ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​​ភាគី​ជា​​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
76
1307 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​​ភាគី​ជា​​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​

     ក្នុង​ឱកាស​ការ​អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន-បូក លើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ  កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ​ពារ​ជាតិ​ អម​តំណើរ​ដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ ​និង​កិច្ចការបរទេស ក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។

     នៅក្នុងជំនួបនោះ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រីការ​ពារ​ជាតិឥ​ណ្ឌូនេស៊ី ​បាន​សំ​ដែង​ការ​សាក​សួរ​សុខ​ទុក្ខ​ចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

     មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​សំ​ដែង​ការ​អបអរ​សាទរ​ចំពោះ​ ឯកឧត្តម PROBOVO SUBIANTO ដែល​បាន​ទទួល​មុខ​តំ​ណែង​ជា​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​។​ សម្តេច​ពិជ័យសេនា បានបញ្ជាក់ថា៖ កម្ពុជា និងឥណ្ឌូនេស៊ី មានប្រពៃណី ទំនាក់ទំនងមិត្ត​ភាព​ និង​កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ ហើយឥណ្ឌូនេស៊ីបានជួយស្វែងរកសន្តិភាព​ជូន​ប្រទេស​កម្ពុជា ក្នុងកំឡុងសម័យអ៊ុនតាក់។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ចាប់​តាំងពីពេល​នោះ​មក​ ឥណ្ឌូនេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ក្នុងនោះលើផ្នែក​វិស័យ​យោធា​ ឥណ្ឌូនេស៊ីបាន​ជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន ខ.ភ.ម ដល់កងពលតូចទ័ពពិសេសឆត្រ័​យោង​លេខ​៩១១​ និង​បញ្ជា​ការដ្ឋាន​អង្គរក្សជាបន្តបន្ទាប់។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ នៅលើវេទិកាអន្តជាតិ កម្ពុជា និងឥណ្ឌូនេស៊ី បាន​ធ្វើ​ការ​ផ្លាស់​ទស្សនៈគ្នាទៅ​វិញទៅ​មក​ និង​បាន​រិះរក​វិធី​ ដើម្បីបំរើផលប្រយោជន៍រួម ហើយសម្តេច​សង្ឍឹម​ថា៖​ តាម​រយៈកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន យើងនឹងបានពិភាក្សាគ្នា ជាមួយប្រទេសជាដៃគូរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក។ ឆ្លៀតក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ ឯកឧត្តម PROBOVO SUBIANTO ដែលទើបបានទទួលមុខដំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ទៅធ្វើទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​។​

    ជាចុងក្រោយ ឯកឧត្តម PROBOVO SUBIANTO បានបញ្ជាក់ថា៖ កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងមិត្តភាពជាមួយគ្នាតាំងពីរយូរលុងណាស់មកហើយ។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ទៀតថា៖ នឹងបន្តជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា​ តាមសំណើរដែលអាចធ្វើទៅបាន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ