ព័ត៌មាន

ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមសំដែងការគួរសមសម្ដេចពិជ័យសេនា ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(៣)
53
1290 ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមសំដែងការគួរសមសម្ដេចពិជ័យសេនា ទៀ បាញ់

    ជំនួប​សំ​ដែងការគួរសមនិងពិភាក្សាការងារមួយ បានប្រព្រឹត្តទៅ កាលពីល្ងាចថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៩​ នៅ​សាលសវនាការ នៃអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី រវាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាស​ដែល​ ឯកឧត្តមដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អញ្ជើញ​មក​បំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងទាក់​ទង​ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែល្អថែមទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម


    ក្នុងជំនួបនោះ ឯកឧត្តម ផាន់ វ៉ាន់ហ្សាង បាននាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង​ការពារប្រទេស អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ផ្ញើរជូនចំពោះ សម្ដេចពិជ័យសេនា រួមនិងថ្នាក់ដឹកនាំទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមនិងសមាជិកប្រតិភូ​យោធាជាន់ខ្ពស់ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម មកកាន់កម្ពុជាលើកនេះផងដែរ ។  ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង ក៏បានសម្ដែងនូវអំណរគុណ ចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ រួមនិងថ្នាក់ដឹកនាំទាំងអស់របស់កងយោធពលខេមរភូមិន្ទ ចំពោះការទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ច ចំពោះប្រតិភូប្រកបដោយភាពរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅបំផុត ក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តម រួមនិងសមាជិកប្រតិភូអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមមកកាន់កម្ពុជាលើនេះ។ ឯកឧត្ដម ផាន វ៉ាន់ហ្សាង បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិទាំងពីរ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លើការពង្រឹងពង្រីកចំណងទាក់ទង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ ពិសេសលើការរៀបចំឲ្យមានការធ្វើសមយុទ្ធរួមគ្នា លើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌ សំដៅត្រៀមជាស្រេច ពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ នៅតាមបណ្ដោយព្រំ​ដែន នៃប្រទេសទាំងពីរ ដែលសមយុទ្ធនោះ នឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ឯកឧត្តម ផាន វ៉ាន់ហ្សាង បានថ្លែងថា៖ ការថែរក្សាសន្តិសុខ និងសណ្ដាប់​ធ្នាប់​ តាមបណ្តោយព្រំ​ដែន និងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន គឺ​ជា​ប្រការ​សំខាន់ចាំបាច់បំផុត ដែលកងទ័ពប្រទេសយើងទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការជួយគ្នាទៅវិញទៅមក  ដូចដែលប្រទេសយើងទាំងពីរ ធ្លាប់បានធ្វើកន្លងមកទៅតាមកិច្ចព្រមព្រៀងរបស់ក្រសួងការពារប្រទេស នៃប្រទេសទាំងពីរ។

     សម្ដេចពិជ័យសេនា ទៀ បាញ់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសកងយោធពលខេមរភូ​មិន្ទ​ បានសំដែងនូវការស្វាគមន៍ នឹងបានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខផងដែរ របស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ដល់ថ្នាក់ដឹកនាំកងទ័ពកម្ពុជា។ ជាមួយនេះ សម្ដេចពិជ័យសេនាទៀ បាញ់ ក៏​បាន​សំ​ដែងនូវការរីករាយផងដែរ ជាមួយនឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងកងទ័ពទាំងពីរកន្លងមក ដែលទំនាក់​ទំនងទាំងនោះ បាននាំមកនូវផលប្រយោជន៍ ជូនដល់ប្រជាជន ជាពិសេស ប្រជាជនដែលកំពុងតែរស់នៅតាមព្រំដែន។ ចំពោះការរៀបចំសមយុទ្ធ សង្គ្រោះ ពេលមានគ្រោះមហន្តរាយ សម្តេច បានឯកភាព ហើយបានមានប្រសាសន៍ថា៖ នេះជាការអនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលដែលមាន​គ្រោះមហន្តរាយ ជាពិសេសនៅពេលដែលមានភ្លើងឆេះព្រៃ និងមានខ្យល់ព្យុះ ទឹកជំនន់ជាដើម។ សម្តេចពិជ័យសេនា បន្តថា៖ ទទឹមនឹង សកម្មភាពនេះ ធ្វើឡើងដើម្បីត្រៀមទុកជាមុននៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ កងទ័ពទាំងពីរក៏អាចជំរុញឲ្យមានកម្មវិធីដូចជាការលេងកីឡា សំដែង សិល្បៈរួមគ្នាផងដែរ។ សំខាន់ជាងនេះទៀត ធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ធ្វើយ៉ាង​ណា​ឲ្យប្រជាជនទាំងពីរប្រទេស អាចប្រកបអាជីវកម្មតាមព្រំ​ដែនបានដោយងាយស្រួល។ តាមរយៈនៃដំណើរ​ទៅទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង រួមនឹង​សមា​ជិកប្រតិភូនៅលើទឹកដីកម្ពុជាលើនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានស្មើដល់ ឯកឧត្តម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូ​មិន្ទ​បន្តទៀត។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង បានទទួលយក នូវរាល់សំណើ​របស់​សម្តេចពិជ័យសេនា ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ក្នុងការពិនិត្យ នឹងផ្តល់លទ្ធភាព ដោះស្រាយជូនដល់ភាគីមិត្ត នៅពេលដែលឯកឧត្តម និងគណ:ប្រតិភូ និវត្តន៍ទៅដល់ប្រទេស​វៀត​ណាមវិញ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ