ព័ត៌មាន

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារទ្វេភាគី
នាយកដ្ឋានព័ត៌មាន(៣)
76
1285 នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារទ្វេភាគី

    នៅ​ព្រឹក​ថ្ងៃព្រហស្សតិ៍ ​៤កើត ​ខែកក្តិក​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៩​នេះ ​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គសេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ប្រជុំ​ពិភាក្សា​ការ​ងារ​​ទ្វេភាគី ​នៅ​សាលសវនាការរបស់​អគ្គបញ្ជាការដ្ឋាន ​នា​ទីក្រុងភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គសេនា​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​


    ក្នុងជំនួប និងកិច្ចប្រជុំពិភាក្សាការងារ​នា​ពេល​នោះ ​ឯកឧត្តម ផាន់ វ៉ាន់ហ្សាង បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំក្រសួងការពារប្រទេស ​និង​អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ពិសេស​នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គមេបញ្ជាការ​ រួម​នឹង​ថ្នា​ក់​ដឹក​នាំ​ទាំង​អស់​ ក្នុង​កងយោធពលខេមរភូមិន្ទ ក្នុងដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម ​រួម​និង​សមាជិក​ប្រតិភូយោធាជាន់ខ្ពស់ អគ្គសេនាធិការកងទ័ពប្រ​ជា​ជន​វៀត​ណាម​ មក​កាន់​កម្ពុជា​លើក​នេះ​ផង​ដែរ​។​ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក​បម្រុង ​ផាន ​វ៉ាន់ហ្សាង ក៏​បាន​សម្ដែង​នូវ​អំណរគុណ ​ជាអនេក​ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ រួមនិងថ្នាក់ដឹកនាំទាំងអស់​របស់​កងយោធពលខេមរភូមិន្ទ ចំពោះការទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចចំពោះប្រតិភូប្រកប​ដោយ​ភាព​រាក់​ទាក់ ​ស្និទ្ធស្នាល កក់ក្តៅបំផុត សម្រាប់ដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​ រួមនិង​សមាជិក​ប្រតិភូ​អគ្គសេនា​ធិការ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ មក​កាន់​កម្ពុជា​លើ​នេះ។ ឧត្តមសេនីយ​ឯក​បម្រុង ​ផាន វ៉ាន់ហ្សាង បាន​បញ្ជាក់​ថា​៖ កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ​ទាំង​ពីរ​ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លើការពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងប្រជា​ជន​ប្រទេស​ទាំង​ពីរ​ ពិសេស​លើ​ការ​រៀបចំឲ្យមានការធ្វើសមយុទ្ធរួមគ្នា លើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ​ និង​មនុស្សធម៌ សំដៅត្រៀមជាស្រេច ពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ នៅតាមបណ្ដោយព្រំ​ដែន​ នៃ​ប្រទេសទាំងពីរ ​ដែល​សម​យុទ្ធ​នោះ ​នឹង​ប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ឯកឧត្តម បាន​ថ្លែង​ថា​៖ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមបណ្តោយព្រំ​ដែន និងការស្វែងរកអដ្ឋិធាតុ រួមជា​មួយ​នឹង​ការ​ហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន គឺជាប្រការសំខាន់ចាំបាច់បំផុត ដែលកងទ័ពប្រទេសយើងទាំងពីរ​ត្រូវ​តែផ្ដល់កិច្ចសហការ ជួយគ្នាដូចដែលប្រទេសយើងទាំងពីរធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀង​របស់​ក្រសួង​ការ​ពារ​ប្រទេស​ នៃ​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ 


     ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យថ្នាក់ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ​ ពិសេស​កងយោធ​ពល​ខេម​រភូមិន្ទ​ បាន​សំ​ដែងនូវ​ការ​ស្វាគមន៍​ នឹង​បាន​ថ្លែងអំណរគុណ​ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខផងដែរ របស់​ថ្នាក់​ដឹក​នាំក្រសួងការពារប្រទេស ហ្នឹងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដល់ថ្នាក់ដឹកនាំកង​ទ័ព​កម្ពុជា​។ ជា​មួយ​នេះ ​ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងកងទ័ពទាំងពីរកន្លងមក ដែលទំនាក់ទំនងទាំងនោះ បាន​នាំមក​នូវ​ផល​ប្រយោជន៍​ ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលកំពុងតែរស់នៅតាមព្រំ​ដែន។ ចំពោះការ​រៀប​ចំ​សមយុទ្ធ​ សង្គ្រោះ ពេលមានគ្រោះមហន្តរាយ ឯកឧត្តម អគ្គមេបញ្ជាការ បានមានប្រសាសន៍ថា៖ នេះជា​កា​រ​អនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ​ នៅ​ពេលដែលមានគ្រោះមហន្តរាយ ជាពិសេស​នៅ​ពេលដែលមានភ្លើងឆេះព្រៃ និងមានខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ឯកឧត្តម បន្តថា៖ ភ្លើងឆេះព្រៃ ​វា​មិន​ស្គាល់​ព្រំ​ដែន​ទេ ​ដូច្នេះការអនុវត្តសមយុទ្ធនេះ ត្រូវតម្រូវអោយកងទ័ពកម្ពុជា ​អាច​ចូលទៅក្នុងទឹក​ដី​វៀត​ណាម​ ហើយ​កងទ័ពវៀតណាម ក៍​អាច​ចូលមកក្នុងទឹកដីកម្ពុជា​ តាមបណ្ដោយព្រំ​ដែន​ ដែល​មាន​បញ្ហាទាំងនោះ ។ ដើម្បីជៀសវាងដល់ការយល់ច្រឡំ និងអោយមានការយល់ដឹងទូលំទូលាយផងនោះ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្តល់អនុសាសន៍ថា៖ ឲ្យមានសកម្មភាពមនុស្សធម៌ ​ជាមួយគ្នា​ក្នុង​សម​យុទ្ធ​នោះ ​គឺភា​គីកម្ពុជា​ អាច​ចូល​ទៅ​ជួយ​សង្គ្រោះ​ ព្យាបាល​ប្រជាជន​វៀត​ណាម​ ហើយ​ភាគី​វៀតណាម​ អាចចូលមកជួយសង្គ្រោះ និងជួយព្យាបាលប្រ​ជា​ជន​កម្ពុជា​ ដើម្បីត្រៀមនៅពេលមានគ្រោះមហន្តរាយ​ ហើយក៏អាចជំរុញឲ្យមាន កម្មវិធីដូចជាកីឡា សិល្បៈរួមគ្នា​ផង​ដែរ​។​ សំខាន់ជាងនេះទៀតធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ធ្វើ​យ៉ាងណាឲ្យប្រជាជនទាំងពីរប្រទេស អាចប្រកបអាជីវកម្មតាមព្រំ​ដែន​បាន​ដោយ​ងាយ​ស្រួ​ល។​ ឯកឧត្តម វង្ស ពិសេន ក៏បានសម្ដែងនូវអំណរគុណផងដែរ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលរហូត​មក​ តែងតែបានផ្តល់ការគាំទ្រទាំងស្មារតី សម្ភារៈ ចំពោះគោលនយោបាយដឹកនាំប្រទេស របស់ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា ពិសេសបានផ្ដល់នូវកិច្ចសហការដ៏ល្អ ក្នុងការផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងការចូលរួម​ទប់​ស្កាត់​ រាល់បទល្មើសឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀនឆ្លង​ដែន​ ពិសេស​ក្នុងពេលកន្លងមកបានផ្ដល់នូវកិច្ចគាំទ្រសហប្រតិបត្តិការ ពិសេស​ក្នុងការមិនផ្ដល់ទឹកដី និងអនុញ្ញាត​ឲ្យ​ដល់​ក្រុមប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រឆាំង នឹងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា​កន្លង​ម​ក ក្នុង​ការបង្កភាពវឹកវរ ចលាចល នាំនូវគ្រោះមហន្តរាយ នៅភ្លើងសង្គ្រាម ដើម្បីប្រឆាំងជា​មួយ​នឹង​កម្ពុជា​។

     តាមរយៈនៃដំណើរទៅទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង រួមនឹងសមាជិកប្រតិភូនៅលើទឹកដីកម្ពុជាលើនេះ ឯកឧត្តម វង្ស ពិសេន បានស្មើដល់ឯកឧត្តម អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឲ្យបន្តជួយបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ដល់​កង​យោធពលខេមរភូមិន្ទបន្តទៀត និងជួយផ្ដល់នៃការសាងសង់អាគារសាលប្រជុំមួយកន្លែង​ ដែលអាចចំណុះមនុស្សបានចំនួន ៥០០ នាក់ នៅក្នុងអគ្គបញ្ជាការដ្ឋាន រួមនឹងការកសាងនូវសំណង់និមិត្ត​រូប​ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ នៅតាមបណ្ដាខេត្តជាប់ព្រំ​ដែនផងដែរ។ ជា​ការ​ឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង បានទទួលយក នូវរាល់សំណើរបស់ភាគីអគ្គ​មេ​បញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ក្នុង​ការ​ពិនិត្យ នឹងផ្តល់លទ្ធភាព ដោះស្រាយជូនដល់ភាគីមិត្ត នៅពេលដែលឯកឧត្តម និង គណ:ប្រតិភូ និវត្តន៍​ទៅ​ដល់​ប្រទេសវៀតណាមវិញ។​ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឱ្យដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូយោធាជាន់ខ្ពស់ ​អគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម នៅលើទឹកដីកម្ពុជា ទទួលបាន​ជោគ​ជ័យ​ សុវត្ថិភាព និងសុខភាពល្អ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ