា បានបញ្ជាក់ទៀតថា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុង​ផ្នែក​សន្តិសុខខ្លាំងបំផុតសម្រាប់សុវត្ថិភាព​ និងសុខដុមរមនា​នៅ​ក្នុងសង្គមនាពេលបច្ចុប្បន្ន។ ការគំរាមកំហែង​ទាំង​នេះ​ នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង នៅពេលដែលវាត្រូវបានច្របាច់បញ្ចូលជាមួយបច្ចេក​វិទ្យា​ថ្មីៗ​ រាប់បញ្ចូលទាំងបច្ចេកវិទ្យាធម្មតាដូចជា បណ្តាញសង្គម ដើម្បីកេណ្ឌសមាជិកថ្មី និងបច្ចេកវិទ្យាស្មុគស្មាញ​ដូច​ជាយន្ដហោះដ្រូនដែលបំពាក់ដោយអាវុធ។ បទពិសោធន៍បង្ហាញថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហា​ភេវរកម្មតែម្នាក់ឯងបានទេ។ យើងយល់យ៉ាងច្បាស់ពីតួនាទី នៃយន្តការរួមគ្នាជាមួយដៃគូរបស់យើង និងតួនាទីរបស់វេទិកាកម្រិតតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងនេះ។ សម្តេច​​ពិ​ជ័យ​​សេនា​ បាន​សង្កត់​ធ្ងន់​ថា៖ ដើម្បី​ពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងសង្រ្គោះមហន្តរាយ កងយោធពលខេមរភូមិន្ទបានធ្វើលំហាត់ហ្វឹកហ្វឺនជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ស្តីពីការប្រឆាំងភេរវកម្ម និងសង្រ្គោះ​គ្រោះមហន្តរាយ។ ហើយទទឹមនេះ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថភាពលើការសង្រ្គោះគ្រោះមហន្តរាយនេះ ដោយធ្វើលំហាត់ហ្វឹកហ្វឺនជាមួយប្រទេសវៀតណាម នៅខែធ្នូនេះផងដែរ។

    នៅ​ឱកាស​បញ្ចប់​កិច្ច​ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី ៦ នាឱកាសនោះ ឯកឧត្តម ប្រាវីត វង្ស​សុវណ្ណ ក៏បានប្រគល់ភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ ទៅ​អោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ង៉ូ​​ ស៊ុនលេច រដ្ឋមន្ត្រីការពារជាតិ​វៀតណាម ដែលត្រូវ​ទទួលធ្វើជាម្ចាស់ផ្ទះ​បន្ត​នៅ​ក្នុង​ឆ្នាំ២០២០ ខាងមុខនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ