ព័ត៌មាន

ឯកឧត្តម​ ឥត​ សារ៉ាត់​ ជួប​ប្រតិភូបង់​ក្លា​ដេស​
នាយកដ្ឋានព័ត៌មាន(៣)
67
1309 ឯកឧត្តម​ ឥត​ សារ៉ាត់​ ជួប​ប្រតិភូបង់​ក្លា​ដេស​

   ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កាល​ពី​រសៀល​ថ្ងៃ​​ច័ន្ទ ​៧​រោច ​ខែកក្តិក​ ឆ្នាំកុរ ​ឯកស័ក ​ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១៨  ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ នេះ​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នាយ​ទាហាន​សេនា​ធិការ​ និង​សិក្ខា​កាម​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ កង​ទ័ព​សាធារណរដ្ឋប្រជាមានិត​ បង់ក្លាដេស ដឹកនាំដោយ​ លោក​វរសេនីយ៍​ទោ ​ម៉ូហាម​ម៉ាដ​ ទូ​ហ្វីក​ ហា​មីដ​ (Mohammad Toufique Hamid) ប្រធាន​ប្រតិភូ​នាយ​ទាហាន​សេនាធិការ​ និង​សិក្ខាកាម​នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​បង់​ក្លា​ដេស​ ចូលជួបសំដែងការគួរ​សម​ នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ទីក្រុងភ្នំពេញ ក្នុងឱកាសដែលប្រតិភូ មកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់​អំពីនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចំរើនដូច​សព្វ​ថ្ងៃនេះ។ 

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង លោក​វរសេនីយ៍​ទោ ​ម៉ូហាម​ម៉ាដ​ ទូ​ហ្វីក​ ហា​មីដ​ (Mohammad Toufique Hamid) ប្រធាន​ប្រតិភូ​នាយ​ទាហាន​សេនាធិការ​ និង​សិក្ខាកាម​នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​បង់​ក្លា​ដេស


    ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយ ស្និទ្ធស្នាល​បំផុត ​ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងកង​យោធ​​ពល​ខេមរ​ភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅកម្ពុជាលើកនេះ ដោយឯកឧត្តម បានវាយតម្លៃ​ខ្ពស់ ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម​កង​​ទ័ពបង់​ក្លាដេស​ នៅកម្ពុជាលើកនេះថា៖ នឹងនាំមកនូវការផ្លាស់ប្ដូរ បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុង​ការ​កសាងកងទ័ពមួយ ដើម្បីសមាហរណកម្មកងទ័ពនៅក្នុងតំបន់ ឲ្យកាន់តែមានសមត្ថភាព គុណភាព លើភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាព ក្នុងតំបន់។ ​

     លោក​វរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ជំនួស​​មុខ​អោយ​​សមាជិកប្រតិភូ និងសិក្ខាកាមទាំង ១៩ រូប ដែល​មកពីគ្រប់ជំនាញ ក្នុងកងទ័ពបង់ក្លាដេស បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ និងនាយទាហានគ្រប់ជាន់ថ្នាក់ នៃកង​យោធ​​ពល​ខេមរ​ភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច នឹងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ ដល់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស នៅកម្ពុជា​លើក​នេះ​ ព្រមទាំងបានផ្ដល់នូវបទ​បង្ហាញ​ អំពីបទពិសោធន៍ល្អៗរបស់កងយោធពលខេមរភូមិន្ទ ជូនដល់​ប្រតិភូសិក្ខាកាម​ នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព បង់ក្លាដេស ដើម្បីបានសិក្សារៀនសូត្រ ហើយ​សរសេរនៅ​សារណា​បញ្ចប់វគ្គ​ ក្រោយពេលមាតុភូមិនិវត្តន៍ទៅដល់ប្រទេសបង់ក្លាដេសវិញ​។​ លោកវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ បានគោរពអញ្ជើញដល់ថ្នាក់ដឹកនាំ នៃ​កងយោធពលខេមរភូមិន្ទ ពិសេស​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដេស ទៅតាមពេលវេលាណាមួយ។

    ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការអរគុណចំពោះការយកចិត្តទុក​ដាក់​របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស ដែលបានអញ្ជើញឯកឧត្តមទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសបង់ក្លាដេស ហើយក៏សូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពបង់ក្លាដេស  ដែលកន្លងមកបានផ្ដល់នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា ហើយ​កងទ័ពកម្ពុជា រីករាយស្វាគមន៍ និងផ្ដល់នូវបទពិសោធន៍តាមរយៈនៃការធ្វើបទបង្ហាញ ស្ដីពីការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងការវិវត្ត​រីក​ចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យដល់សិក្ខាកាមរបស់ប្រទេសបង់ក្លាដេស ដើម្បីបានសិក្សាស្វែងយល់បន្ថែម ​នឹងកាន់តែច្បាស់ថែមទៀត នៅអ្វីដែលកងយោធពលខេមរភូមិន្ទ​បានបំពេញសម្រាប់ប្រទេសជាតិរបស់ខ្លួន​ និងនៅក្នុងតំបន់ និងលើសាកលលោក។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជូនពរឲ្យដំណើរទស្សនកិច្ច​សិក្សា​ ស្វែងយល់ភាពរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅកម្ពុជា ទទួលបានជោគជ័យនិងសុវត្តិភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ