ព័ត៌មាន

កិច្ច​​ប្រជុំ​​ប្តូរ​​វេ​ន​​ប្រចាំ​ឆ្នាំ​ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ងារ​គ្រប់​គ្រង​ និង​ការ​ពារ​ព្រំ​ដែន​ឆ្នាំ​២០១៩​-​២០២០ ​កម្ពុជា-វៀតណាម
នាយកដ្ឋានព័ត៌មាន(៣)
114
1279 កិច្ច​​ប្រជុំ​​ប្តូរ​​វេ​ន​​ប្រចាំ​ឆ្នាំ​ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ងារ​គ្រប់​គ្រង​ និង​ការ​ពារ​ព្រំ​ដែន​ឆ្នាំ​២០១៩​-​២០២០ ​កម្ពុជា-វៀតណាម

    គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេម​រ​ភូមិន្ទ​ ចូល​រួម​កិច្ច​ប្រជុំ​ប្តូរ​វេន​ប្រចាំ​ឆ្នាំ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ងារ​គ្រប់​គ្រង​ និង​ការ​ពារ​ព្រំ​ដែន​ឆ្នាំ​២០១៩​-​២០២០ ​ជា​មួយនឹ​ង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ក្រសួង​ការ​ពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គម​និយ​មវៀត​ណាម ​នៅ​រដ្ឋធានី​ហា​ណូយ។​

   នៅ​ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​ការ​ងារ​ នៅ​រដ្ឋ​ធានី​ហាណូយ ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែតុ​លា ​ឆ្នាំ​២០១៩​ គណៈ​ប្រតិភូកង​ទ័ព​ជើង​គោក ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ដឹក​នាំ​ដោយ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពលខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចូល​រួម​កិច្ច​ប្រជុំ​ប្តូរ​វេន​ប្រចាំ​ឆ្នាំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ងារ​គ្រប់​គ្រង ​និង​ការ​ការ​ពារ​ព្រំ​ដែន​ឆ្នាំ​២០១៩​-​២០២០​ ជា​មួយនឹង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​។ ក្នុ​ង​នោះភាគី​ទាំង​ពីរ​បាន​ធ្វើការ​ពិនិត្យ​ ពិភាក្សា​ បូក​សរុបលទ្ធផលកិច្ចសហប្រតិបត្តិការលើ​ការ​ងារ​គ្រប់គ្រង និងការការពារព្រំ​ដែន​ ក្នុងឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបាន​ចូល​រួមចំ​ណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាម​បណ្តោយព្រំ​ដែន ដែលអំណោយផលដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទៅវិញទៅមក និងបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ជីវភាពរស់នៅ​របស់ប្រជាជន នៃប្រទេសទាំងពីរ ធានាបាននូវភាពសុខសាន្ត និងឱកាសក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់គ្នា។ លទ្ធផលទាំងនេះ ​គឺ​ផ្លែផ្កានៃកិច្ចសហប្រតិបត្តិជិតស្និទ្ធ រវាងបញ្ជាការការ​ដ្ឋាន​កងទ័​ព​ជើង​គោក ​នៃ​កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំ​ដែន​វៀត​ណាម​  ដោយ​ឈរ​លើ​ស្មារតីមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ដោយមានការគាំទ្ររបស់ក្រសួង​ការ​ពារ​ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម​ ក៏​ដូចជាការចូលរួមរបស់ប្រជាជន នៃប្រទេសទាំងពីរ។

     សម្រាប់ទិសដៅឆ្នាំ​២០១៩-២០២០ ​ខាងមុខ ​ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត លើការងារគ្រប់គ្រង និងការពារព្រំ​ដែន ដោយផ្អែក​លើ​យន្តកា​រ និង​ក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ និងការងារហ្វឹកហ្វឹនបណ្តុះបណ្តាលធនធានមនុស្ស។ នៅចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី និងការជូនវត្ថុអនុស្សា​វ​រីយ៍​គ្នា​ទៅ​វិញទៅ​មក​ ក្នុងបរិយាកាស​សប្បាយ​រីក​រាយ​ ស្និទ្ធ​ស្នាល​ និង​ស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ