ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈនាយករដ្ឋមន្ត្រី និងក្រសួងការពារប្រទេសកងទ័ពប្រជាជនវៀតណាម បានប្រកាសសេចក្តីសម្រេចលើកសរសើរ នឹងជូនរង្វាន់ បំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនដល់អង្គភាព និងបុគ្គល នាយទាហានជាន់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទ ចំនួន ១៤១ រូប និងអង្គភាព ដែលមានស្នាដៃក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ វៀតណាម និងកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។ ពិធីបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាព របស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់បុគ្គលនាយទាហានជាន់ខ្ពស់ និងអង្គភាព នៃកងយោធពលខេមរភូមិន្ទនាពេលនេះ បានប្រព្រឹត្តទៅ ក្នុងឱកាសដែល ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ូ ហ្វាងមិញ (HOU VANG MING) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមាននាយទាហានជាន់ខ្ពស់ ថ្នាក់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទាំង ៣ ប្រភេទ មេបញ្ជាការគ្រប់បណ្ដាយោធភូមិភាគ កងពលតូច កងពលធំ មេបញ្ជាការទ័ពជំនាញ និងនាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។
ក្នុងសេចក្តីប្រកាសរបស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការលើកសរសើរ និងជូនរង្វាន់ បំពាក់គ្រឿងឥស្សរិយយស (មិត្តភាព) ជូនដល់ ឥស្សរជននាយទាហានជាន់ខ្ពស់ នឹងបណ្ដាលអង្គភាពរបស់កងយោធពលខេមរភូមិន្ទ ដែលអានដោយ ឧត្តមសេនីយ៍ត្រី ឡេ ទួនសាង អនុប្រធានស្នងការឃោសនាអប់រំ អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានសម្រេចបំពាក់ជូនគ្រឿងឥស្សរិយយសថ្នាក់ (មិត្តភាព) ជូនដល់ កងពលធំអន្តរាគមន៍លេខ២, កងពលធំអន្តរាគមន៍លេខ៣, យោធភូមិភាគទី១, ទី២, ទី៣, ទី៤, ទី៥ និងយោធភូមិភាគពិសេស, បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ, បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក, បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក និងបណ្ដាអង្គភាពជាច្រើនទៀត។ ដោយឡែកសម្រាប់បុគ្គល ត្រូវបានបំពាក់ជូនគ្រឿងឥស្សរិយយសមិត្តភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ ជាង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, បំពាក់ជូននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងរក្សាសន្តិភាពបោកសំអាតមីន និងកាកសំណល់សង្គ្រាម, បំពាក់ជូននាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា, បំពាក់ជូននាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, បំពាក់ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, បំពាក់ជូននាយឧត្តមសេនីយ៍ ឈឹន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូននាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, បំពាក់ជូនលោកជំទាវនាយឧត្តមសេនីយ៍ ម៉ី ម៉ុនដារី អគ្គមេបញ្ជាការរង, បំពាក់ជូននាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, បំពាក់ជូននាយឧត្តមសេនីយ៍ ស៊ឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស, បំពាក់ជូននាយឧត្ដមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ, ជូនឧត្តមសេនីយ៍ឯក ចាន់ សុភក្រ្តា នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ, បំពាក់ជូនឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចំរុះ និងជានាយកវិទ្យាស្ថានទ័ពជើងគោក, បំពាក់ជូនឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ, បំពាក់ជូនឧត្តមសេនីយ៍ឯក មែក មុនី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានបញ្ជូនសារ, បំពាក់ជូនឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក, បំពាក់ជូនឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២, បំពាក់ជូនឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានអប់រំក្រសួងការពារជាតិ, បំពាក់ជូនឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, បំពាក់ជូនឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១, បំពាក់ជូនឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១, បំពាក់ជូនឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១, ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣, បំពាក់ជូនឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារកោះឆ្នេរ, បំពាក់ជូនឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ និងបំពាក់ជូនឧត្តមសេនីយ៍ឯក នួន ណារិន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស រួមទាំងនាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។
ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់បុគ្គលនាយទាហានជាន់ខ្ពស់ និងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង បានថ្លៃងថា៖ វៀតណាមនិងកម្ពុជា គឺជាប្រទេសភូមិផងជិតខាងគ្នាដែលមានប្រវត្តិសាស្រ្តនៃការទំនាក់ទំនងសហប្រតិបត្តិការតាំងពីយូរលង់មកហើយ ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីតស៊ូរំដោះប្រទេសជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដោយបានប្រកៀកស្មាគ្នាជាពិសេស អតីតប្រធានរដ្ឋហូជីមិញ និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាំងពីអតីតកាលកាលពីជាង៤០ឆ្នាំមុន រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយរដ្ឋកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានបង្កើតព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ តាំងពីពេលនោះមកប្រជាជនប្រទេសទាំងពីរ បានសហការជាមួយគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាព លើគ្រប់វិស័យ ដើម្បីកសាងតាមទិសស្លោកប្រទេសជិតខាងគ្នា មិត្តភាពជាប្រពៃណី នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង។ ទំនាក់ទំនងជាប្រពៃណីនោះហើយ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនប្រទេសទាំងពីរបានរក្សាហើយ ពង្រឹងពង្រីកទុកដំណរតដល់មនុស្សជំនាន់ក្រោយ។ លោក ផាន វ៉ាន់ហ្សាង បញ្ជាក់ទៀតថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ អាចសន្និដ្ឋានបានថា៖ ទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរកាន់តែមានការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុងការរួមចំណែករក្សាស្ថេរភាព សន្តិភាពសង្គម ធ្វើឲ្យប្រទេសយើងទាំងពីរ កាន់តែមានភាពរឹងមាំមិនអាចបំបែកបំបាក់បានឡើយ។ ថ្ងៃនេះបក្សរដ្ឋាភិបាលកងទ័ពនិងប្រជាជនវៀតណាម បានបំពាក់ជូនគ្រឿងឥស្សរិយយស មិត្តភាព ជូនដល់អង្គភាព និងបុគ្គលរបស់កងយោធពលខេមរភូមិន្ទ លើការបង្កើតនូវសមិទ្ធិផលក្នុងការរួមចំណែកកសាងទំនាក់ទំនងមិត្តភាព ជាប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមកម្ពុជា ហើយនឹងបន្តពង្រឹងបន្ថែមទៀតលើការរឹតចំណងសាមគ្គីភាព រវាងកងទ័ពប្រជាជនប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។ លោក ហ្សាង បានបញ្ជាក់អំពីជំហរ របស់បក្សរដ្ឋ និងកងទ័ពវៀតណាមថា៖ គ្មានអ្វីដែលអាចបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពយូរអង្វែង របស់ប្រទេសទាំងពីរបានឡើយ បើទោះមានក្រុមប្រឆាំងចង់បំបែកបំបាក់ទំនាក់ទំនងមិត្តភាពសាមគ្គីភាព រវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយ។ រហូតមកទល់ពេលនេះប្រទេសយើងទាំងពីរបានកសាងទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាពមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជួយគ្នាទៅវិញទៅមកបានរយៈពេលជាង៥០ឆ្នាំហើយ តាមរយៈនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមានការអភិវឌ្ឍរីកចម្រើនរឹងមាំលើគ្រប់វិស័យពេលទៅមុខ ក្នុងកាតព្វកិច្ចកសាងប្រទេសជាតិនីមួយៗ ដើម្បីរក្សាស្ថេរភាពសន្តិភាពកិច្ចសហប្រតិបត្តិការ អភិវឌ្ឍក្នុងតំបន់ក៏ដូចជាពិភពលោក។ ជំនួសមុខឱ្យបក្សរដ្ឋ និងក្រសួងការពារជាតិ និងប្រជាជនវៀតណាម លោក ហ្សាង បានជូនពរ ឲ្យនាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលគ្រឿងឥស្សរិយយសរបស់បក្សរដ្ឋវៀតណាមថ្ងៃនេះ សូមឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីជាបងប្អូន រវាងកងទ័ពយើងទាំងពីរ កាន់តែមានការអភិវឌ្ឍល្អប្រសើរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា៖ ការបំពាក់ជូននូវគ្រឿងឥស្សរិយយសរបស់បក្សរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់អង្គភាព និងបុគ្គលនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺមានអត្ថន័យ ដើម្បីឆ្លុះបញ្ចាំងពីស្មារតីពូនជ្រុំលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជាវៀតណាម ដោយបានជ្រោងទង់ខ្ពស់យុទ្ធសាមគ្គីកម្ពុជាវៀតណាម ដែលមានភាពជាប្រពៃណីជិតខាងដ៏ល្អ ក្នុងការចូលរួមក្នុងបុព្វហេតុកសាងការពារមាតុភូមិប្រទេសជាតិយើងទាំងពីរ រឹងមាំរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងថែរក្សាសន្តិភាពកិច្ចសហប្រតិបត្តិការជាមិត្តជិតខាងល្អយូរអង្វែង។ ស្ថិតក្នុងបរិយាកាសដ៏ពិសេសពិសាលនេះ ឯកឧត្តមអគ្គមេបញ្ជាការបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាពកម្ពុជាវៀតណាម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាបន្តបន្ទាប់។ ឯកឧត្តម វង្ស ពិសេន បានបន្តថារយៈពេល ជាង៥០ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមបានផ្សាភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ហើយជាង៥០ឆ្នាំ នៃចំណងសាមគ្គីភាព មិត្តភាពរវាងកម្ពុជានិងវៀតណាម ដែលបានពូនជ្រុំក្នុងស្មារតីស្មោះត្រង់របស់អ្នកស្នេហាជាតិ និងស្រឡាញ់ប្រជាជនពិតប្រាកដបានការជួយឧបត្ថម្ភ និងការឆ្លងកាត់ដូចជោគជ័យពុះពារនូវការលំបាកជំនះគ្រប់ឧបសគ្គទាំងឡាយរួមគ្នាពង្រឹងជាធ្លុងមួយនៅ មហាសាមគ្គីភាពហើយសម្រេចបាននូវឧត្តមគតិនិងបំណងប្រាថ្នាដ៏ពិតប្រាកដ របស់ប្រជាជនយើងទាំងពីរ។ ការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ រវាងកងទ័ពប្រទេសយើងទាំងពីរទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្ន និងទៅអនាគតបាននាំមកនូវផលប្រយោជន៍ពីគ្នាទៅវិញទៅមកយ៉ាងធំធេង នៅលើគ្រប់វិស័យនឹងកាន់តែត្រូវបានយកយល់ជឿជាក់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍកងទ័ព និងប្រជាជនប្រទេសទាំងពីរ ព្រមទាំងរួមគ្នាអភិវឌ្ឍនឹងមានវិធានការដោះស្រាយ ឲ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៅរាល់យុទ្ធសាស្ត្រល្បិចកលរបស់ពួកអមិត្ត ដែលមានហូបបាយក៏ចង់បំបែកបំបាក់ចំណងមិត្តភាពសាមគ្គីភាពប្រជាជនប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំថែមទៀត។ ដោយឡែកថ្ងៃនេះភាគីយើងទាំងពីរមានមោទនភាពបំផុត ចំពោះកិច្ចសហប្រតិបត្តិការនៅតាមបណ្ដោយព្រំដែន និងការអនុវត្តបានល្អតាមសន្ធិសញ្ញាកិច្ចព្រមព្រៀងព្រំដែន ដែលថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរបានចុះហត្ថលេខាកន្លងមក ក៏ដូចជាពេលថ្មីៗនេះគឺជាសក្ខីភាព នៃការកសាងព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់ព្រំដែនរីកចម្រើន។ ទន្ទឹមនឹងនេះភាគី នៃកងប្រាប់យើងទាំងពីរ និងធានាអោយបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្ការបង្ក្រាប បានទាន់ពេលវេលានូវរាល់បទល្មើសផ្សេងៗ តាមបណ្ដោយព្រំដែន ពិសេសកិច្ចសហប្រតិបត្តិការការងារសង្គ្រោះគ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមព្រំដែនគោក ដែលភាគីយើងទាំងពីរបាន និងកំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការសាងសង់មណ្ឌលថែមទាំសុខភាព ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង របស់កម្ពុជាជាប់ និងខេត្តតៃនិញរបស់វៀតណាម។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឱ្យរដ្ឋាភិបាលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវអំណរគុណចំពោះបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជនវៀតណាម ដែលរហូតមកតែងគាំទ្ររាល់គោលនយោបាយដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុវត្តយ៉ាងល្អក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាចំពោះក្រុមអមិត្តទាំងឡាយណា ដែលមានបំណងបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាព នៃប្រទេសទាំងពីរ ៕