ព័ត៌មាន

កិច្ចប្រជុំនាយ​ទាហានជាន់ខ្ពស់ទ្វេភាគីកម្ពុជា-ថៃ លើកទី៤ នៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា
នាយកដ្ឋានព័ត៌មាន(៣)
158
1275 កិច្ចប្រជុំនាយ​ទាហានជាន់ខ្ពស់ទ្វេភាគីកម្ពុជា-ថៃ លើកទី៤ នៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា

    នាយ​ទាហាន​ជាន់​ខ្ពស់​ ក្រុមការងារ​ប្រតិបត្តិការចម្រុះ ទ្វេភាគីកម្ពុជា-ថៃ ​បានជួបជុំគ្នា ដើម្បីបើកកិច្ចប្រជុំនាយ​ទាហានជាន់ខ្ពស់ទ្វេភាគីកម្ពុជា-ថៃ លើកទី៤ របស់ខ្លួន ដើម្បីពិភាក្សា ត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសាររបាយការណ៍ នៃកិច្ចប្រជុំទ្វេភាគីឆ្នាំមុនៗ ពីសកម្មភាព និងការអនុវត្តកិច្ចសហប្រតិបត្តិការរួម រវាងកងទ័ពប្រទេស​ទាំង​ពីរ​កន្លង​មក ​ដែល​សម្រេចបាន ហើយក៍នឹងពិនិត្យមើលផងដែរ ចំពោះភាពវិជ្ជមាន និងអវិជ្ជមាន​ នៅចំនុចខ្លះ ដែលពុំទាន់បានធ្វើ និងចំណុចខ្លះ ដែលបានធ្វើទទួលជោគជ័យកន្លងមក ដើម្បីរៀប​ចំ​ចង​ក្រងជាកំណត់ត្រា របាយការណ៍ និងដាក់ទិសដៅអនុវត្តបន្ត សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើផែនការ​ ៥ឆ្នាំខាងមុខទៀត ឲ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅឯសណ្ឋាគារ អង្គរសេនជូរី នាក្រុង និងខេត្តសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ទើបបញ្ចប់។

ឧត្តម​សេនីយ៍ទោ វ៉ាន់ សុផាន់ណា នាយរងលេខាធិការដ្ឋាន​សេនាធិការ​ចម្រុះ​ នៃកងយោធពលខេមរភូមិន្ទ​ ជាប្រធាន​ នៃកិច្ចប្រជុំភាគីកម្ពុជា និងឧត្តមសេនីយ៍​ឯក​ ធីតធីឆៃ ​ធានថង ​(Thitichai Tiantong)​ នាយក​ប្រតិបត្តិការ​ចម្រុះកងទ័ពភូមិន្ទថៃ ជាប្រធាន​ នៃកិច្ចប្រជុំភាគីថៃ


    ក្នុងពិធីបើកកិច្ចប្រជុំនាពេលនោះ ​គេសង្កេតឃើញវត្តមានភាគី​កងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តម​សេនីយ៍ទោ វ៉ាន់ សុផាន់ណា នាយរងលេខាធិការដ្ឋាន​សេនាធិការ​ចម្រុះ​ នៃកងយោធពលខេមរភូមិន្ទ​ ជាប្រធាន​ នៃកិច្ចប្រជុំភាគីកម្ពុជា រួមនឹងអនុប្រធាន សមាជិកមកពីអង្គភាពតំណាងឱ្យ ស្ថាប័នអគ្គមេបញ្ជាការ និងសេនាធិការចម្រុះ ស្ថាប័នតំណាងឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កង​រាជអាវុធហត្ថលើផ្ទៃប្រទេស ទីចាត់ការព្រំដែន ទីចាត់ការកលយុទ្ធ និងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័នចំណុះឲ្យក្រសួងការពារជាតិ ​និងអគ្គមេបញ្ជាការជាច្រើនរូប។ ដោយឡែក​ភាគីកងទ័ព​ភូមិន្ទថៃ ​ដឹកនាំដោយ ឧត្តមសេនីយ៍​ឯក​ ធីតធីឆៃ ​ធានថង ​(Thitichai Tiantong)​ នាយក​ប្រតិបត្តិការ​ចម្រុះកងទ័ពភូមិន្ទថៃ ​រួម​នឹង​អនុប្រធាន​ សមាជិក នៃកិច្ចប្រជុំ មកពីស្ថាប័នតំណាងឲ្យកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស​ និងនាយទាហានមកពីស្ថាប័នពាក់ព័ន្ធរបស់កងទ័ពភូមិន្ទថៃ ជាច្រើនរូបផងដែរ។

   សូមបញ្ជាក់ថា៖​ កិច្ចប្រជុំនាយទាហានជាន់ខ្ពស់ប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ឬថៃ-កម្ពុជា​នេះ មាន​អត្ថន័យ​សំខាន់​ណាស់​ សម្រាប់កងទ័ពប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក តាម​រយៈ​នៃកិច្ចប្រជុំនេះ​ កងទ័ពប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំជាច្រើនលើក ក្នុងរយៈពេលឆ្នាំកន្លងមក ដែលរួមមាន៖ កិច្ចប្រជុំលើកទី១, កិច្ចប្រជុំលើកទី២, និងលើកទី៣ បានរៀបចំប្រជុំឆ្លាស់គ្នានៅប្រទេសថៃ និងនៅ​ប្រទេស​កម្ពុជា ​ពិសេស​កិច្ចប្រជុំលើកទី៣ នៅទីក្រុងបាងកក ភាគីទាំងពីរ បានឯកភាពគ្នាលើចំណុចមួយចំនួន ​ដែលភាគីទាំងពីរបានអនុវត្ត និងសម្រេចបានលទ្ធផលជាផ្លែផ្កា និងទទួលបានផលប្រយោជន៍រួមពីគ្នាទៅ​វិញ​ទៅមក។ យោងតាមកិច្ចសហប្រតិបត្តិការនេះ បានធ្វើឲ្យកងទ័ពប្រទេសទាំងពីរ មានការយោគយល់គ្នា មាន​ទំនាក់ទំនងកាន់តែជិតស្និទ្ធគ្រប់ថ្នាក់ជាមួយគ្នា ក្នុងនោះមានការផ្លាស់ប្ដូរទស្សនកិច្ច ពីគ្នាទៅវិញទៅមក ការ​ចាត់​បញ្ជូនប្រតិភូទៅ​ចូល​រួម​កិច្ចប្រជុំផ្សេងៗ​ជា​ច្រើន​លើក​ ដែល​ភាគីទាំងពីរទទួលបានផលប្រយោជន៍រួមគ្នា លើការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់ប្រជាជនរស់នៅ តាម​បណ្ដោយព្រំ​ដែនប្រទេសទាំងពីរ ​ពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងផ្ដួលរំលំ ឬការបង្កវិនាសកម្មគ្រប់បែប​យ៉ាង​មកលើប្រទេសជិតខាង។ ជាក់ស្ដែងថ្មីៗកន្លងមកនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ​កងយោធពលខេមរភូមិន្ទ​ ពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមប្រធាននៃកិច្ចប្រជុំភាគីកម្ពុជា បានថ្លែងនូវអំណរគុណ ដល់រាជរដ្ឋាភិបាល និងកងទ័ពភូមិន្ទថៃ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ មិនឲ្យក្រុមប្រឆាំងកម្ពុជា ប្រើប្រាស់ទឹកដីថៃ ក្នុងការបង្កភាពវឹកវរ ចលាចលដល់កម្ពុជា  ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ