ព័ត៌មាន

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​(ADMM Retreat) នៅ​ទី​ក្រុង​បាង​កក ​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​ជុំ​វិញ​បញ្ហាសន្តិសុខ​នៅ​ក្នុង​តំបន់​
នាយកដ្ឋានព័ត៌មាន(៣)
84
1308 កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ​(ADMM Retreat) នៅ​ទី​ក្រុង​បាង​កក ​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​ជុំ​វិញ​បញ្ហាសន្តិសុខ​នៅ​ក្នុង​តំបន់​

   បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ ត្រូវ​បានលើកយកមកធ្វើការពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការ​ពារ​ជាតិ​​អាស៊ាន​​ នៅ​ទី​ក្រុង​បាងកក ​ព្រះ​រាជាណាចក្រ​ថៃ ​កាល​ពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។​ សម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ អមតំណើរ​ដោយ នាយ​​ឧត្តម​សេ​នីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋានន​យោ​បាយ និងកិច្ច​​ការ​បរទេស ​ក្រសួងការ​ពា​រជាតិ បាន​ដឹក​នាំ​គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា​ ចូ​លរួមក្នុងកិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការពារជាតិអាស៊ាន រួម​និង​​កិច្ច​ប្រជុំ​ដែលពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងបាងកក។

    ថ្លែង​បើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ​បាន​​​សម្ដែងការកោតសរសើរ សមាជិកប្រទេសអាស៊ាន ចំពោះការបន្តការចូលរួមក្នុងការពង្រឹងកិច្ចសហប្រតិ​​ការ​អាស៊ាន ដែលអាចធ្វើឲ្យមានលទ្ធផលជាក់ស្ដែងទៅលើតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីដោះស្រាយ​​​បញ្ហាផ្សេង​ៗ ​ក្នុងអាស៊ាន។ ឯកឧត្តម ប្រាវីត វង្សសុវណ្ណ បានថ្លែងអំណរ​គុណប្រទេស​អាស៊ាន​ទាំង​​អស់ ក្នុងការដោះស្រាយ​បញ្ហា និង​ចូលរួមធ្វើកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យផ្សេងៗដូចជា៖ ប្រឆាំងភេរវ​កម្ម សន្តិសុខលម្ហរសមុទ្រ សង្គ្រោះ​គ្រោះ​មហន្តរាយ ក៏ដូចជាកសាងជំនឿទុកចិត្តគ្នា ជាមួយប្រទេសបូក។ ឯកឧត្តម​សង្ឃឹម​ថា៖ ​កិច្ចសហប្រតិ​បត្តិ​ការ​នេះ ​ជំរុញឲ្យអាស៊ានអាចរក្សាបាននូវសន្តិសុខ និងស្ថិរភាព ​ប្រកប​ដោយ​ចីរភាព។ ក្នុង​កិច្ច​ប្រជុំនោះ​ ប​ណ្តា​រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក៏​បាន​ចែករំលែក និងផ្លាស់ប្តូរ​ទស្សនៈ​គ្នាទៅវិញទៅមក ជុំវិញបញ្ហា​សន្តិសុខតំបន់ និងអន្តរជាតិ ។

     ថ្លែងទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះដែល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ការវិវត្តឥត​ឈប់​ឈរ​ នៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននាំមកនូវបញ្ហាប្រឈម​ផ្នែកសន្តិសុខ​ជា​ច្រើន​។ ​ទន្ទឹមនឹងបញ្ហាសន្តិសុខបែបប្រពៃណី ដែលនៅតែបន្តចោទជាបញ្ហា យើងឃើញមាន​ការ​លេចឡើងបន្តបន្ទាប់នូវបញ្ហាសន្តិសុខ​មិនមែនប្រពៃណី ដែលមានភាពស្មុគស្មាញ ដែលប៉ះពាល់គ្រប់វិស័យ​ ហើយ​ដែលប៉ះពាល់ទៅលើសុខុមាលភាព និងការរស់នៅរបស់ប្រជាជនយើង។ ក្នុងន័យនេះ សម្តេចពិជ័យសេនា បានលើកយកបញ្ហារួមធំៗចំនួនពីរធ្វើការអត្ថាធិប្បាយ ដែលក្នុងនោះទី១៖ ទាក់ទងទៅនឹងការគំរាម​កំហែង​នៃ​ភេរវកម្ម ​ដែល​នៅក្នុងតំបន់​នៅតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង​ អំពីការរីកសាយភាយ​នៃអំពើ​ភេរវកម្ម​ ក៏ដូចជាផលប៉ះពាល់នៃសកម្មភាពទាំងនេះ មកលើសង្គមរបស់​យើង។ យើងនៅតែមានការព្រួយ​បារម្ភ​ចំពោះការ​ត្រលប់​មក​វិញ​ នៃជនសកម្មប្រយុទ្ធ និងការផ្សព្វ​ផ្សាយ​​​​មនោគមវិជ្ជា​ជ្រុលនិយម ក៏ដូចជាឥទ្ធិពល​មក​លើ​ក្រុម​បណ្តាញ​ភេរវកម្ម​ក្នុង​តំបន់។​ ភាពងាយស្រួលក្នុងការទាញយក និងប្រើប្រាស់បច្ចេកវិទ្យាសំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ បច្ចេកវិទ្យាភាពព័ត៌មានវិទ្យា គ្រឿងយន្ត និងបច្ចេកវិទ្យាជីវសាស្រ្ត បានក្លាយជាការព្រួយ​បារម្ភ​សម្រាប់​បរិយាកាស​សន្តិសុខក្នុងតំបន់។ ការផ្សព្វផ្សាយដែលបណ្តាលឱ្យមានភាពភ័យខ្លាច និងការឃោសនា​ឱ្យមានការស្អប់ខ្ពើមតាមបណ្តាញសង្គមនានា គឺជាការយកបច្ចេកវិទ្យាធម្មតាមកប្រើប្រាស់ ក្នុងសកម្មភាព ភេរវកម្ម ហើយដែលអាចបង្កអោយមានភាពខូចខាតយ៉ាងច្រើន​។​ ចំពោះបញ្ហាទី២៖ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ គឺការប្រកួតប្រជែងនៃប្រទេសមហាអំណាច។ គ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកហាក់ចាប់ផ្តើម​រង្គោះរង្គើ ហើយអនាគត​របស់​ពិភពលោក​ហាក់​ស្ថិតក្នុងភាពមិនច្បាស់លាស់។ សង្គ្រាមពាណិជ្ជកម្ម អាចបង្ក​អោយ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​។ នៅពេលដែលសេដ្ឋកិច្ចពិភពលោក​អន់ថយ វានឹងជះឥទ្ធពលដល់យើងទាំងអស់គ្នា។ ប្រសិនបើភាពតានតឹងនេះនៅតែបន្តឬកាន់តែដុនដាប វានឹងបង្កអោយ​បាត់​បង់​ជំនឿ​ចិត្ត​ និងទំនុកចិត្តរវាងគ្នា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នូវឆន្ទៈក្នុងការបំពេញ​ការ​ងាររួមគ្នាជាមួយសមាជិកអាស៊ានទាំងអស់ ក្នុងនិម្មាបនកម្មសន្តិសុខបច្ចុប្បន្ន។ ក្នុងស្មារតីអាស៊ាន យើងនឹងរួមគ្នារក្សាឯកភាព និងសាមគ្គីភាពក្នុងការពិភាក្សា និងធ្វើការងារជាមួយដៃគូក្រៅតំបន់​ ដើម្បីធានា​អោយ​បាន​នូវសន្តិភាព ​ស្ថិរភាព ​សុវត្ថិភាព អភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ