ព័ត៌មាន

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ ឆ្លើយ​​តប​ចំពោះ​ការ​អំពាវ​នាវ​ បែប​បោក​បញ្ឆោត​របស់​ទណ្ឌិត​ សម ​រង្ស៉ី​
នាយកដ្ឋានព័ត៌មាន(៣)
127
1298 អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ ឆ្លើយ​​តប​ចំពោះ​ការ​អំពាវ​នាវ​ បែប​បោក​បញ្ឆោត​របស់​ទណ្ឌិត​ សម ​រង្ស៉ី​

      ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឆ្លើយតបចំពោះការអំពាវនាវ បែបបោកបញ្ឆោតរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ឱ្យកង​ទ័ព​ផ្តាច់ខ្លួននោះ គឺមិនមានតម្លៃ ឬឥទ្ធិពលមកលើកងយោធពលខេមរភូមិន្ទនោះឡើយ។ លោកបានបញ្ជាក់យ៉ាង​ដូច្នេះថា៖ ការអំពាវនាវ ការបោកបញ្ឆោត ការញុះញង់របស់មេឧទ្ទាមជនក្បត់ជាតិ គ្មានតម្លៃ ឬឥទ្ធិពលអ្វី​មក​លើកងយោធពលខេមរភូមិន្ទនោះទេ ព្រោះកងយោពលខេមរភូមិន្ទ បានយល់ច្បាស់អំពីតួនាទី និងភារ​កិច្ច​​របស់ខ្លួន ដែលត្រូវប្រឆាំងចំពោះជនណា ចង់មកបំផ្លិចបំផ្លាញសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា៖ កងទ័ពមិនត្រឹមតែមិនផ្តល់តម្លៃលើការអំពាវនាវនេះឡើយ ហើយកងទ័ពកំពុងត្រៀមខ្លួន ដើម្បីកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី។ កងយោធពលខេមរភូមិន្ទ ដែលស្ម័គ្រស្មោះចំពោះប្រទេសជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជា រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ទេចជនក្បត់ជាតិ ដោយមិនឱ្យប្រទេសកម្ពុជា មានភាពវឹកវរជាថ្មីដាច់ខាត។

     ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងដូច្នោះ បន្ទាប់ពីទណ្ឌិត សម រង្ស៉ី ដែលជាមេផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមរយៈវីដេអូឃ្លីបថ្មីមួយ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអំពាវនាវដល់កងទ័ពកម្ពុជា កុំឱ្យស្ដាប់តាមបញ្ជារបស់រាជរដ្ឋាភិបាល ហើយងាកទៅចូលរួម នឹងដំណើរមាតុភូមិនិវត្តន៍របស់ខ្លួន​វិញ​។ ក្នុងវីដេអូថ្មីរបស់ទណ្ឌិតរូបនោះ បានសន្យាដំឡើងឋានន្តរស័ក្តិ និងប្រាក់ខែ ក៏ដូចជាផ្តល់រង្វាន់ដល់​កងទ័ពណាដែលចូលរួមជាមួយក្រុមរបស់ពួកគេ។

     ឯកឧត្តម អ្នកនាំពាក្យក្រសួងការពារជាតិ បានចំអកដល់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលកំពុងធ្លាក់ក្នុងគ្រោះថ្នាក់ ហើយស្ថិតនៅក្នុងភាពឯកោថា៖ អ្នកនយោបាយដែលដើរហួសបន្ទាត់ក្រហម ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ រហូតដល់តុលាការកាត់ទោសជាច្រើនករណី ពេលនេះកំពុងអស់សង្ឃឹម អស់លទ្ធភាព សូម្បីតែសកម្មជនដែលធ្លាប់គាំទ្រ ក៏បានចាកចេញមកសារភាពជាបន្តបន្ទាប់ដែរ តើមានលទ្ធភាពឯណា ទៅឧបត្ថម្ភថវិកាដល់កងទ័ពនោះ? ដូច្នេះអ្វីៗដែលពួកគេបានញុះញង់ គឺជាការបោកបញ្ឆោតសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។

     សូមបញ្ជាក់ថា៖ កងកម្លាំងទាំង៣ប្រភេទ រួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាល នៅបណ្តា​ខេត្ត​ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្តរៀងៗខ្លួន ស្របពេលដែលទណ្ឌិត សម រង្ស៉ី បានប្រកាសធ្វើសកម្មភាពសម្រុកចូលប្រទេសកម្ពុជា តាមព្រំដែនថៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ