ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​តុលា ​និង​ទិស​ដៅ​​ខែ​វិច្ឆិកា​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
226
1277 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​តុលា ​និង​ទិស​ដៅ​​ខែ​វិច្ឆិកា​ ក្រសួង​ការ​ពារ​ជាតិ​

    នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកស​រុប​ការងារ​ខែតុលា និងលើក​ទិស​ដៅ​សំរាប់អនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព ឯ.ឧ​ នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការ​ពារ​ជាតិ​។ 

    ឯកឧត្តម ឧត្តមសេនីយឯក ចាន់ សារ៉ាង អគ្គលេខាធិការរង ក្រសួងការពារជាតិ បានអានរបាយការណ៍ បូក​សរុប​ការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ និង​បានបង្ហាញពីសភាពការណ៍វិវត្តន៍​រីក​ចំរើនថ្មីៗ​​ ក្នុងខែ​តុលា កន្លងមក ដែលបានកើតឡើងនូវព្រឹត្តិ​ការណ៏ ​ពិធី​បុណ្យ​ជាតិ​ និងអន្តរជាតិ។​ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផលការងារ​ នៃ​កិច្ចការពារ សន្តិសុខ ​ស្ថិរភាព ​សណ្តាប់ធ្នាប់ សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិត​ខំ​ពុះ​ពារ​ សំរេច​បាន​នៅក្នុង​រយៈពេល១​ខែ ​កន្លងទៅក្រោមកិច្ចសហការជាមួយកំលាំង​មានសមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងភារកិច្ចការពារ​ជាតិ​។ ចំ​ណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទវិញ នៅក្នុង​រយៈ​ពេល​១​ខែតុលានេះ របាយការណ៍បានបញ្ជាក់ថា៖​ បានបន្តការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តា​សាលា ​និង​កង​ឯកភាព​នានា នៅទូទាំងប្រទេសផងដែរ។ ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹង ​និង​ការ​ពារ​ នៅ​តាមបណ្តោយព្រំ​ដែន ​និង​បណ្តា​កោះមួយ​ចំនួន ​ព្រមទាំងមានកិច្ចសហប្រតិបត្តិការ ល្អ​ជា​មួយ​ប្រទេសជិតខាង។ យើងបានម្ចាស់ការ និងសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថ​កិច្ច​​គ្រប់​ជាន់​ថ្នាក់ ​ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ ឃុំ មានសុវត្តិភាព។ សំរាប់​ទិស​ដៅ​អនុវត្តបន្តនៅខែ​វិច្ឆិកា របាយការណ៍បានដាក់ចេញនូវទិសដៅ អោយគ្រប់បណ្តាអង្គភាព កង​យោធ​​ពល​ខេមរភូមិន្ទ បន្តអនុវត្តផែនការ​កែ​ទំរង់​កងយោធពលខេមរភូមិន្ទ ​បន្តពង្រឹងប្រៀបការពារជាតិ​ នៅ​​តាម​ព្រំ​ដែន​ ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព ​ជូនប្រជា​ពលរដ្ឋតាមមូលដ្ឋាន អោយបាន​ល្អប្រសើរ និង​ត្រូវ​ប្រឆាំង​រាល់​ឧបាយកល​ ដែលមានបំណង​រំលំ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់។

    ក្នុង​ឱកាស​នោះ ​ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ព្រមទាំង​សមា​ជិក​អង្គប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សាលើខ្លឹមសារ​របាយការណ៍ បូកសរុបការងារ​ខែ​តុលា ​និង​លើក​ទិស​ដៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​ បន្ថែម​ទៀត ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ